ស្រលាញ់ពួកគាត់និងស្រលាញ់ ខ្លួនឯងជារឿងត្រូវមានទាំងពីរ

I
imnarasa
![1CA2968B-E9F7-4B31-980B-B1A23500CA69.jpeg](https://serey.io/imageupload_data/7988feee04eff15179208fb663ed287bf766b02e) ព្រោះតែចិត្តនៅអន់ នៅខ្សោយការគិតដ៏ត្រឹមត្រូវ គ្មានបទពិសោធ វាតែងផ្តល់មកខ្ញុំ ឲខ្ញុំគិតក្នុងផ្លូវអវិជ្ជមានជាច្រើនចំពោះអ្នកជុំវិញខ្លួនកន្លងមក។ អន់ចិត្តដែលមិត្តភក្តិខ្ញុំយកចិត្តទុកដាក់ចំពោះអ្នកផ្សេងច្រើនជាងខ្ញុំអន់ចិត្តដែលគាត់ចំណាយពេលឲ្យគេច្រើនជាងខ្ញុំ អន់ចិត្តដែលឃើញគាត់លះបង់ឲ្យគេច្រើនជាងខ្ញុំ អន់ចិត្តគ្រប់យ៉ាងព្រោះគាត់មិនបានចាត់ទុកថាខ្ញុំពិសេសដូចខ្ញុំធ្វើដាក់គាត់ ពេលដឹងថាគាត់មិនសប្បាយចិត្តខ្ញុំមិនដែលបាត់មុខ តែពេលខ្ញុំមិនសប្បាយចិត្តគាត់ក៏មិនចាប់អារម្មណ៍។ តើខ្ញុំជ្រើសរាប់អានមិត្តភក្តិខុសឬ? ផែនដីនេះគ្មានមនុស្សអាក្រក់ទាំងអស់នោះទេ រាប់អានអ្នកណាក៏មិនខុសដែរ បើខុសគឺខុសខ្លួនឯងដែលមិនចេះគ្រប់គ្រងចិត្ត និងទាមទារហួសហេតុតែប៉ុណ្ណឹង។ គប្បីបង្រៀនចិត្តឲ្យចេះធ្វើរឿងដែលយុត្តិធម៌ និងមេត្តាធម៌។ អ្នកគួរស្រលាញ់ តបស្នងនូវអំពើល្អទាំងឡាយដែលអ្នកទទួលបានពីនរណាម្នាក់នោះឲ្យទៅគាត់វិញ។ សាកគិតទៅមើល តើមាននរណាខ្លះដែលអ្នកនឹកឃើញ ឬហុចដៃឲ្យអ្នកពេលដែលអ្នកជួបទុក្ខ? មាននរណាខ្លះតែងតែផ្តល់អ្វីដែលអ្នកចង់បាន? ប្រសិនបើរកនឹកមិនឃើញ មិនមែនមិនមានទេ តែមកពីអ្នកមើលរំលង ហើយអ្នកក៏បានធ្វើឲ្យមនុស្សទាំងនោះទទួលអារម្មណ៍ដូចដែលអ្នកជួបនៅចំណុច ខាងលើនោះអ៊ីចឹងដែរ។ បើសិនរកនឹកឃើញហើយថាជានរណាខ្លះ គប្បីបើកចិត្តស្រលាញ់មនុស្សទាំងនោះហើយតបគុណទៅពួកគាត់វិញផង។ រីឯមនុស្សដែលធ្វើឲ្យអ្នកជួបអារម្មណ៍នៅចំណុចខាងលើនេះ ចូរប្រើតែចិត្តស្រលាញ់ចំពោះគាត់ដោយមេត្តាធម៌ចុះ។ ឲ្យតាមដែលអាចឲ្យបាន ឲ្យទៅតាមលទ្ធភាពដែលមិនត្រូវការសំណង មិនថាចិត្តស្រលាញ់ ពេលវេលា ឬអំណោយផ្សេងៗ។ គប្បីស្រលាញ់មនុស្សដែលស្រលាញ់អ្នក តែ! ទោះស្រលាញ់នរណាក៏ដោយ កុំភ្លេចស្រលាញ់ខ្លួនឯងផង។ ![92D4893F-F092-4ADF-AB38-69BCD420138C.jpeg](https://serey.io/imageupload_data/39f95713f7a7f6b71c24ac6671decad8ba77d104) បំណងក្នុុងគំនិតល្អពីនាងខ្ញុំ

Comments