សុខចិត្តដោយគុណធម៌
សេចក្តីសុខ
កើតមកពីសេចក្តីសុខចិត្ដ !
ធ្វើយ៉ាងណាទើបចិត្តសុខ?
ធ្វើយ៉ាងណាក៏បាន ឲ្យតែតម្រូវតាមចិត្តចង់បាន ចិត្តនោះនឹងសុខហើយ តែសុខបែបណាទើបសុខបានយូរ សុខពិតប្រាកដ សុខទៀងទាត់ នោះទើបជាអ្វីដែលអ្នកត្រូវខ្វល់ដើម្បីអភិវឌ្ឍន៍វាឱ្យមកនៅក្នុងហឬទ័យរបស់អ្នក។
ធ្វើយ៉ាងណាទើបសុខបានយូរ?
សេចក្តីសុខតែមួយគត់ដែលអាចនៅជាមួយអ្នកបានយូរបំផុត នោះគឺសុខដោយសប្បុរស។
មហិមាណាស់មែនទេ?
អ្នកណាធ្វើបាន?
ចា៎! ដឹងហើយថាគ្មានអ្នកណាធ្វើបាន១០០%ទេ តែក៏មិនមាននរណាបង្ខំឲ្យអ្នកធ្វើឲ្យបាន១០០%ទេ? ហើយក៏គ្មាននរណាបង្ខំឲ្យអ្នកធ្វើក្នុងកម្រិតប៉ុន្មានភាគរយដែរ!
អ្នកចង់បានសេចក្តីសុខបែបនោះឲ្យគង់វង្សប៉ុន្មានភាគរយ គឺជាការសម្រេចរបស់អ្នកខ្លួនឯងទេ ព្រោះ អារម្មណ៍នៃការឲ្យដោយក្តីមេត្តា ដោយចិត្តស្មោះ អារម្មណ៍មួយនោះប្រសើរបំផុត។ នឹកដល់វាពេលណា វាក្លាយជាសេចក្តីសុខបំផុត ទោះជាកន្លងហួសយូរក៏ដោយ នោះហើយហៅថាសេចក្តីសុខដោយសប្បុរស។
សុខមួយទៀតដែលតែងតែធ្វើឲ្យមនុស្សឈឺចាប់ ឬមានវិបត្តិ វិប្បដិសារីនាថ្ងៃក្រោយ នោះគឺសុខដោយអាត្មានិយម!
សេចក្តីសុខដែលបានមកពីសេចក្តីទុក្ខ ការខកចិត្ត ខកបំណងពីអ្នកដទៃ ឬមនុស្សជាទីស្រលាញ់ វានឹងក្លាយជាថ្នាំពុល ជាសេចក្តីទុក្ខនាពេលក្រោយ។
ដោយនិស្ស័យល្អខ្លះៗនៅក្នុងខ្លួន ថ្ងៃមួយអ្នករឭកថាសុខដែលបានកន្លងមក ជាសុខដែលមិនត្រូវនឹងគុណធម៌
សុខនោះនឹងផ្តល់អារម្មណ៍វិប្បដិសារីដល់អ្នកនៅថ្ងៃនោះឯង។
ដោយកំហឹងពីមនុស្សដែលអ្នកផ្តល់ទុក្ខឲ្យ សុខនោះនឹងក្លាយជាភ្លើងក្នុងចិត្តពួកគាត់ ភ្លើងចិត្តវាក្តៅជាងភ្លើងធម្មតា
ភ្លើងចិត្តបើឆេះកាលណាវាមិនងាយរលត់ទេ ហើយវានឹងតាមដុតរាល់ពេលដែលអ្នកបានសុខ។
ភ្លើងនោះដុតអ្នកមិនដល់ទេ បើអ្នកហោះបានខ្ពស់ តែត្រូវចាំថា កម្មពៀរពិតជាមាន មានយ៉ាងពិតប្រាកដ។
រស់នៅឲ្យប្រយ័ត្ននូវទង្វើ! កុំធ្វើអ្វីដែលជាទុក្ខឲ្យអ្នកដទៃ!
ផែនដីនេះមិនបានបង្កើតអ្នកឲ្យមកធ្វើជាដង្កូវក្នុងចិត្តនរណាទេ គ្រាន់តែចង់ឲ្យអ្នកធ្វើជាផ្កាដែលមានពណ៌ស្រស់ និងក្លិនក្រអូបតែប៉ុណ្ណោះ ៕៚

@imnarasa

