ការចែករំលែក ជាវប្បធម៌ដ៏ត្រចះត្រចង់ របស់មនុស្សជាតិ !
សន្តោស ដើម្បីសង្គមមិនមានការស្រេកឃ្លាន
_______________
ចូរធ្វើជាមនុស្សចេះសន្តោសប្រោសប្រណី ពោលគឺជាមនុស្សចេះល្មមគ្រប់គ្រាន់ ក្នុងការចាយវាយ ប្រើប្រាស់ប្រាក់អោយចំទិសដៅ កុំចំណាយទៅលើផ្នែកដែលឥតប្រយោជន៍។
កុំទម្លាប់ញ៉ាំអាហារអោយសល់ហើយបោះចោល សូម្បីសម្លៀកបំពាក់ ទ្រនាប់ជើង និងរបស់ប្រើប្រាស់ដទៃទៀតក៏ដូចគ្នា ព្រោះមានអ្នកក្រលំបាកច្រើនណាស់ ដែលសូម្បីតែអាហារបរិភោគឆ្អែតមួយពេលខ្លះក៏រកសឹងមិនបាន សម្លៀកបំពាក់សមរម្យបិទបាំងរាងកាយក៏សឹងគ្មាន ទ្រនាប់ជើងកញ្ចាស់ពាក់ការពារគ្រួសថ្ម ក៏មិនមានពាក់ផង ។
បើអាច ចូរយើងសន្សំសំចៃ ហើយចែករំលែកនូវអ្វីដែលលើសតម្រូវការទាំងអស់នោះ ជួយអ្នកទាំងនោះ នេះជាបារមីដ៏ធំធេងណាស់ ជាគន្លងព្រះពោធិសត្វធ្លាប់ធ្វើមក ហើយមានមហាសេដ្ឋី និងអ្នកល្បីៗបច្ចុប្បន្ន ក៏គេនាំគ្នាធ្វើអីចឹងដែរ ដែលការចំណាយនេះ គឺសល់ពីការចាយវាយប្រចាំថ្ងៃ ពីអាហារបរិភោគត្រឹមមួយចម្អែត និងការមិនខ្ជះខ្ជាយចាយវាយឥតប្រយោជន៍ ។នេះជាមេរៀនដ៏ល្អដែលយើងគួរតែយកធ្វើជាតម្រាប់ត្រាប់តាម ដាក់បំរាមចិត្ត ដែលធ្លាប់តែខ្ជះខ្ជាយ ហើយងាកមកធ្វើការលះបង់ រៀនចែករំលែកវិញម្តង ទង្វើបែបនេះ និងនាំឲអ្នករីករាយបានយូរអង្វែង ជាងចាយវាយខ្ជះខ្ជាយជាប្រចាំ ព្រោះពេលនឹកឃើញរឿងដែលបានលះបង់ ឲទៅគេ បាត់ស្រេក បាត់ឃ្លាន បាត់ការលំបាក ខ្លួនក៏សប្បាយចិត្ត នឹកឃើញកាលណាក៏រំភើបរីករាយកាលនោះ។
កុំចាំដល់ខ្លួនក្លាយជាសេដ្ឋី បានចេះចែករំលែក យើងចែករំលែកនូវអ្វីដែលយើងមានទោះបីតិចក្តីច្រើនក្តី ទៅកាន់អ្នកជុំវិញខ្លួនដែលត្រូវការវាចាំបាច់ !
ចូរបណ្តុះសិល្បៈ និង វប្បធម៌នៃការចែករំលែកក្នុងសង្គម.
ការពេញចិត្ត និងរីករាយចូលរួមសាងអំពើល្អ ចាប់ផ្តើមពីខ្លួនយើងម្នាក់និងទៅ !...

