យប់នេះផ្ញើរការនឹករលឹកដល់សម្លាញ់ @chanthasambb
https://s15.postimg.cc/ywenfj03f/2018-06-28_21.23.45.png
យប់នេះពេលរាំងភ្លៀងហើយខែរះពេញវង់ស្អាតណាស់ព្រោះចំថ្ងៃសីល ខ្ញុំក៏នឹកឃើញដល់រឿងព្រះអង្គខ្មៅ។ នៅវត្តកណ្តាល មានព្រះមួយអង្គដែលសាងអំពីថ្មសំរិទ្ធពណ៌ខ្មៅ។ ព្រះអង្គខ្មៅបើតាមចាស់ៗនិយាយគឺពូកែសម្បើមណាស់ ហើយអ្នកនៅកំពង់ចាមទាំងមូលតិចណាស់ដែលមិនស្គាល់ព្រះអង្គខ្មៅ។ អ្នកណាឈឺតែងនាំគ្នាទៅបន់ព្រះអង្គខ្មៅ ដូចជាគេទៅបន់ព្រះអង្គដងកើអញ្ចឹងដែរ។ មិនមែនតែអ្នកកោះសំរោងប៉ុណ្ណោះទេ ដែលទៅបន់ព្រះអង្គខ្មៅ មានមនុស្សមកពីក្រៅច្រើនណាស់ដែលស្វែងទៅរកព្រះអង្គ។
ព្រះអង្គខ្មៅនេះ លោកគ្រូសង្ឃរាជដំកល់នៅក្នុងទូរចាក់សោយ៉ាងជិតបំផុត។ នៅពេលកណ្តាលអធ្រាត្រ ព្រះសង្ឃដែលសឹងនៅក្បែរទូរនោះ តែងតែឮសូរទូររបើកឯងឮសូរក្រឹត រួចហើយក៏ស្រាប់តែបាត់ព្រះអង្គខ្មៅតែម្តង។ ដល់ភ្លឺឡើងទើបគេឃើញព្រះអង្គខ្មៅគង់នៅក្នុងទូរដដែល។ ចំណែកទ្វាទូរនៅតែជិតដដែលគ្មានឃើញរបើកឡើយ។ លោកគ្រូសង្ឃរាជមានពុទ្ធដីកាប្រាប់ឧបាសកជើងវត្តថា 《 រឿងហ្នឹងពិតមែន ព្រោះឲតែកណ្តាលយប់ស្ងាត់បាត់ព្រះអង្គខ្មៅពីក្នុងទូរហើយ។ បើតាមអាត្មាដឹង ព្រះអង្គលោកនិមន្តទៅមើលជំងឺអ្នកដែលមកបន់ស្រន់ពីថ្ងៃ ឫក៏អ្នកណាមានទុក្ខភ័យ ហើយនឹកដល់ព្រះនាមរបស់ព្រះអង្គ 》។
និយាយអញ្ចឹងទៅយើងដូចជាមិនជឿ តែគេសង្កេតឃើញថា ឲតែអ្នកណាទៅបន់ព្រះអង្គខ្មៅ អ្នកនោះច្រើនតែកបតាមសេចក្តីប្រាថ្នារបស់ខ្លួនមែន។
នៅលើកោះសំរោងទាំងមូលមានតែវត្តមួយនេះទេ ដែលមានកន្លែងកប់ខ្មោច ព្រោះវត្តនេះមានទំហំធំណាស់ អ្នកណាស្លាប់ក៏យកមកកប់នៅវត្តនេះដែរ។ បើគេដើរទៅក្បែរវត្តកណ្តាល មុនដំបូងគេឃើញដើមជ្រៃនិងដើមគគីរធំៗ។ នៅក្រោមដើមឈើនោះ គេឃើញសុទ្ធតែផ្នូរខ្មោចរាប់រយពាន់ ព្រោះតាំងពីកើតវត្តនេះភ្លាមមក អ្នកស្លាប់ទាំងប៉ុន្មានយកទៅកប់នៅទីនោះទាំងអស់។
