ពិធីសម្ភោធបើកលក់សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី លើផ្ទៃដីប្រមាណ៦ហិចតា




កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ មានពិធីសម្ភោធបើកលក់ផ្ទះល្វែង ឈិន សេង និងផ្សារត្រាំខ្នារថ្មី ដែលមានអ្នកមុខ អ្នកការ មន្ត្រីរាជការថ្នាក់ខេត្ត ស្រុក ឃុំ ប្រជាពលរដ្ឋ អាជីវករ រួមទាំងនាយកក្រុមហ៊ុនសាងសង់ ផ្ទៃដីផ្សារ និងផ្ទះល្វែងសរុប០៦ហិកតា ដែលសរុបទឹកប្រាក់ប្រមាណ2លានដុល្លាអាមេរិក ស្ថិតនៅភូមិក្របីត្រាំ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត។
បន្ទាប់គណៈអធិបតីថ្លែងបើកពិធីរួចមក លោកនាយកក្រុមហ៊ុនលើកឡើងថា «គម្រោងខាងលើនេះ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋយើង ដែលនៅជុំវិញនេះ សូម្បីតែបងប្អូនយើងដែលគ្មានចំណេះជំនាញ ក៏មានការងារធ្វើរកប្រាក់ចំណូលចូលផ្ទះបានដែរ តាមរយៈការងារផ្សេងៗ រួមទាំងផ្នែកអនាម័យជាដើម»។ សូមបញ្ជាក់ថា សំណង់ផ្ទះល្វែង និងផ្សារត្រាំខ្នារថ្មី មានទាំងផ្ទះ និងផ្សារ មានហេដ្ឋារចនាសម្ព័ន្ធដ៏ល្អតាមបែបទំនើបកម្មជាច្រើនយ៉ាងពិសេស គឺរស់នៅដោយសុខដុមរមនា ។ គម្រោងនេះប្រើរយៈពេលសាងសង់ប្រហែល៤ឆ្នាំ ចំពោះផ្ទះល្វែងមានពីគម្រោង ដោយគម្រោងទី១ មានផ្ទះល្វែងចំនួន ២៥៣ល្វែង រីឯផ្សារត្រាំខ្នារថ្មីនេះវិញ ចែកចេញជាពីរប្រភេទ គឺផ្សារស្ងួត និងផ្សារត្រី ក្នុងនោះ ផ្សារស្ងួតមានចំនួន ១៩៧តូប ហើយមកទល់នឹងពេលនេះ លក់ដាច់អស់ប្រហែល៨០% មុនថ្ងៃបើកសម្ពោធការលក់ជាផ្លូវការនេះ ហើយផ្សារត្រីមានចំនួន២១៤តូប លក់ដាច់៣០% ។អាជីវកម្មនេះ គឺកើតចេញពីការវិនិយោគ ក្នុងស្រុក១០០% ពោល គឺពុំមានវិនិយោគបរទេសចូលរួមជាមួយទេ»។

