ឲតម្លៃទៅកាន់មិត្ត ក៏ដូចជាលើកមុខមាត់ខ្លួនដែរ

I
imnarasa
![9369FF1C-31A0-4602-B006-2723DD1EFD0A.png](https://serey.io/imageupload_data/f26129fa8ee2b430ff1b82b8ec3b869afd38ea38) បើមានហ្វ្រាំងទប់មាត់ កុំឲនិយាយជ្រុលជ្រួស ហួសភាពគប្បីវាពិតជាល្អខ្លាំងណាស់ ម្លេះប្រហែលជាមិនមានអ្នករងគ្រោះដោយសាមាត់នោះទេ។ បណ្តាលឲគ្រោះដល់ខ្លួន នាំឲបាត់បង់មិត្តភាព ដោយសាកត្តាពាក្យសម្តីនេះមួយផ្នែកធំដែរ ។ ហេតុអីបានជាមនុស្សកាន់តែស្និទ្ធស្នាល បែជាកាន់តែលែងមានពាក្យល្អឲ្យគ្នា មនុស្សកាន់តែស្និទ្ធស្នាល កាន់តែលែងមានការគោរពគ្នា តើភាពស្និទ្ធស្នាលត្រូវបានគេហាមឃាត់មិនឲ្យប្រើពាក្យល្អដាក់គ្នាពីពេលណាមក?​ ជាពិសេសបើមានម្នាក់មានភាពលេចធ្លោបន្តិចនៅក្នុងចំណោម ម្នាក់ទៀតនឹងហៅឬបង្ហាញកាយវិការមិនគោរពចំពោះមិត្តខ្លួនឯង ប្រហែលជាគាត់ចង់បង្ហាញមនុស្សគ្រប់គ្នាឲ្យដឹងថា មនុស្សដែលលេចធ្លោម្នាក់នោះជាមិត្តជិតស្និទ្ធរបស់គាត់ វាអាចជាមោទនភាពហួសហេតុពេក ឬជាការតោងភាពលេចធ្លោរបស់មិត្ត ដើម្បីឲ្យខ្លួនឯងបានអណ្តែតបន្តិចបន្តួចដែរ។ ការតាំងខ្លួនជាមិត្តជិតស្និទ្ធ ដោយមិនបានរក្សាភាពជាមិត្តល្អ ជាការនាំអាម៉ាស់ទៅឲ្យមិត្តរបស់ខ្លួននៅក្នុងចំណោមមនុស្ស ព្រោះថា ការដែលមកសម្តែងភាពស្និទ្ធស្នាលដោយកាយវិការ វាយទាត់ធាក់ស្រាលៗ ឬការហៅអា មឹង ឬនាមបង្អាប់ណាមួយនោះ គឺមិនបានជួយលើកតម្កើងឲ្យមិត្តរបស់អ្នកកាន់តែលេចធ្លោយ៉ាងពិតប្រាកដ។ រឿងបែបនេះ ពេលខ្លះមិនមែនជាចេតនា តែដោយភាពស្និទ្ធស្នាលពេក ក៏ភ្លេចខ្លួន តែបើសិនជាយើងជាមិត្តល្អពិត គួរព្យាយាមធ្វើយ៉ាងណាកុំឲ្យមិត្តរបស់ខ្លួនដែលកំពុងតែលេចធ្លោនោះ ប្រែជាលិចលង់ដោយសារយើងឲ្យសោះ។ «សូមរក្សាមិត្តភាពដោយកាយវិការនិងពាក្យសម្តី កុំចេះតែភ្លេចអំពីវាច្រើនពេក»៕៚ @imnarasa

Comments