ហេតុអ្វីចាំបាច់ត្រូវធ្វើអំពើល្អ ?

I
imrasa
ហេតុអ្វីចាំបាច់ត្រូវក្លាយទៅជាមនុស្សល្អ? _________________________________ សំនួរនេះបើទោះបីជាគ្មានអ្នកណាហើបមាត់សួរក៏ដោយ ក៏ក្នុងចិត្តមនុស្សភាគច្រើន តែងតែសួរជានិច្ចចំពោះខ្លួនឯង យើងអាចសង្កេតតាមរយៈទង្វើ ពោលគឺការប្រព្រឹត្តប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា។ មនុស្ស សឹងតែទូទៅមិនចូលចិត្តប្រព្រឹត្តអំពើល្អនោះទេ ហើយធាតុអាក្រក់របស់មនុស្ស ជាទូទៅមានតាំងពីកំណើតមកម្ល៉េះ​ គ្រាន់តែថា តិចឬច្រើនប៉ុណ្ណោះ។ ​ ហេតុអ្វីមនុស្សមិនចូលចិត្តប្រព្រឹត្តអំពើល្អ? ចម្លើយគឺ ព្រោះគេយល់ថា អំពើល្អធ្វើឲ្យខាតបង់ ធ្វើអោយចាញ់ប្រៀបអ្នកដទៃ ធ្វើអ្វីមិនទាន់គេ ជាទូទៅគឺអស់ច្រើនជាងបាន ហើយចំពោះការងារវិញ បើត្រង់ពេកប្រហែលជារកអង្ករច្រកឆ្នាំងមិនបានឡើយ។ ​ តែសម្រាប់អ្នកប្រាជ្ញយល់ឃើញផ្ទុយពីនេះ ព្រោះ មិនដែលឃើញអ្នកប្រព្រឹត្តអាក្រក់ណាម្នាក់​ ត្រូវបានគេ​សរសើរ​លើកតម្កើង បំពាក់ងារ ឬជូនប័ណ្ណសរសើរថាជាមនុស្សអាក្រក់ ហើយប្រកាសឲ្យមនុស្សគ្រប់គ្នាគោរពបូជានោះទេ ឃើញតែមនុស្សល្អប៉ុណ្ណោះ។ តែក៏អាចមានខ្លះដែរ ចំពោះមនុស្សអាក្រក់ ដែលប្លមខ្លួនជាមនុស្សល្អ ព្រោះដោយយកប្រាក់ យសស័ក្តិតំណែងមកពាំងបាំងភាពអាក្រក់របស់ខ្លួន ។ ​ តែចូរចងចាំទុកចុះថា អំពើអាក្រក់ក្តី ល្អក្តី សឹងតែកើតចេញពីចេតនា កាលបើចេញជាសកម្មភាពទៅហើយ ទោះតាមកាយក្តីវាចាក្តី ដោយហោចទៅសូម្បីត្រឹមតែគិតក្នុងចិត្ត ក៏អាចធ្វើអោយកើតទៅជារីករាយឬសៅហ្មងបានដែរ​ ហើយភាពរីករាយ ឬសៅហ្មងនេះហើយ ដែលធ្វើឲ្យចំរើននិងវិនាស​ បើទុកណាជាគ្មានអ្នកណាដឹងឮក៏ដោយ។ ​ មួយទៀត​ អំពើដែលយើងបានធ្វើទៅហើយ ទោះជាគ្មាននរណាដឹងក៏ដោយ តែយើងខ្លួនឯងគឺជាអ្នកដឹង។ បើជាអំពើអាក្រក់ ចិត្តរបស់យើងក៏រមែងក្តៅក្រហាយ ស្តាយក្រោយ ដូចច្រែះកើតពីដែករមែងស៊ីនូវដែកនោះវិញ បើជាអំពើល្អ ចិត្តរបស់យើងរមែងស្រស់​ថ្លារីករាយ មានមោទនចំពោះខ្លួនឯង ព្រោះមិនបានសាងសេចក្តីក្តៅក្រហាយចំពោះអ្នកដទៃណា ហើយអំពើល្អនោះ​ ក៏នឹងជួយដល់សុខភាពផ្លូវកាយផងដែរ​ គឺឈាមរត់បានល្អ ចង្វាក់បេះដូងដើរស្រួល សរសៃប្រសាទ​ស្រឡះល្អ មានភាពរឹងប៉ឹង និងជឿជាក់លើខ្លួនឯង ក្រៅពីនេះមនុស្សម្នាស្រលាញ់ចូលចិត្ត មានតែមនុស្សល្អដូចគ្នាប៉ុណ្ណោះ មកស្មាគមជាមួយ តែសូមអោយអំពើល្អរបស់យើង ជាអំពើល្អពិតប្រាកដ មិនមែនគ្រាន់តែជាការសម្តែងនោះទេ។ ​ មានមាសប្រាក់បណ្តាស័ក្តិថ្កើងថ្កាន តែបើគ្មានអំពើល្អ នោះថ្ងៃណាមួយ ជីវិតកូននឹងត្រូវអន្តរាយ តែបើមានអំពើល្អ ទោះគ្មានទ្រព្យសម្បត្តិ ឬលាភយសបណ្តាស័ក្តិ ក៏ជីវិតនៅចាត់ថា ជាជីវិតល្អប្រសើរ ហើយទៅថ្ងៃមុខជីវិតក៏កាន់តែរុងរឿងទៅៗ។ ​ ទ្រព្យសម្បត្តិ លាភយសបណ្តាស័ក្តិដែលកើតពីអំពើល្អ គឺជារបស់ពិតប្រាកដ ដែលយើងត្រូវទទួលយកដោយខានមិនបាន តែបើក្រៅពីនេះ ចូរកុំទទួលយកឡើយ ព្រោះជារបស់ភ្លើង ជារបស់ក្តៅក្រហាយ។ ​ មនុស្សល្អ​ មានអំពើល្អជាអ្នករក្សា![Rasa.jpg](https://serey.io/imageupload_data/af38d389fc048047982136781bdc71c4d5aeef66) ​

Comments