
តំណាងអ្នករៀបចំបាតុកម្មនៅប្រទេសកូរ៉េអះអាងថា មានពលរដ្ឋខ្មែរជិតប្រាំពាន់នាក់ បាននាំគ្នាប្រមូលផ្តុំធ្វើបាតុកម្មនៅថ្ងៃទី២៤ ខែមិថុនានេះ ប្រកាសមិនទទួលស្គាល់ការបោះឆ្នោត និងទាមទារជប៉ុនផ្ដាច់ជំនួយការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចយល់ថា ជប៉ុនមិនស្ដាប់ការទាមទាររបស់ក្រុមបាតុករនោះទេ។
ក្រុមបាតុករបានឈរទាំងកណ្ដាលថ្ងៃលើកទង់ជាតិប្រទេសកម្ពុជា កូរ៉េ ជប៉ុន ទង់គណបក្សសង្គ្រោះជាតិរូបព្រះអាទិត្យរះ និងលើកបដារូបលោក កឹម សុខា។
ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ទាមទារឲ្យរដ្ឋាភិបាលកូរ៉េ កុំទទួលស្គាល់ដំណើរការបោះឆ្នោតដែលពួកគេចាត់ទុកថា ជាការបោះឆ្នោតបែបក្លែងក្លាយ និងបោកប្រាស់នោះ ក៏បានយកញត្តិទៅដាក់នៅស្ថានទូតជប៉ុន ដើម្បីឲ្យជប៉ុនដកខ្លួនចេញពីការបោះឆ្នោតនៅកម្ពុជា ក្នុងនោះក៏មានសារទាមទារឲ្យដោះលែងលោក កឹម សុខា ផងដែរ។ «»
បាតុករម្នាក់ដែលចូលរួមបាតុកម្ម និយាយថា របបលោក ហ៊ុន សែន នឹងដួលរលំ បើពលរដ្ឋមិនទៅបោះឆ្នោត។ បាតុកររូបនេះ យល់ថា ការបោះឆ្នោតថ្ងៃទី២៩ កក្កដា ខាងមុខដែលគ្មានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតគឺជាការបោះឆ្នោតក្លែងក្លាយ និងជាការបំផ្លាញលុយជាតិ។ «»

នៅពេលក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាដើរដង្ហែក្បួន ទៅដាក់ញតិ្តនៅស្ថានទូតជប៉ុនប្រចាំប្រទេសកូរ៉េ ទាមទារឲ្យប្រទេសជប៉ុនដកខ្លួនឲ្យឆ្ងាយពី ការជួយជ្រោមជ្រែងដល់ដំណើរការបោះឆ្នោត។ បាតុកម្មនោះក៏មានចូលរួមពីអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន។ ក្រុមបាតុករក៏មិនភ្លេចស្រែកប្រាប់ទៅលោក ហ៊ុន សែន ឲ្យចុះចេញពីអំណាច។ «»
នៅពេលក្បួនបាតុកម្មបានដង្ហែទៅដល់មុខស្ថានទូតជប៉ុន អ្នកដឹកនាំបាតុកម្មម្នាក់គឺ លោក យឹម ស៊ីណន ឡើងថ្លែងការណ៍ស្ដីពីខ្លឹមសារញត្តិរបស់បាតុករដោយស្នើទៅរដ្ឋាភិបាលជប៉ុន ធ្វើជាមិត្តរបស់កម្ពុជាដកខ្លួនចេញពីការបោះឆ្នោត។ ក្រៅពីនេះ ក្រុមបាតុករ ស្នើទៅសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មទៅរបបលោក ហ៊ុន សែន ជាបន្តទៀត។ «»
ចំណុចសំខាន់មួយទៀតនៃការទាមទាររបស់បាតុករ គឺអំពាវនាវទៅប្រទេសមហាអំណាច និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធានាឲ្យកម្ពុជាអនុវត្តបានឲ្យពេញលេញនូវរបបលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិ និងបង្ការមិនឲ្យរបបផ្ដាច់ការវិលត្រឡប់មកវិញ។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកក្រុមបាតុករខ្មែរនៅក្រៅប្រទេស គឺក្រុមដើរឆ្កឹះឆ្កៀលបង្កបញ្ហា ប៉ុន្តែ លោកយល់ថា ប្រទេសជប៉ុន នឹងមិនស្ដាប់ការទាមទារនេះទេ។ អ្នកនាំពាក្យរូបនេះ យល់ថា ការទាមទារណាមួយរបស់ពលរដ្ឋខ្មែរនៅក្រៅស្រុក គឺជាសិទ្ធិរបស់ពួកគេដែលកំណត់ដោយច្បាប់ក្នុងប្រទេសពួកគេរស់នៅ។ «»របបលោក ហ៊ុន សែន នឹងរៀបចំការបោះឆ្នោតដ៏ចម្រូងចម្រាសនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។ ប៉ុន្តែ ការបោះឆ្នោតដែលត្រូវបានរបបលោក ហ៊ុន សែន រំលាយដៃគូប្រកូតប្រជែងតែមួយគត់ខ្លួនគឺគណបក្សសង្គ្រោះជាតិ ដែលមានកៅអីជិតពាក់កណ្ដាលនៅរដ្ឋសភា ត្រូវសហគមន៍អន្តរជាតិព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ។ នៅពេលនេះ ពលរដ្ឋខ្មែរនៅក្រៅស្រុកនាំគ្នាតវ៉ាតាមប្រទេសរបស់ពួកគេរស់នៅរៀងៗខ្លួនប្រឆាំងការបោះឆ្នោតដែលពួកគេចាត់ការបោះឆ្នោតក្លែងក្លាយ និងទាមទារឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតនោះ។
ពលរដ្ឋខ្មែរក្រៅស្រុកព្រមានថា ពួកនឹងរួមគ្នាធ្វើបាតុកម្មដ៏ធំមួយ មុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងចំថ្ងៃបោះឆ្នោតថ្ងៃទី២៩ កក្កដា ប្រឆាំងដាច់ខាតការបោះឆ្នោតដែលរបបលោក ហ៊ុន សែន រៀបចំ៕

