រដ្ឋមន្ត្រីទេសចរណ៍ ប្រកាសក្រុមជំនាញទាំង៥ ដើម្បីជួយដល់ការគ្រប់គ្រង នៅខេត្តព្រះសីហនុ

K
![4ECACF97-8B24-4362-A4CC-AEBD691AAF4D.jpeg](https://serey.io/imageupload_data/30ce1267f3f918fac4892c3448bb873fecf8f227) ![F15200A4-F728-46A4-AEAC-96F37F210CF6.jpeg](https://serey.io/imageupload_data/2feb956f913fe7eddefd510225687b8f08e3d36d) ![43ABCADA-ADE3-48EA-944F-716F8CDEE18D.jpeg](https://serey.io/imageupload_data/288986c013c5b01102ba1d706106d507fbcd8670) (ព្រះសីហនុ)៖ ដើម្បីពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ក្រុងព្រះសីហនុ កោះរ៉ុង និងកោះរ៉ុងសន្លឹម នៅខេត្តព្រះសីហនុ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសសមាសភាពក្រុមការងារទាំង៥ក្រុម ក្នុងពិធីផ្សព្វផ្សាយប្រកាសស្ដីពី «ការបង្កើតក្រុមការងារជំនាញដើម្បីជួយពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ» ដែលធ្វើឡើងនៅសណ្ឋាគារឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្រុមការងារទាំង៥នោះរួមមាន៖ ១. ក្រុមការងារជំរុញចលនាទីក្រុងស្អាត ២. ក្រុមការងារពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ( រួមទាំងការពង្រឹងគុណភាពសេវាកម្ម​ ដើម្បីទទួលទេសចរចិន China Ready Accreditation System) ៣. ក្រុមការងារពង្រឹងការគ្រប់គ្រងឆ្នេរ ៤. ក្រុមការងារជំរុញបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ៥. ក្រុមការងារពិនិត្យ និងរៀបចំកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។ ពាក់ព័ន្ធនឹងតួនាទីការងាររបស់ក្រុមការងារខាងលើ លោករដ្ឋមន្ត្រីបានណែនាំនូវកាងារជាក់ស្តែងមួយចំនួនបន្ថែមទៀត ដូចជាការតុបតែងលម្អសំណង់អគារ កន្លែងទទួលភ្ញៀវជាដើម ត្រូវរំលេចនូវរចនាប័ទ្មខ្មែរឱ្យបានច្រើន និងត្រូវយកចិត្តទុកដាក់លើការលើកស្លាកយីហោនៅតាមមូលដ្ឋានអាជីវកម្មទាំងអស់ ពោលរាល់មូលដ្ឋានអាជីវកម្មទាំងអស់ត្រូវដាក់អក្សរខ្មែរ (ភាសាជាតិ) ឱ្យបានធំៗនៅផ្នែកខាងលើ ចំណែកផ្នែកខាងក្រោមអក្សរខ្មែរ ត្រូវដាក់អក្សរអង់គ្លេស (ភាសាសកល) ហើយនៅផ្នែកខាងក្រោមអក្សរអង់គ្លេស ត្រូវដាក់អក្សរណាក៏បានទៅតាមបំណងរបស់ម្ចាស់អាជីវកម្ម ដូចជាអក្សចិន បារាំង ជប៉ុន កូរ៉េ ថៃជាដើម ហើយទំហំអក្សរនៅជួរទី២ និងជួរទី៣នេះ ត្រូវមានទំហំតូចជាងអក្សរខ្មែរពាក់កណ្ដាល។ ចំពោះអត្ថន័យនៃឈ្មោះហាងនេះទៀតសោត លោករដ្ឋមន្ត្រីក៏បានណែនាំដែរថា មិនត្រូវឱ្យប៉ះពាល់ដល់សីលធម៌សង្គមកម្ពុជា ឬមិនសមរម្យណាមួយឡើយ។ ចំពោះការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យបន្តខិតខំបណ្ដុះបណ្ដាលធនធានមនុស្សឱ្យបានច្រើន ពីព្រោះកម្ពុជាមិនមែនជាប្រទេសដែលខ្វះការងារធ្វើនោះទេ តែជាប្រទេសដែលខ្វះបុគ្គលិកជំនាញធ្វើការ ពិសេសគឺក្នុងវិស័យសំណង់​ និងវិស័យទេសចរណ៍នេះតែម្ដង ដែលកំពុងមានភាពរីកចម្រើន