រាត្រីដល់ព្រឺព្រួច វគ្គបញ្ចប់
http://i66.tinypic.com/2zy8mps.jpg
ពេលដែលព្រះសង្ឃរាជឃើញអញ្ចឹង ក៏លាន់មាត់ថា អីយ៉ា! អាខ្មោចនេះលងដល់អញទៀតហើយតើ រួចព្រះអង្គក៏សូត្របាលីដេញខ្មោចអេចអូចៗ 《ឥតិបិសោ ភគវា មហាតេជ្ជំ ពុទ្ធគុណ មហាតេជ្ជំ ធម្មគុណំ មហាតេជ្ជំ សង្ឃគុណំ មហាតេជ្ជំ នមោ មអ ឧ សិទ្ធិ នមោពុទ្ធាយ ស្វាហា ម អ ឧ សិទ្ធិ មនោ ធម្មាយ ស្វាហាយ ម អ ឧ សទ្ធិ នមោសង្ឃាយ ស្វាហាយ ម អ ឧ សិទ្ធិ ឥតិបិសោ ភគវា នមិស្សិត្វា》(អ្នកសរសេរអោយបាលីដេញខ្មោច ខំទន្ទេញអោយចាំអោយលែងខ្លាចខ្មោច តែបើខ្មោចមិនរត់ទេដោះស្រាយខ្លួនឯងម៉ាគ្រាទៅ ប្រើក្បាច់ម៉ែចែកអោយរត់កាន់តែលឿនរឹតតែល្អ) ដល់សូត្របាន៣ចប់អាខ្មោចនោះក៏វិនាសអន្តធានអស់រលីងទៅហោង។ ឯតាក៏ដកដង្ហើមផ្តឹកៗ ព្រះអង្គក៏ជួយគ្រាយកទៅវត្ត ក្រោយពីរឹតខ្យល់អស់ចិត្តមកតាក៏ដឹងខ្លួនបើកភ្នែកស្រែកមួយលើកទៀត។
ជួយផង ជួយផង ជួយផង ខ្មោចលងខ្ញុំ ព្រះអង្គក៏ប្រាប់ថា អាត្មាទេកុំភ័យ។ បន្ទាប់មកទើបគាត់ដឹងថាលោកសង្ឃជួយ។ ព្រះសង្ឃក៏មានពុទ្ធដីការថាហេតុដូចម្តេចបានតាហ៊ានបរទេះម្នាក់ឯងកាត់ព្រៃថ្កាប? ព្រៃនេះជាព្រៃខ្មោចទេ គ្មានអ្នកណាហ៊ានដើរកាត់ម្នាក់ឯងពេលយប់ឡើយ តាក៏ឆ្លើយថា ខ្ញុំករុណាមិនបានដឹងទេ បើដឹងក៏មិនហ៊ានបរកាត់ផ្លូវនេះដែល។ ក្រោយពីអោយតាសំរាកស្រួលបួលហើយ លោកគ្រូសង្ឃរាជក៏មានពុទ្ធដីកាប្រាប់លោកនេននិងកូនសិស្សថា: កាលលោកគ្រូធំនៅមានព្រះជន្ននៅឡើយ លោកមានចិញ្ចឹមសត្វដំរីដល់ធំ១ ដំរីនោះកាចណាស់តែមិនស្រួលដេញព្រេចមនុស្សមិនមើលម៉ោងទេ។ លោកគ្រូតែងតែប្រើទ្រមាក់យកដំរីនោះទៅចងអោយស៊ីស្មៅនៅព្រៃថ្កាប លុះពេលល្ងាចទើបទៅដឹកវាយកមកវត្តវិញ ដំរីនោះតែងតែស៊ីស្មៅឮសូរប្រិចប្រោកៗជារៀងរាល់ថ្ងៃ។ ល្ងាចមួយលោកគ្រូធំបានចាត់អោយខ្ញុំកូណាទៅសូត្រមន្តទៅផ្ទះគេឯកើត ដល់យប់មើលគ្នាមិនស្គាល់ទើបត្រលប់មកកុដិវិញ លុះដើរមកដល់ព្រៃដែលខ្មោចលងតាម៉ិញហ្នឹង ស្រាប់តែឮសូរប្រិចប្រោកៗ ខ្ញុំកូណាងាកមើលស្តាំដៃឃើញដំរី ចេះតែឆ្ងល់ ម៉ិចទ្រមាក់ដំរីក្រយកដំរីទៅទុកម៉េស ហើយក៏ដើរទៅមុខទៀត ស្រាប់តែឮសំលេងកាន់តែខ្លាំងឡើងៗ ដល់ងាកមើលម្តងទៀតទៅស្រាប់តែឃើញ ដំរីនោះធំឡើងៗ ឃើញដូច្នេះ ខ្ញុំកូណាខំរត់នោះរត់ គ្មានងាកក្រោយ។ ទៅដល់វត្តស្រាប់តែសល់តែហង្សាក់ ចីវរមិនដឹងជ្រុះនៅកន្លែងណា បាត់អស់រលីង។ តាំងពីថ្ងៃនោះមក ខ្ញុំកូណាមិនដែលហ៊ានដើរទៅណា តែម្នាក់ឯងទេ។
ម្តងនោះខ្មោចដដែលនិងលងចឹក លីមនិងចឹក ស៊ុយម្តង។ ចិនទាំង២នាក់នេះ ជាអ្នករែកសាលាដយកទៅលក់នៅផ្សាត្រាំខ្នារ។ ដោយខ្លាចលក់សាលាដមិនទាន់គេ ចិនទាំង២តែងរែកសាលាដទាំងក្បាលល្ងាច។ ថ្ងៃមួយនៅពេលដែលចឹកលីម និង ចឹកស៊ុយរែកសាលាដមកដល់សាលាឆទានចម្ងាយប្រហែល២០០ម ពីកន្លែងខ្មោចលង ថ្ងៃរៀបលិចទៅហើយ។ ដោយផ្លូវនៅឆ្ងាយពេកពួកគាត់ក៏សំរេចចិត្តសំរាកនៅសាលាឆទាននោះទៅ ទំរាំព្រឹកសឹមធ្វើដំណើរទៅមុខទៀត ពេលមាន់រងាវក៏នាំគ្នាងើបតែនៅងងុយស្ងាបហ៊មៗ ចឹកលីមក៏សួរទៅចឹកស៊ុយថា មួយឡងនេះ ម៉ិចក៏ឆាប់ផាលឺម្លេះ? ឃាមក៏មិនយល់ដែល ចឹកស៊ុយឆ្លើយ។ ស្រាប់តែខ្យល់បកមកវ៉ូៗហើយធ្លាក់ភ្លៀងមកដែល។ ទោះភ្លៀងក៏ចឹកទាំង២រែកសាលាដទៅលក់ដែល លុះដើរបានបន្តិចស្រាប់តែភ្លៀងកាន់តែខ្លាំងដូចគេហែកមេឃ។ ទឹកភ្លៀងលិចឡើងត្រឹមជង្គង់ លុះបានបន្តិចទឹកឡើងខ្លាំងឡើងដល់ត្រឹមចង្ការ ចិនឃើញដូច្នេះក៏នាំគ្នាហែលទឹកមកសាលាវិញ គាត់ប្រឹងហែលមួយសន្ទុះក៏ភ្លៀងនៅមិនព្រមរាំង បន្តិចមកស្រាប់តែឮមាន់រងាវ គាត់ចេះតែឆ្ងល់ម៉ិចមាន់រងាវដល់ទៅ២ចឹង លុះមាន់ឈប់រងាវស្រាប់តែភ្លឺស្រាងៗឯកើត អ្នកបរទេះគោម្នាក់មកដល់សាលានោះ ហើយឆ្ងល់និងចិនទា���ង២នោះចេះតែហែលគោកក៏ស្រែកសួរ។ ចឹកឯងមកហែលគោកអីនៅលើខ្សាច់ចឹង ចិនទាំង២ងាកមករកម្ចាស់សំនួរហើយងាកទៅវិញស្រាប់តែបាត់ភ្លៀងឃើញផ្លូវផុសៗ ក្រលេកមើលដើមទ្រូងខ្លួនចេញឈាមរ៉ុយៗ រួចមកអង្គុយដង្ហក់ដូចសត្វគោព្រោះហត់និងហែលគោក១ម៉ោង២មកហើយ។ លុះអង្គុយបានបន្តិចទើបចិននោះដឹងថាខ្មោចលងធ្វើជាមាន់រងាវនិងទឹកភ្លៀងលិចអោយគាត់ហែលវិះនិង តេនស៊្រុយ។
