អ្នករៀបចំផែនការនិងអ្នកអនុវត្តជាក់ស្តែង ជួបជុំគ្នាចែករំលែកចំណេះដឹង

K
![5A32D6B4-27E9-4282-B029-2B9AFC6AFE43.jpeg](https://serey.io/imageupload_data/fc559e7ec6f6740c2d44d80a06c9ec1601f130a7) អ្នករៀបចំផែនការនិងអ្នកអនុវត្តជាក់ស្តែង ជួបជុំគ្នាចែករំលែកចំណេះដឹងដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុរបស់សហគមន៍មូលដ្ឋាន ខេត្តសៀមរាប៖ អ្នករៀបចំផែនការនិងអ្នកអនុវត្តជាក់ស្តែង ដែលរួមមាន តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរវិស័យថ្នាក់ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យសិក្សាធិការ និងវិស័យឯកជន សរុបប្រមាណ១៧០នាក់ ដែលកំពុងរៀបចំផែនការ និងអនុវត្តសកម្មភាពបន្សុំានិងការកាត់បន្ថយការ​ប្រែប្រួលអាកាសធាតុនៅថ្នាក់សហគមន៍មូលដ្ឋាន បានចូលរួមសិក្ខាសាលារយៈពេល២ថ្ងៃ ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងភាពធន់នឹងអាកាសធាតុរបស់សហគមន៍មូលដ្ឋាននៅកម្ពុជា ចាប់ពីថ្ងៃចន្ទ ៥កើត អង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាឱកាសរៀនសូត្រពីគ្នាទៅវិញទៅមកពីមេរៀនបទពិសោធន៍ និងភាពប្រឈមក្នុងការពង្រឹងភាពធន់នឹងអាកាសធាតុនៅតាមសហគមន៍ ក៏ដូចជាស្វែងរកវិធីសាស្រ្តបង្កើនប្រសិទ្ធភាពឆ្លើយតបឱ្យកាន់តែប្រសើរឡើង។ នៅក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានចាត់ទុកថា ការប្រែប្រួលអាកាសធាតុជាកត្តាប៉ះពាល់ដល់ការអភិវឌ្ឍដោយចីរភាព កិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវចែករំលែកចំណេះដឹង និងបទពិសោធទាំងល្អ និងអាក្រក់នូវអ្វីដែលអនុវត្តបាននិងមិនបាន និងអ្វីដែលគួរជៀសវាង ដើម្បីជាប្រយោជន៍គាំទ្រកម្ពុជាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឆ្ពោះទៅរកសង្គមមួយដែលបៃតង បញ្ចេញកាបូនតិច ធន់នឹងអាកាសធាតុ មានសមធម៌ និងភាពសុខដុមរវាងការរស់នៅរបស់មនុស្ស និងបរិស្ថាន។ ថ្លែងក្នុងពិធីនេះផងដែរ ឯកឧត្តម នី គឹមសាន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានគម្រោងនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបញ្ជាក់ថាការប្រែប្រួលអាកាសធាតុជាការគម្រាមកំហែងចម្បងមួយនាពេលបច្ចុប្បន្ននិងអនាគតដល់ការអភិវឌ្ឍ ជាពិសេសសម្រាប់ប្រទេសក្រីក្រដែលសេដ្ឋកិច្ចពឹងផ្អែកលើ វិស័យកសិកម្ម ដូចជាកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមស្នើឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធជួយតម្រង់ទិសក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ការអនុវត្តគម្រោង និងការកសាងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុ។ ប្រធានបទសំខាន់ៗបានកំពុងលើកមកចែករំលែកនិងពិភាក្សារួមមាន៖ ១)វិធីសាស្រ្តពង្រឹងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុនិងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ(DRR) ទៅក្នុងការធ្វើផែនការថ្នាក់ក្រោមជាតិ, ២)ឧបករណ៍សម្របសម្រួលការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងDRR នៅថ្នាក់ក្រោមជាតិ, ៣)កិច្ចផ្តួចផ្តើមប្រកបដោយជោគជ័យទៅលើការពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន៖ បទពិសោធន៍ទទួលបានពីអ្នកអនុវត្តផ្សេងៗគ្នា, និង៤)ការស្វែងយល់អំពីគម្លាតដែលនៅតែមាន និងរបៀបសម្របសម្រួលនិងពង្រីកវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងDRR ពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន។ សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា(CCCA) និងកម្មវិធីយុទ្ធសាស្ត្រសម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) និងគម្រោងកាត់បន្ថយភាពងាយរងគ្រោះនៃជីវិតរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងអនុវត្តសកម្មភាពអាទិភាព (SRL)។ សិក្ខាសាលាចែករំលែកចំណេះដឹងបែបនេះ ប្រារព្ធឡើងជារៀងរាល់ឆ្នាំជាមួយនឹងប្រធានបទផ្សេងៗ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង៕ ក្រសួងបរិស្ថាន