ធ្វើល្អ ព្រោះតែពេញចិត្តក្តីល្អ មិនមែនព្រោះតែយ៉ាងដទៃឡើយ

I
imnarasa
ធ្វើល្អដោយសារតែយើងយល់ពីសេចក្ដីល្អដោយខ្លួនឯង កុំធ្វើព្រោះតែរំពឹងថាគេនឹងយល់ពីសេចក្ដីល្អរបស់យើង។ ទង្វើល្អមិនមែនធ្វើដើម្បីបង្អួតគេទេ ព្រោះបើត្រឹមតែបង្អួត វានឹងក្លាយជារឿងបង្អាប់ចំពោះយើងវិញនៅពេលណាមួយ។ ពេលធ្វើល្អ យើងសប្បាយចិត្តចំពោះទង្វើល្អនោះដោយខ្លួនឯង? ឬក៏យើងសប្បាយចិត្តនឹងឲ្យគេមើលមកថាខ្លួនយើងធ្វើហ្នឹងវាល្អហើយ? បើសប្បាយចិត្តនឹងទង្វើល្អខ្លួនឯង នោះគឺវាបានរហើយ វាមិនមានរឿងត្រូវមកខកចិត្ត ខូចចិត្ត រឿងរំលឹក រឿងអ្វីទាំងអស់។ ថ្ងៃណាមួយយើងនឹងហត់ ខកចិត្ត ហើយក៏កើតទុក្ខមិនតិចទេ នៅពេលដែលយើងរំពឹងថាគេនឹងមើលឃើញរឿងល្អដែលយើងធ្វើ។ មានមនុស្សច្រើនណាស់ដែលមកត្អូញត្អែរថា "ឯងខំធ្វើល្អនឹងវាយូរណាស់មកហើយ តែវាមិនដែលមើលឃើញឯងល្អសោះ មិនដែលឲ្យតម្លៃឯងសោះ" ។ ចឹងមានន័យថាអ្វីដែលធ្វើកន្លងមក វាមិនមែនជាសេចក្ដីល្អពិតប្រាកដទេ! ទង្វើល្អទាំងនោះ គ្រាន់តែធ្វើឡើងដើម្បីឲ្យគេតបស្នងខ្លួនវិញប៉ុណ្ណោះ។ បើយ៉ាងនោះមែន មួយជីវិតនៃការកើតមកជាមនុស្សដែលធ្វើល្អដាក់គេដ៏ច្រើន នឹងក្លាយជារឿងខកចិត្តរហូតហើយ។ មិនដឹងថាកើតជាមនុស្សល្អត្រឹមតែឈ្មោះនេះ វាមានន័យអ្វីនោះទេ។ នៅក្នុងសង្គមឥឡូវហ្នឹង មានមនុស្សច្រើនណាស់ ដែលធ្វើល្អដើម្បីឲ្យគេថាខ្លួនឯងល្អ ដើម្បីឲ្យគេដឹងគុណ ឲ្យគេចងចាំ។ វាមិនមែនជាសេចក្ដីល្អពិតអ្វីសោះ។ ពីព្រោះសេចក្ដីល្អខ្លួនឯងផ្ទាល់ វាមិនដែលទាមទារថាត្រូវឲ្យមានអ្នកដឹង ទាមទារឲ្យមានអ្នកគាំទ្រ ទាមទារឲ្យមានអ្នកចងចាំអ្វីទាំងអស់ ដឹងត្រឹមថាពូជរបស់វានឹងផ្ដល់ផ្លែផ្កាយ៉ាងណារួចជាស្រេចទៅហើយ។ ការជួយសង្គ្រោះពិតប្រាកដនឹងធ្វើឲ្យអ្នកជួយនៅតែសប្បាយចិត្តដដែល បើទោះបីជាអ្នកដែលត្រូវគេសង្គ្រោះនិយាយអរគុណ ឬក៏មិនបាននិយាយក៏ដោយ ពួកគេចងចាំពីគុណបំណាច់នេះ ឬអត់ក៏ដោយ។ ប៉ុន្តែផ្ទុយពីនេះស្រឡះ មានការជួយសង្គ្រោះខ្លះ ត្រូវប្រកាសឲ្យគេដឹងគុណខ្លួន និងចងចាំគុណបំណាច់ខ្លួនរាប់សិបឆ្នាំទៅវិញ។ វាមានដល់ថ្នាក់ដែលធ្វើល្អដើម្បីបានផ្លាកឈ្មោះបិទនៅលើក្លោងទ្វារតាមរបងទៀតក៏មានដែរ។ ហេតុដែលនាំឲ្យចិត្តបានរីករាយគឺ សេចក្ដីល្អដែលចិត្តមានស្រាប់ទៅហើយ វាមិនមែនជាការឆ្លើយតបពីអ្នកដែលទទួលបានសេចក្ដីល្អពីយើងទេ។ បើសេចក្ដីល្អមិនមែនជាដើមហេតុដំបូងដែលធ្វើឲ្យអ្នកផ្ដល់ឲ្យនោះសប្បាយចិត្តទេ ដូច្នេះវាមិនមែនជាសេចក្ដីល្អអ្វីទាំងអស់ វាគ្រាន់តែជាសម្រស់សំបក ហើយខាងក្នុងស្មោគគ្រោកដែលលាបពណ៌ស្អាតដើម្បីឲ្យគេច្រឡំប៉ុណ្ណោះ តែការពិត គ្មានអ្វីកែប្រែបានឡើយ៕ ![CD0FC83C-C45A-4DBD-BE88-0C58991FE0F8.jpeg](https://serey.io/imageupload_data/04f74117d7467d22abea3d52685fb093065b824e) @imnarasa

Comments

wondercury
អធ្យាស្រ័យបង ខ្ញុំអានអត់សូវយល់ចំនងជើងខាងលើរបស់បងសោះ។
pov
ការពិតគឺបែបនិងមែន តែកម្រមានអ្នកយល់ណាស់