ពិចារណាទាំងអស់គ្នា «សំរាម» គឺជាបញ្ហាផ្តាច់មុខរបស់ប្រជាជនឬក៏ជាបញ្ហាយន្តការប្រមូលសំរាម?



ពិចារណាទាំងអស់គ្នា៖ «សំរាម» គឺជាបញ្ហាផ្តាច់មុខរបស់ប្រជាជន ឬក៏ជាបញ្ហាយន្តការប្រមូលសំរាម?
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានប្រកាសថា ពីមួយឆ្នាំទៅមួយឆ្នាំ សំរាម នៅក្នុងប្រទេសកម្ពុជា មានការកើនឡើងប្រមាណ ១០% ក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០១៧ តាមការប៉ាន់ប្រមាណ នៅទូទាំងប្រទេសកម្ពុជា បរិមាណសំរាម សំណល់រឹង នៅទីប្រជុំជន មានប្រហែលជាង ៣,៦៥ លានតោន ពោលគឺមានប្រមាណជាង ១ម៉ឺនតោន ក្នុងមួយថ្ងៃ ដែលនៅក្នុងនោះ នៅរាជធានីភ្នំពេញ មានប្រមាណជិត ៣ពាន់តោន ក្នុងមួយថ្ងៃ នៅក្រុងសៀមរាប មានសំរាម ប្រមាណជិត ៣៥០ ទៅ ៤០០ តោន នៅក្នុងមួយថ្ងៃ និងនៅក្រុងព្រះសីហនុ មានប្រមាណពី ៦០០ ទៅ ៦៥០ តោន នៅក្នុងមួយថ្ងៃ។
ក្រសួងបរិស្ថាន ក៏បានប្រកាសឲ្យដឹងទៀតថា បរិមាណសំណល់រឹង សំរាមប្រហែល ៤១% គឺចំនួន ១,៥ លានតោន ក្នុងមួយឆ្នាំនៃបរិមាណ សំណល់សរុប ត្រូវបានប្រមូលយកទៅដាក់នៅទីលាន។ ប្រហែល ១១% គឺស្មើ ៤០ម៉ឺនតោន ក្នុងមួយឆ្នាំ ត្រូវបានប្រមូលទិញសម្រាប់ធ្វើការកែច្នៃ។ ប្រមាណជា ៤៨% ត្រូវបានដុត ឬបោះចោលតាមទីសាធារណៈ និងបោះទៅក្នុងប្រភពទឹកនានា។
ជាមួយគ្នានេះ មន្ត្រីក្រសួងបរិស្ថាន ក៏បានថ្លែងថា៖ «ការគ្រប់គ្រងសំណល់រឹង សំរាម គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីចូលរួមថែរក្សាសោភ័ណភាព និងលើកតម្កើងសុខុមាលភាពសាធារណៈ»។
ជាការពិត បញ្ហាសំរាម ត្រូវមានការចូលរួមទាំងអស់គ្នាការរស់នៅស្អាត បរិស្ថានល្អ និងសោភ័ណ្ឌភាពសហគមន៍របស់យើង។ បញ្ហាសំរាម នៅតាមជនបទជារឿងមួយ ហើយបញ្ហាសំរាមនៅទីប្រជុំជន និងទីក្រុង គឺជារឿងយន្តការ។
ក្នុងនោះ ទី១-តួនាទីរបស់ប្រជាជន ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងទី២-ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឲ្យទៀងទាត់ពេលវេលារៀងរាល់ថ្ងៃ ទី៣-រដ្ឋ ត្រូវតាមដានសកម្មភាពរបស់ក្រុមហ៊ុនប្រមូលសំរាម ត្រូវឲ្យមានប្រសិទ្ធភាព។
