បើមិនស្រលាញ់ កុំឆ្លើយ OK
បើមិនស្រលាញ់ កុំឆ្លើយថា Yes
_______________________________
មិត្តសំឡាញ់ទាំងអស់គ្នា មានរឿងមួយដែលយើងត្រូវតែដាស់ស្មារតីដោយខានមិនបាន នោះគឺ អំនួតស្នេហា។ ចូរកុំយកសម្ផស្សរបស់ខ្លួនទៅបោកប្រាស់អ្នកដទៃ ទាំងដែលខ្លួនមិនស្រលាញ់គេ តែគ្រាន់តែចង់បង្ហាញថា ខ្លួនមានមន្តស្នេហ៍ មានគេស្រលាញ់ច្រើន ព្រោះខ្លួនសង្ហា ឬខ្លួនស្រស់ស្អាត។
ជាមនុស្សប្រុស បើមិនស្រលាញ់គេទេ ចូរកុំទាក់ទង កុំនិយាយ កុំចែចូវ ឬនិយាយចំអកចំអន់ដោយអាការៈណាមួយ ក្នុងន័យស្នេហា ធ្វើឲ្យគេលង់ស្រលាញ់ ហើយបន្ទាប់មក ក៏បោះបង់គេចោលរួចទៅបន្តធ្វើដូច្នេះចំពោះស្ត្រីផ្សេងទៀត។ ឯមនុស្សស្រី បើខ្លួនមិនស្រលាញ់គេទេ ចូរប្រកែកចំពោះគេភ្លាមៗទៅ ចូរកុំផ្តល់ក្តីសង្ឃឹមក្លែងក្លាយឲ្យគេ ហើយហាមដាច់ខាត កុំព្រមស្រលាញ់គេទាំងដែលខ្លួនមិនបានស្រលាញ់គេ ក្នុងបំណងបោកបញ្ឆោតគេប្រើ ឬដើម្បីផលប្រយោជន៍ណាមួយឲសោះ។
ការធ្វើដូច្នេះ វាមិនមែនជាវឌ្ឍនភាពនោះទេ តែវាជាហាយនភាពទៅវិញទេតើ ព្រោះវាបានទៅបំផ្លាញបេះដូងរបស់មនុស្សល្អម្នាក់ ទាំងដែលគេដាក់ចិត្តស្រលាញ់យើង សង្ឃឹមលើយើង ហើយព្រមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង។
នៅពេលថ្ងៃនោះមកដល់ គឺនៅថ្ងៃដែលយើងសារភាពថា យើងមិនស្រលាញ់គេ ឬថ្ងៃដែលយើងទៅទទួលយកមនុស្សថ្មីណាម្នាក់ផ្សេងទៀត ពេលនោះគេនឹងឈឺចាប់ អាចទៅជាសម្លាប់ខ្លួន ឬក៏ចងអាឃាតព្យាបាទចំពោះរូបយើងវិញ ធ្វើឲ្យអន្តរាយទាំងសងខាង ទាំងរូបគេទាំងរូបអ្នក។ តើអ្នកពិតជាសប្បាយចិត្ត និងមានមោទនភាពណាស់ទៅឬ? នៅពេលដែលបានធ្វើបាបបេះដូងនរណាម្នាក់អោយគ្រាំគ្រា ឬរហូតដល់បាត់បង់ជីវិត។

បើអ្នកស្រលាញ់គេ ក៏ថាស្រលាញ់ទៅ ហើយបើអ្នកមិនស្រលាញ់គេទេថាមិនស្រលាញ់ទៅ បើទុកណាជាគេឈឺចាប់ក៏វានៅមានទំហំតិចតួច មិនទាន់ធ្ងន់ធ្ងរនៅឡើយ ដូចដំបៅនៅតូចមិនទាន់ក្លាយ ងាយនឹងព្យាបាលដូច្នោះឯង ហើយពាក្យសង្ខេបមួយម៉ាត់ដែលខ្ញុំនឹងសរុបសេចក្តីឲ្យមិត្តគឺ កុំមានមោទនភាពនឹងស្នេហា ក្រែងទឹកនេត្រាហូរជោគប្រាណ។
************××××****************
២៩/០៨/២៥៦២/២០១៨