អ្នកខ្លះជីកផ្នូរទៅជាន់និងផ្នូរចាស់ផង។ ចំពោះរឿងកប់ខ្មោចនេះ ខ្មែរយើងមិនដូចសាសន៌បារាំង ឫអាមេរិចកាំងទេ។ បើកប់ខ្មោចរួចហើយគេគ្រាន់តែបោះបង្គោលឫក៏យកដុំថ្មទៅដំកល់ទុកចំណាំតែប៉ុណ្ណោះ គ្មានសរសេរឈ្មោះនៅលើបង្គោលសំរាប់ចំណាំឡើយ។ ម៉្លោះហើយអ្នកណាម្នាក់ចង់ទៅរកលើកខ្មោចឪពុកឫម្តាយរបស់ខ្លួន ត្រូវចំណាយពេលបួនដប់ថ្ងៃទើបរកឃើញ ហើយរកនោះទៀត ក៏បែបដូចជាមិនច្បាស់ផង ព្រោះមនុស្សស្លាប់រាប់ឆ្នាំទៅហើយ ជួនកាលផ្នូរនោះរាបស្មើរលើដី ដល់ជីកទៅឃើញឆ្អឹងរឺដុំថ្មអ្វីមួយដែលខ្លួនដាក់ចំណាំកាលពីកប់ខ្មោច ក៏សន្មត់ថាខ្មោចរបស់ឪពុកឫម្តាយខ្លួន។ ចំនួនផ្នូរដែលកប់នៅព្រះអង្គខ្មៅនោះ បើនិយាយឲមែនទែនទៅ មិនចាញ់ចំនួនផ្នូរខ្មោចទាហ៊ានបារាំងដែលគេកប់នៅស្រុកបារាំងកាលជំនាន់សង្រ្គាមលោកលើកទីពីរទេ។
វត្តកណ្តាលនេះ ឲតែពេលថ្ងៃត្រង់បណ្តើរកូន ឫក៏ពេលព្រះអាទិត្យរាបលិច គ្មានអ្នកណាម្នាក់ហ៊ានដើរកាត់ទេ លើកលែងតែតាចាស់ម្នាក់ឈ្មោះតាស៊ុម ដែលជាអ្នកកប់ខ្មោចនៅវត្តព្រះអង្គខ្មៅតាំងពីគាត់នៅក្មេងម្លេះ។ បានជាគេមិនហ៊ានដើរកាត់ ព្រោះដោយសារតែខ្មោចលងតែម្តង។ អ្នកដែលមិនជឿថាមានខ្មោចលង ក៏ត្រូវតែជឿ បើកាលណាគេដើរកាត់វត្តនេះនៅពេលថ្ងៃត្រង់ឫក៏ពេលល្ងាចព្រោះវាឃើញស្តែងៗពេកណាស់។ ជួនកាលគេឮមនុស្សហៅ រួចក៏បាត់ទៅវិញ...ជួនកាលគេឮសូរសំលេងបំពេរកូននៅលើដើមពោធិ...ជួនកាលឃើញសត្វរត់។ល។ បើនៅពេលយប់វិញ គេឃើញតែភ្លើងខៀវ ហោះពីដើមឈើមួយទៅដើមឈើមួយ។ មានយប់ខ្លះទៀត គេឮសូរសម្លេងដូចជាមនុស្សច្រើនរយនាក់នាំគ្នាសើចសប្បាយក្អាកក្អាយ។ អ្នកមិនធ្លាប់ទៅកន្លែងហ្នុងច្បាស់ជាយល់ថាសម្លេងសើចនោះរសាត់មកពីភូមិមួយនៅក្បែរៗមិនខាន។ តែផ្ទុយទៅវិញមនុស្សម្នាដេកស្ងាត់ជ្រៀប ជួនកាលគេឮសូរសំលេងថ្ងូរ។
