ចិត្តល្អវាមិនមែនជាអំពើទេ តែវាជាការកែលំអការរស់នៅ ! ។
ឥរិយាបទបីយ៉ាងដែលយើងអាចជួយខ្លួនឯងបាន អាចធ្វើគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា៖
១- ការពិនិត្យខ្យល់ដង្ហើមៈ គឺជាការបង្វែរការគិត ឬ ជាការសម្រាកចិត្តក្នុងការគិតពីរឿងខាងក្រៅ វាជាការសម្រាកចិត្តដ៏អស្ចារ្យ តែជាការហ្វឹកហាត់ឲ្យកើតសតិដ៏ខ្លាំងក្លា ព្រោះបានជំនះការគិតរាយមាយ។
២- រកមើលខ្លួនឯងក្នុងខ្លួនឯងៈគឺជាការបង្ខិតសតិបន្តិចម្តងៗដើម្បីត្រួតពិនិត្យរាងកាយ ពាក្យបូរាណខ្មែរហៅថា ការប្រមូលធាតុ ! រាងកាយរបស់អ្នកត្រូវបានអ្នកត្រួតពិនិត្យកាន់កាប់ ដោយការចំរើនសតិ។វាមានប្រយោជន៍ជួយកាត់បន្ថយការឈឺចាប់បានមួយចំនួន។ពេលអ្នកចុកជើង អ្នកគិតតែទទួលវេទនារម្មណ៍ពីការឈឺចុកចាប់ ប៉ុន្តែបើអ្នកបែរជាយកសតិតាមពិនិត្យ(គ្រាន់តែពិនិត្យមើលដោយមិនលំអៀងមករកការឈឺចាប់) មើលរបៀបវាឈឺ វារាលទៅណា អាំងតង់សីុតេវាដូចម្តេច? ពេលនោះអ្នកអាចបាត់ការឈឺពឺតចុកចាប់បាន។
៣- ការចាំសង្កេតអ្វីៗប៉ះពីខាងក្រៅមកលើសរីរាង្កវិញ្ញាណរបស់អ្នកៈពាក្យបូរាណខ្មែរហៅថា ពិនិត្យឈានផស្សៈ ឧ សម្លេងចូលកាន់គន្លងសោតៈបសាទ សោតៈវិញ្ញាណបានកើតឡើង ទទួលដឹងថាសម្លេងហើយរលត់អស់ទៅ ! ក្លិនក្តី រសក្តី ការប៉ះពាល់សម្ផស្សកាយក្តី គ្រាន់តែពិនិត្យ អ្នកនឹងឃើញសភាវៈកើតរលត់ៗ ធម្មជាតិនេះមានតែការកើតរលត់ៗ មិនមានអមតៈភាព អ្នកនឹងស្បើយការប្រកាន់គ្រប់យ៉ាង ចិត្តអ្នកក៏ស្ងប់ ! ការបានឃើញច្បាស់យ៉ាងនេះហៅថាបានកើតញាណមួយឈ្មោះ ឧទយព្វយញាណ(ឃើញរបស់សព្វយ៉ាងកើតរលត់ មិនតាំងនៅក្នុងសភាពដើម)។វិធីបីយ៉ាងនេះនឹងជួយអ្នកមិនឲ្យលិចលង់ក្នុងរលកនៃលោកនេះ !
Comments