នៅក្នុងរាជធានីភ្នំពេញ គួរតែឲ្យមានក្រុមហ៊ុនឯកជនយ៉ាងច្រើន ដើម្បីវិនិយោគ លើការប្រមូលសំរាម។ នៅតាមខេត្ត ក៏ដូចគ្នា ក្នុង ១ខេត្ត គួរតែមានក្រុមហ៊ុន ២ ឬ ៣ ដើម្បីវិនិយោគលើការប្រមូលសំរាម។ តែយើងសព្វថ្ងៃ ក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាម ផ្តាច់មុខតែឯង នៅភ្នំពេញ។ តែបើសិនជាមានក្រុមហ៊ុនប្រជែង នោះនឹងមានប្រសិទ្ធភាពក្នុងការប្រមូលសំរាមជាងនេះ។
យើងកុំបន្ទោសប្រជាជន! បញ្ហាសំរាម ជាបញ្ហាយន្តការនៃការប្រមូល សំអាត និងដឹកជញ្ជូនសំរាម។ ប្រជាជនចូលរួមរួចហើយ គឺគ្រប់ផ្ទះ មានកាតព្វកិច្ចបង់លុយរាល់ខែ ជូនក្រុមហ៊ុនប្រមូលសំរាម ដែលមួយផ្ទះ ធម្មតាបង់លុយ ចាប់ពី ១ដុល្លារ រាល់ខែ។ អីចឹង បើគិតលេងៗ នៅភ្នំពេញ បើសិនជាមានផ្ទះត្រឹមតែជាង ១លានខ្នងផ្ទះ នោះ១ខែៗ ក្រុមហ៊ុនស៊ីនទ្រី ទទួលបានចំណូលមិនតិចជាង ១លានដុល្លារទេ។
មួយវិញទៀត ក្រៅពីសួនសាធារណៈ តើនៅកន្លែងសាធារណៈណាទៀត មានធុងសំរាម ដែលជាការវិនិយោគរបស់ក្រុមហ៊ុនប្រមូលសំរាម ដូចជា នៅតាមចំណតរថយន្តក្រុង និងតាមផ្លូវ តាមទីប្រជុំជនជាដើម។ សព្វថ្ងៃ ក្រុមហ៊ុនប្រមូលសំរាម យកតែលុយ ដល់ពេលមកប្រមូលសំរាម មិនទៀងទាត់ សំរាមនៅគរតាមផ្លូវ មុខផ្ទះ ឆ្កែហែក អ្នករើសអេតចាយ កាយ នាំឲ្យសំរាមនៅពាសវាលពាសកាល អត់សណ្តាប់ធ្នាប់ ស្អុយរលួយក៏មាន។
ជាធម្មតាទេ ប្រទេសណាក៏ដោយ នៅពេលរីកចម្រើន សំរាមក៏កើនឡើងតាមនឹងដែរ។ ប៉ុន្តែយន្តការឆ្លើយតបដោះស្រាយទេ ដែលជាបញ្ហា ត្រូវគិតគូ។ គិតគូនោះ គឺយន្តការសម្រាប់ក្រុមហ៊ុនប្រមូលសំរាម ព្រោះប្រជាជនបានបង់ពន្ធ បង់លុយរាល់ខែ លើសេវាប្រមូលសំរាម ដែលក្នុង ១ផ្ទះៗ តិចបំផុត ១ដុល្លារ។ ដូច្នេះរដ្ឋ តាមរយៈសាលារាជធានីភ្នំពេញ និងសាលាខេត្ត ត្រូវពង្រឹងយន្តការប្រមូលសំរាម ដោយកម្រិតឲ្យច្បាស់ជាមួយក្រុមហ៊ុនប្រមូលសំរាម ត្រូវតែដាក់កម្លាំងប្រមូលសំរាមទៀងទាត់រាល់ថ្ងៃ ហើយក្រុមហ៊ុន ដែលទទួលសិទ្ធិលើការប្រមូលសំរាមទៀតសោត ត្រូវវិនិយោគលើធុងសំរាមបន្ថែមទៀត នៅតាមទីសាធារណៈ៕ (Swift News)

