តែមួយភ្លេតសោះ១៧ឆ្នាំបានកន្លងផុតទៅ..!

អ្វីៗបានកន្លងហួសទៅតាមពេលវេលាយ៉ាងឆាប់រហ័ស បានត្រឹមតែបន្សល់ទុកនៅស្លាកស្នាមក្នុងចិត្តនិងរឿងរ៉ាងដែលបានកន្លងហួសទៅ។
ខ្ញុំនៅតែផ្សងព្រេងនៅលើផ្លូវដល់វែងនេះម្នាក់ឯង សល់តែការតាំងចិត្តនិងពុះពារទៅមុខ ទោះនិងមានរឿងអ្វីកើតឡើងបន្តនៅថ្ងៃស្អែក ហើយនៅថ្ងៃស្អែកមួយទៀតក៏ត្រូវតែត្រៀមខ្លួនទទួលទាំងរឿងមិនល្អនិងរឿងល្អដោយមិនអាចតវ៉ាបាន។ ពេលខ្លះវាហត់នឿយនិងសែនឯកាមិនមានអ្នកណាអាចយល់ មានតែខ្លួនឯងដែលយល់និងដឹងនូវអ្វីដែលបានកើតឡើង នូវអ្វីដែលយើងបានទទួល។ អ្វីដែលហួសទៅវាបានបង្រៀនយើងគ្រប់យ៉ាង។សំរាប់ជីវិតមនុស្សម្នាក់ៗត្រូវចាំថាគ្មានទេការបរាជ័យ អ្វីៗគ្រប់យ៉ាងវាគ្រាន់តែជាបទពិសោធន៌និងជាមេរៀនដែលយើងត្រូវរៀនពីវា កំហុសតែងតែកើតឡើងហើយបានធ្វើឲយើងស្វែងយល់ពីកំហុសខ្លួនឯង នេះហើយជាមេរៀននិងបទពិសោធន៌។ យើងទទួលវាបានកាន់តែច្រើន យើងកាន់តែហាត់ពត់លត់ដុំចិត្តយើងកាន់តែស្ងប់ តែពេលខ្លះវាក៏អាចធ្វើឲយើងភ្លេចខ្លួនយកភាពឆេវឆាវមកបញ្ចេញម្តងកាលដោយមិនបានតាំងចិត្ត។ ត្រូវចាំថាទោះយើងប៉ិនអត់ធ្មត់កំរិតណាក៏ដោយ ក៏យើងអាចភ្លេចខ្លួននិងបង្កើតកំហុសដោយចៀសមិនបាន។
ជីវិតទោះកើតមកក្នុងសភាពជាមនុស្សប្រុសរឺមនុស្សស្រីក៏ដោយ គឺត្រូវហ៊ានប្រឈមនិងស្វែងរកជោគជ័យសំរាប់ខ្លួនយើង។ ទោះពេលនេះមិនមានឱកាស តែយើងក៏មិនអាចដឹងជាមុនថា ជោគជ័យកំពុងរង់ចាំយើងនៅថ្ងៃស្អែក?