និងត្រូវការបុគ្គលិកជំនាញជាច្រើន សម្រាប់ធ្វើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដូច្នេះយើងត្រូវបង្កើតសាលាបណ្តុះបណ្តាលសាលាវិជ្ជាជីវៈជំនាញទេសចរណ៍ឱ្យបានច្រើនបន្ថែមមុខវិជ្ជាជំនាញ និងកៀរគរយុវជនឱ្យចូលសិក្សាជំនាញនានា ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានច្រើន។​ ខិតខំបណ្តុះបណ្តាលកម្មវីធីសិក្សានៅនឹងកន្លែងផងធ្វើការផង។ល។ លោកបានកំណត់ថា ក្រុមការងារទាំង៥ខាងលើ ត្រូវជួបប្រជុំរៀងរាល់ខែជាមួយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មទេសចរណ៍ ដើម្បីបូកសរុបវាយតម្លៃការងាររបស់ខ្លួន និងលើកទិសដៅអភិវឌ្ឍន៍បន្ត ហើយរៀងរាល់៣ខែម្តងលោករដ្ឋមន្ត្រីនឹងដឹកនាំប្រជុំស្តាប់របាយគារណ៍ លទ្ធផលរបស់ក្រុមការងារទាំង៥ ហើយរាល់អង្គប្រជុំទាំងអស់ គប្បីអញ្ជើញម្ចាស់អាជីវកម្មទេសចរណ៍នានា ពិសេសម្ចាស់ចូលរួមឱ្យបានច្រើន​ និងមានការៀបចំបកប្រែជាភាសាជូនពួកគេ ដើម្បីឱ្យពួកគាត់យល់បាន និងទទួលបាននូវការផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ និតីវិធីច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា និងការងារពាក់ព័ន្ធជាច្រើនទៀត។ លោករដ្ឋមន្ត្រីបានប្ដេជ្ញាថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ នឹងខិតខំធ្វើឱ្យគោលដៅទេសចរណ៍ដ៏សំខាន់មួយនេះ មួយនេះ មានសេវាកម្មប្រកបដោយ គុណភាព អនាម័យ និងភាពទាក់ទាញ ពោលគឺក្រសួងនៅតែខិតខំសហការគ្នាជាមួយផ្នែកពាក់ព័ន្ធ​ និងផ្នែកឯកជនជាដៃគូរ ដើម្បីកែលម្អការខ្វះខាត និងខិតខំប្រឹងអភិវឌ្ឍន៍បន្តទៅមុខទៀត ប៉ុន្តែត្រូវមានការចូលរួមពីសំណាក់រដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋជាចាំបាច់ផងដែរ។ លោករដ្ឋមន្ត្រីបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបង្កើតសាខាសមាគមសណ្ឋាគារ សាខាសមាគមភោជនីយដ្ឋាន សាខាសមាគមឧស្សាហកម្មទេសចរណ៍នានា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការណែនាំនូវការងារពាក់ព័ន្ធនានា ពិសេសការងារពង្រឹង គុណភាព សេវាកម្ម ព្រមទាំងការអុវត្តច្បាប់នានាឱ្យមានប្រសិទ្ធភាព។ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានបញ្ជាក់នូវការឯកភាពទទួលយកអនុសាសន៍ និងការចង្អុលបង្ហាញរបស់លោករដ្ឋមន្ត្រី ថោង ខុន ទៅអនុវត្តឱ្យបានល្អប្រសើរ ដើម្បីបម្រើដល់ការងារអភិវឌ្ឍន័វិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ និងទទូចឱ្យមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវរួមសហការគ្នាដោះស្រាយបញ្ហាពាក់ព័ន្ធឱ្យមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋ និងម្ចាស់មូលដ្ឋានអាជីវកម្មនានា សូមចូលរួមសហការអនុវត្តនីតិវិធី លិខិតបទដ្ឋានគតិយុត្ត ក៏ដូចជាបទបញ្ជានានា ក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ដើម្បីរួមគ្នាអភិវឌ្ឍខេត្តព្រះសីហនុឱ្យកាន់តែមានភាពទាក់ទាញ៕ ដោយ Fresh News