ការចងចាំអាចលុបបាន(unremembered)
មនុស្សយើងគ្រប់គ្នា ដល់វ័យប៉ុណ្ណេះទៅហើយ ប្រាកដណាស់សុទ្ធតែធ្លាប់មានកំហុស បើមិនតិចក៏ប្រហែល
ជាធ្លាប់ធ្វើអ្វីខុសច្រើនហើយមែនទេ?
រឿងខ្លះវាធ្វើឲ្យអ្នកជុំវិញយើងមិនអាចទទួលយកបាន ហើយយើងក៏ស្អប់ខ្លួនឯងខ្លាំងណាស់ ប៉ុន្តែយើងក៏មិនអាចធ្វើអ្វីកើតទាំងដែលកំហុសនោះក៏មិនអាចកែប្រែអ្វីបាន។
រឿងខ្លះខុសម្ដងវាក៏ក្លាយជាកំហុសដែលយើងចងចាំមិនភ្លេច វាក្លាយទៅជាវិប្បដិសារៈពេញមួយជីវិតរបស់យើង។ វាតាមលងបន្លាចយើងសូម្បីតែនៅក្នុងយលសប្ដិក៏មានម្តងម្កាលដែរ។
ការសម្រេចចិត្តខុស ការជ្រើសរើសខុស ការពោលពាក្យខុស
ទាំងនេះជារឿងដែលខុស ហើយយើងគឺកែប្រែអ្វីមិនបានទេ។ 
ក្នុងជីវិតយើង វាមានពេលរឿងរ៉ាវខ្លះបានកើតឡើង ហើយវាមានទំហំលើសពីការគ្រប់គ្រងដែលយើងអាចធ្វើបាន ប៉ុន្តែវាពិតជាមានមធ្យោបាយដែលធ្វើឲ្យស្ថានភាពនោះប្រសើរឡើងបាន។
ឧបមាថាបើយើងបង់អំបិលជ្រុលទៅក្នុងឆ្នាំងសម្ល ហើយពេលភ្លក្សវាក៏មានរសជាតិប្រៃខ្លាំង។ យើងមិនអាចដកយករសប្រៃនោះចេញ ហើយធ្វើឲ្យសម្លមានរសជាតិល្មមបានទេ វាមិនអាចទៅរួចដោយមធ្យោបាយបែបនេះឡើយ។ ប៉ុន្តែវាច្បាស់ជាមានវិធីផ្សេងទៀតដែលយើងអាចធ្វើបាន ថែមទឹកបន្តិចទៅ ហើយថែមស្ករបន្ដិចទៅ វានឹងមានរសជាតិល្មមតាមដែលចង់បាន។
មានម្ដងនោះខ្ញុំធ្លាប់ឆុងតែបៃតង ដាក់ទឹកដោះគោខាប់ជ្រុល វាក៏ផ្អែមខ្លាំង។ វិធីរបស់ខ្ញុំគឺងាយៗទេ ប្ដូរពីតែបៃតងកែវទូចចាក់ចូលទៅក្នុងកែវធំ ហើយយកទឹកដោះគោស្រស់មកលាយបន្ថែម ហើយដាក់ទឹកកកឲ្យច្រើនបន្ដិចទៅគឺអាចញ៉ាំបាន ហើយបានយូរទៀតផង ព្រោះថាពីកែវតូចធម្មតា មកកែវធំគឺវាមានចំណុះច្រើនជាងមុន។
គ្មានមធ្យោបាយដើម្បីបំភ្លេចរឿងនានានៅក្នុងជីវិតទេ កុំថាឡើយមនុស្សម្នាក់ ជាពិសេសគឺរឿងដែលយើងព្យាយាមបំភ្លេចតែម្ដង។ យើងមិនអាចភ្លេចវាបានទេ ការព្យាយាមបំភ្លេចគឺស្មើនឹងការព្យាយាមរំលឹក។ រឿងដែលយើងបានភ្លេច វាមិនមែនជារឿងដែលពិបាកឲ្យយើងប្រើការព្យាយាមនោះទេ។ យើងបំភ្លេចមនុស្សដែលយើងនឹកមិនបានទេ យើងបំភ្លេចមនុស្សដែលយើងស្រលាញ់មិនបានទេ។
ប៉ុន្តែវាមានមធ្យោបាយផ្សេងដែលយើងអាចធ្វើបាន។ យើងភ្លេចមិនបាន ប៉ុន្តែយើងអាចបើកចិត្តទទួលយកការចងចាំបន្ថែមបាន។ ចងចាំបន្ថែមគឺចេញទៅជួបមនុស្សថ្មី ឬក៏ធ្វើរឿងថ្មីៗ ហើយដោយការបន្ថែមអ្វីថ្មីៗជាប្រចាំ ការគិតទៅលើរឿងតែមួយដដែលៗនោះនឹងត្រូវបានកាត់បន្ថយខ្លះមិនខានឡើយ។
គ្មានរឿងណាដែលយើងអាចបំភ្លេចបានដោយការតាំងចិត្តចង់បំភ្លេចទេ ព្រោះការតាំងចិត្តដើម្បីបំភ្លេចវាមានន័យថាយើងកំពុងព្យាយាមរកនឹក។ យើងមិនអាចភ្លេចអ្វីទាំងស្រុងរហូតទេ បើថ្ងៃនេះយើងភ្លេច ថ្ងៃណាមួយយើងច្បាស់ជាអាចនឹកឃើញវិញមិនខាន។ វិធីដើម្បីកាត់បន្ថយការចងចាំ គឺបន្ថែមការចងចាំថ្មីៗជាប្រចាំ។ បើយើងចង់បំភ្លេចរឿងមិនល្អ យើងធ្វើមិនបានឡើយ ផ្ទុយទៅវិញអ្វីដែលយើងអាចធ្វើបានគឺធ្វើរឿងល្អ ហើយចាប់ផ្ដើមរំលឹកនូវការចងចាំល្អៗនោះម្ដងបន្ដិចៗ នោះបរិមាណនៃគំនិតអវិជ្ជមាននឹងថយចុះមិនខានឡើយ៕
@imnarasa