ចំណែករឿងមួយទៀតមានតាំងពីយូរយារណាស់មកហើយ តាំងពីលោកទើបមកសង់វត្តនិងម៉េស។ ខ្មោចនោះមិនមែនចង់លងទេ វាចង់ធ្វើបុណ្យព្រោះជាខ្មោចស្រឡាញ់បុណ្យទានមិនដឹង។ ថ្ងៃមួយខ្មោចទាំងនោះមកនិមន្តព្រះសង្ឃទៅធ្វើបុណ្យនៅផ្ទះរបស់ខ្លួន លុះនិមន្តទៅដល់ផ្ទះរបស់ខ្មោចព្រះសង្ឃចេះតែឆ្ងល់ថា កន្លែងនេះកាលពីដើមដូចជាព្រៃឫស្សីទេ ចុះម្តងនេះមានទាំងផ្ទះសម្បែងនិងមនុស្សនៅពាសពេញអញ្ចឹង? នៅពេលព្រះសង្ឃសំរួលឥរិយាបទស្រួលបួលហើយ ស្រាប់តែម្ចាស់ផ្ទះសំណូមពរកុំអោយលោកសង្ឃសូត្រធម៌ ករណី លោកសង្ឃក៏នឹកឆ្ងល់និងការសុំនេះដែល តែលោកមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាន។
ធម៌ករណីជាបាលីដេញខ្មោច ធម៌នេះលោកសង្ឃតែងបង្រៀនសិស្សអោយចេះចាំគ្រប់គ្នា ដើម្បីកុំអោយខ្លាចខ្មោច។ ព្រះសង្ឃក៏ចាប់សូត្រធម៌ឡើង.....លោកខំសូត្រច្រើនមេណាស់ ព្រោះឃើញម្ហូបច្រើន សូត្រចុះឡើងលោកភ្លេចខ្លួនក៏សូត្រធម៌ករណីឡើង ព្រោះភ្លេចសំណូមពរម្ចាស់ផ្ទះ។ ឮធម៌ករណី ស្រាប់តែពួកឧបាសកបាត់ម្តងមួយៗ គួរអោយចម្លែកពេកហោង លុះចប់ធម៌ករណីភ្លាម មនុស្សបាត់អស់រលីង ចំណែកឯផ្ទះក៏វិនាសអន្តធានទៅ ឯព្រៃឫស្សីក៏លេចចេញមកវិញដដែល។ ឯលោកសង្ឃត្រលប់ជាជាប់លើគុម្ពឫស្សីរកតែចុះមកវិញមិនរួច ព្រោះព្រៃឫស្សីនោះវាក្រាស់ពេក អ្នកធ្វើដំណើរតាមផ្លូវ ឃើញលោក៣~៤អង្គជាប់នៅលើគុម្ពឫស្សី ក៏តាំងនាំគ្នាផ្អើលថាខ្មោចលងទៅវិញ។ លុះពិនិត្យយូរៗទៅទើបដឹងថាព្រះសង្ឃពិតប្រាកដមែន អ្នកស្រុកនាំគ្នាកាប់ឆ្ការព្រៃឫស្សីមួយព្រឹកធំ ទើបអាចចូលយកព្រះសង្ឃបាន។ ហើយរឿងខ្មោចក៏សន្មត់ថាចប់ត្រឹមនេះដែល ទំរាំតែស្តាប់អ៊ុំនិយាយរឿងខ្មោចចប់ខ្ញុំព្រឺរោមប្រឹងតាមសាច់រឿងឡើងរួញអស់ហើយ។

