បេះដូងខ្ញុំ តែងប្រាប់ខ្ញុំថា មិនអីទេ!
រស់នៅលើផែនដីតែមួយ តែមនុស្សប្រើបេះដូងផ្សេងគ្នាអ្នកខ្លះរស់នៅ ប្រើបេះដូងដើម្បីផ្តល់ការស្រឡាញ់ និងផ្តល់អារម្មណ៍ត្រជាក់ដល់មនុស្សដែលនៅក្បែរជីវិត មិនបាច់អស្ចារ្យពេកទេ គ្រាន់តែបានរស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់គឺជាសុភមង្គលហើយសម្រាប់ខ្ញុំ។
ជីវិតមានតែមួយ ដូច្នេះខ្ញុំត្រូវតែខំដើរឲ្យបានល្អ ចម្អិនសម្លដ៏មានរសជាតិឆ្ងាញ់បំផុតមួយចានសម្រាប់មនុស្សជាទីស្រលាញ់និងមនុស្សជំនាន់ក្រោយ ។
មិនអីទេ! ខ្ញុំអាចធ្វើបាន!
ទោះពេលខ្លះខ្ញុំជួបរឿងខកចិត្តខ្លាំង
ទោះពេលខ្លះឈឺដល់ទឹកភ្នែកហូរ
ខ្ញុំនៅបន្តឧទានមកកាន់ខ្លួនឯងថា មិនអីទេ! ខ្ញុំធ្វើបាន!
មិនអីទេ! យំហើយគង់តែបានសើចវិញ ធ្វើម៉េចបើជីវិតត្រូវតែបែបហ្នឹង? ខ្ញុំយល់ច្បាស់ថានេះជារសជាតិរបស់ជីវិត
ខ្ញុំធ្លាប់សើច ធ្លាប់រីករាយដែរ តិចច្រើនមិនដឹងទេ តែពេលដែលខ្ញុំយំ ខ្ញុំក៏ដឹងថាគង់តែខ្ញុំត្រូវសើចជាថ្មីម្តងទៀតនាពេលបន្ទាប់មិនខានឡើយ។
បើមិនរំពឹងខ្លាំងពេក ក៏គ្មានរឿងអីត្រូវខកចិត្តខ្លាំងដែរ
បើមិនខកចិត្តខ្លាំង ក៏ទឹកភ្នែកមិនហូរដែរ ។
សំណាងហើយដែលខ្ញុំរឹងមាំ សំណាងហើយដែលខ្ញុំតែងតែនៅទីនេះដើម្បីខ្លួនឯងបាន។
បរិយាកាសក្រោយយំ គឺស្រស់ស្រាយណាស់
កែវភ្នែករបស់ខ្ញុំ បានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ផែនដី ជីវិតរបស់ខ្ញុំមានន័យដូចជាសម្លដែលមានរសជាតិឆ្ងាញ់បំផុតមួយចាន ទោះវាមិនពិសេសសម្រាប់ទូទៅ តែក៏សម្រាប់នាងខ្ញុំគឺពិសេសបំផុត។
ខ្ញុំពេញចិត្តនូវលទ្ធផលដែលខ្ញុំធ្វើកន្លងមកណាស់ ទោះកន្លងមកខ្ញុំធ្លាប់ចុះចាញ់នៅតំណាក់កាលណាមួយ នោះជីវិតរបស់ខ្ញុំនឹងមិនទទួលបានគ្រប់រសជាតិទេ ប្រហែលដូចជាសម្លដែលគ្រាន់តែបង់អំបិលហើយបិទភ្លើងតែប៉ុណ្ណឹង។
មានពេលខ្លះខ្ញុំសរសើរខ្លួនឯង
សរសើរថា ខ្លួនឯងដែលតែងតែងធ្វើបាន
មិនដូច្នោះទេ រាល់ពេលខកចិត្តម្តងៗ មិនដឹងថាខ្ញុំមានជីវិតប៉ុន្មានសម្រាប់បន្តលេងហ្គេមជាមួយព្រហ្មលិខិតទេ៕

@imnarasa

