ភ្នំឧត្តុង្គ ភូមិសាស្រ្តខេត្តកណ្តាល



ភ្នំឧត្តុង្គស្ថិតក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាព្ញ។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧត្តុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ ដើម្បីទៅដល់ពីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥"ភ្នំពេញ_បាត់ដំបង" លុះដល់គីឡូម៉ែត្រលេខ៣៧ មានផ្លូវលំបែកចូលខាងឆ្វេងដៃចំងាយ ៣.៥គ.ម។ ចំងាយសរុបពីភ្នំពេញដល់ភ្នំគឺ ៤០.៥គ.ម បើគិតពីតាខ្មៅវិញមានចំងាយ ៥១.៥០គ.ម។ នៅជើងមានតូបស្បូវលក់ចំណីអាហារជាច្រើន។
ឧត្តុង្គជាខ្សែភ្នំមួយដែលលាតសន្ធឹងពីជើងទៅត្បូងប្រវែង ១៥០០ម៉ែត្រ និងទទឹង ៧០០ម៉ែត្រ។ ខ្សែភ្នំអដ្ឋរស្សនេះមានកំពូលភ្នំ៥គឺ កំពូលភ្នំចេតីយ៍ទន្ទឹម កំពូលភ្នំត្រៃត្រឹង កំពូលភ្នំចេតីយ៍កំពូលបួន ព្រះអង្គចូលព្តះនិពាន្ត និងកំពូលភ្នំអរិយ្យកាប្បស។ ភ្នំនេះមានផ្លូវព័ទ្ធជុំវិញដែលក្នុងនោះរួមមានផ្លូវលំមួយខាងកើត និងផ្លូវលំមួយខាងលិច នៅខាងជើងភ្នំមានភូមិភ្នំ ខាងត្បូងមានភូមិពោរ៉ានេ។
ភ្នំមានរាងដូចជាសត្វនាគ។ នៅលើកំពូលភ្នំមានចេតីយ៍របស់អតីតព្រះមហាក្សត្ររួមមាន ព្រះបាទអង្គឌួង និងព្រះមុនីវង្សជាដើម។ ចេតីយ៍មួយទៀត នៅលើចុងនៃកំពូលដែលទើបតែបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០០២ គឺដាក់តំកល់សិរីរធាតុនៃព្រះសម្មាសម្ពុទ្ធ។ សិរីរធាតុនោះពីមុនតំកល់ពៅចេតីយ៍ខាងមុខស្ថានីយរាជាយស្ម័យយានៅភ្នំពេញ និងបានព្រះករុណាសម្តេចសីហនុ និងព្រះអគ្គមហេសី ដង្ហែមកតំកល់នៅទីនេះនៅខែធ្មូឆ្នាំ ២០០២។
នៅទីនេះភ្ញៀវទេសចរអាចសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា ព្រោះទីនោះធ្លាប់ជារាជវាំងនៅអំឡុងឆ្នាំ ១៦១៨ និង១៨៦៦។ លើសពីនេះទៅទៀត នៅលើភ្នំនេះ ក៏មាននៅសល់សំណង់ព្រះវិហារមួយដ៏ធំសម្បើមគឺព្រះវិហារ អដ្ឋរស្ស។ ព្រះវិហារនេះបានទទួលរងនូវលារបំផ្លិតបំផ្លាញយ៉ាហដំណំក្នុងអំឡុងសង្គ្រាមសុីវិលនៅក្នុងប្រទេសក្នុងទសវត្សរ៍ទី៧០។ នៅក្នុងព្រះវិហារនេះ មានពុទ្ធដិមា ទំហំ១៨ហត្ថ។ បច្ចុប្បន្ន ព្រះវិហារនោះ នៅសល់តែសរសរធំៗ ៨ រីឯដំបូលវិញត្រូវបានបំផ្លាញនៅក្នុងសម័យខ្មែរក្រហមឆ្នាំ ១៩៧៧។
ទោះបីជាមានសង្គ្រាមបានបំផ្លិចបំផ្លាញយ៉ាងណាក៏ដោយ ភ្នំឧត្តុង្គនៅមានសម្រស់ធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាល និងជំនោរខ្យល់បរិសុទ្ធ ដែលអាចទាក់ទាញភ្ញៀវទេសចបានយ៉ាងច្រើន៕ (ដោយ កែវ ភួង)