ចំណែកតាស៊ុម ដែលជាអ្នកកប់ខ្មោច គាត់ក៏ថាធ្លាប់ឃើញខ្មោចលងញឹកញាប់ណាស់ដែរ តែគាត់មិនខ្លាច។ នៅពេលឃើញខ្មោចលងម្តងៗ គាត់តែងតែស្រែកទៅឲខ្មោចវិញថា៖ 《 បើខំលងអញ ប្រយ័ត្នអញគាស់ផ្នូរទៅទម្លាក់កណ្តាលទន្លេ លែងឲនៅវត្តវ៉ើយ 》។ កាលណាគាត់និយាយអញ្ចឹងទៅ ខ្មោចនោះក៏អន្តរធានទៅឯង ហើយមិនសូវលងគាត់ទៀតទេ។ គាត់បាននិយាយប្រាប៎គេឯងទៀតថា អាខ្មោចដែលលងគាត់ ច្រើនតែខ្មោចកប់ថ្មីៗ ព្រោះអានេះវាមិនទាន់ស្គាល់គាត់ច្បាស់។ ចំណែកអាខ្មោចចាស់ៗវិញ លែងហ៊ានជាមួយគាត់តែម្តង។
យប់មួយនោះម៉ោងប្រហែលប្រាំបីយប់ គាត់ទើបនិងកប់ខ្មោចរួចព្រោះខ្មោចស្លាប់ច្រើនពេកដោយសារជំងឺអាសន្នរោគ។ គាត់នៅកប់ខ្មោចម្នាក់ឯងគត់ គ្រួសារខ្មោចមិនហ៊ាននៅក្បែរខ្មោចទេ ដោយខ្លាចឆ្លងហើយខ្លាចលងផង ព្រោះកាលនិងឲតែព្រលប់ៗ គេនាំគ្នាបិតទ្វារដុតភ្លើងភ្នក់ខាងក្រៅផ្ទះឲភ្លឺដើម្បីបង្អើលខ្មោចកុំឲចូលក្នុងផ្ទះ រករឿងកាច់គេកាច់ឯងទៅជាមួយខ្លួន។ លុះកប់ខ្មោចរួចហើយ គាត់ក៏លីចបបម្រុងចូលទៅតូបគាត់នៅក្នុងវត្ត។ ស្រាប់តែពេលនោះ គាត់ឃើញមនុស្ស២~៣នាក់នៅឈរពីមុខគាត់ ហើយស្រែករាងគ្រលរៗថា 《 ឈប់សិន! ឈប់សិន! កុំអាលទៅណា ! 》។ មុនដំបូងគាត់ស្មានតែមនុស្សធម្មតា ព្រោះក្រែងលោគ្រួសារខ្មោចខ្លះគេមិនទាន់ទៅផ្ទះ។ តាស៊ុមក៏ឈរទ្រឹងភ្លាម លុះដល់គាត់ក្រឡេកទៅស្តាំដៃគាត់ ស្រាប់តែឃើញមនុស្ស២នាក់ប្រុសមួយស្រីមួយ កំពុងតែយោលទោងលេងនៅក្រោមដើមឈើ។ គាត់ក៏មិនខ្លាច ហើយនឹកក្នុងចិត្តថា ខ្មោចលងហើយតើស !
គាត់ក៏ស្រែកប្រាប់ទៅអ្នកយោលទោងថា 《 មើលហ្អែងធ្វើឲអស់ចិត្តហ្អែងមើល ! 》។
ភ្លាមនោះស្រាប់តែឃើញអ្នកយោលទោង យោលបែរខ្នងមកឲគាត់ មានឡេវអាវធំៗមួយជួរនៅក្រោយខ្នងដូចជាឡេវអាវក្រោយខ្នងរបស់នារីសម័យ។ រួចក៏ត្រលប់មុខមករកគាត់វិញ ឃើញឡេវអាវធំៗមួយជួរទៀត។ រួចទៅស្រាប់តែបើកភ្នែកធំៗប៉ិនគង ខ្លួនកាន់តែខ្ពស់ឡើងៗ សក់អូសដី ថ្ងូរយ៉ាងខ្លាំងថា: 《 ជួយផង ! ជួយផង ! ឈឺណាស់ 》 ។
តាស៊ុមទ្រាំមិនបានក៏កាប់មួយចបសំដៅទៅកន្លែងទោង។ រួចរូបនោះក៏វិនាសទៅហោង 》។

