ជាក្មេងអ្នកក្រ តែស្គាល់អ្វីហៅថា" គុណ" គួរសមដែរ
ស្ថានភាពនៃការរស់នៅ រ៉បតាមស្ទឹងសង្កែ ស្គាល់ច្បាស់ជាងអ្នកនៅវីឡាពីបីជាន់នាទីក្រុង ដែលក្មេងខ្លះសូម្បីតែធូលីបន្តិចបន្តួច
សឹងតែមិនប៉ះរោមមួយសរសៃផង។ ខ្ញុំចេះ
ហែលទឹកដោយមិនបាច់មានគ្រូបង្រៀនតាំងពីខ្ញុំអាយុ៧ឆ្នាំ ពីព្រោះថានៅពេលដែលម៉ែគាត់សម្រាន្តពេលថ្ងៃ ខ្ញុំជាមួយមិត្តភក្តិនិង បងៗឯទៀត
លួចទៅហែលទឹកស្ទឹងជាមួយក្មេងផ្សេងៗដែលនៅក្នុងភូមិដែរ។
ពេលខ្លះត្រូវម៉ែ
ទៅជេរពីមាត់ស្ទឹង ហើយគម្រាមរកវាយទៀតផង ឱ្យឡើងមកផ្ទះវិញ ព្រោះគាត់បារម្ភខ្លាចថាអាចត្រូវលង់ទឹកស្លាប់ខានបានធំនឹងគេ។ បើយើង
វាស់ក្ដីស្រលាញ់របស់ឪពុកម្ដាយដោយសម្ដីផ្អែមល្ហែម ពេលខ្លះយើងប្រហែលជាយល់ថាម្ដាយឪពុកយើងអត់ស្រលាញ់យើងទេ !ប៉ុន្តែការពិតទៅនៅពីក្រោយពាក្យជេរប្រដៅដែលពិបាកស្ដាប់ជាច្រើននោះ គឺមានបង្កប់នូវក្ដីស្រលាញ់។
វាគ្រាន់តែថាពេលខ្លះយើងក៏មិនបានគិតដល់ចំណុចអស់ទាំងនេះ ដោយសារតែ ភាពក្មេង តែងលង់និងសរសើរ នងត្រូវការភាពផ្អែមល្ហែមច្រើនៗ ពីសំណាក់អាណាព្យាបាល។
រាល់ពេលឪពុកម្ដាយ ប្រើសម្ដីធ្ងន់ៗដាក់យើង ឬក៏លើករំពាត់បម្រុងវាយយើងជាដើម ច្បាសណាស់ថា កាលណោះខ្ញុំក៏គិតថាគាត់មិនស្រលាញ់ពួកយើងដែលជាកូនគាត់នោះទេ។
តែអ្វីដែលយើងត្រូវគិតនោះគឺថា
បើសិនជាគាត់អត់ស្រលាញ់យើងទេ គាត់ក៏មិនទ្រាំពរពោះពួកយើងជិត១០ខែ ហើយត្រូវនឿយហត់ក្រោមកម្តៅ ក្រោមភ្លៀងរាល់ថ្ងៃដើម្បីតែរ៉ាប់រងជីវិតយើងដូចនេះដែរ។
ពេលវ័យវឌ្ឍនាការចំរើនធំបន្តិច ការឆ្លងកាត់ជីវភាពនិងរឿងរ៉ាវច្រើនទៅៗ ទើបបានគំនិត(សម្មាទិដ្ឋិ)យល់ត្រូវមកវិញថា៖ ការបីបាច់
ចិញ្ចឹមមនុស្សមួយទាំងមូលមិនមែនជារឿងងាយស្រួលទេ។
ត្រូវធានាថាតើកូនៗ
មានអីហូបចុកគ្រប់គ្រាន់អត់ ពេលឈឺតើត្រូវមានការថែទាំរបៀបម៉េច តែងតែគិតថាគេនឹងមានអនាគតល្អ ដោយត្រូវរៀបចំយ៉ាងម៉េច ត្រូវផ្ដល់ឱកាសឲ្យពួកគេបានទៅរៀនសូត្រ រួចហើយត្រូវធានាថាគេនឹងមានប្រាក់ចាយវាយខ្លះៗកំឡុងពេលរៀនសូត្រទៀត សុតតែកង្វល់ដែលកើតមានដោយស្វ័យប្រវត្តិ ។
បើម៉ែពុកមិនស្រលាញ់យើងទេ តើនរណាដែលធានាធ្វើរឿងអស់ទាំងនេះសម្រាប់យើងទៅ?
ក្មេងៗពេលខ្លះក៏គិតថាពុកម៉ែមិនផ្ដល់ភាពកក់ក្ដៅឱ្យយើងទេ គ្រាន់តែម្ដងម្កាល ដែលពុកម៉ែស្ដីបន្ទោស តើនៅសុខៗ គាត់បន្ទោស
ឬពេលដែលយើងធ្វើខុស ?។ តើកូនៗប៉ុន្មាននាក់ដែលធ្វើខុសហើយអាចដឹងពីកំហុស និងនិយាយសុំទោសដោយមិនបាច់ឪពុកម្ដាយបង្គាប់បញ្ជាស្តីបន្ទោសនោះ? ដូច្នេះរឿងខ្លះវាក៏ពិបាកសម្រាប់ទាំងយើង សម្រាប់ទាំងគាត់ដែរ។ ប៉ុន្តែពេលដែលឃើញអ្នកខ្លះទៀតគេអត់មានឪពុកម្ដាយ រស់នៅតែជាមួយជីដូន ឬម្ដាយមីង ត្រូវគេស្ដីរករឿង ខ្ញុំគិតថាខ្លួនឯងនេះមានសំណាងច្រើនជាងគេឆ្ងាយណាស់។
យ៉ាងហោចណាស់ បានការស្រលាញ់ពិតៗពីលោកអ្នកទាំងពីរ ទោះជារបៀបចិញ្ចឹមនិងការផ្តល់ឲវាមិនឥតខ្ចោះ តែខ្ញុំជឿជាក់ថាបេះដូងនៃក្តីស្រលាញ់គឺមានភាពឥតខ្ចោះដែលមិនអាចរកតម្លៃអ្វីមកផ្ទឹមបានឡើយ៕៚

#អឹម ណារ៉ាសា

