ជីវិតបាក់ត្រួយ
#ដើមទន់
ដើមឈឺដែលលូតខ្ពស់ល្អពេកពេលចាប់ផ្តើមដាំ ដោយសារតែត្រួយនោះលូតខ្ពស់ជាងគ្រឹះរឹងមាំរបស់ដើមក្នុងទម្រវា ពេលដែលខ្យល់បក់មកស្រាប់តែងាយបាក់ទៅវិញ។ មកពីអ្វីដោយសារតែវ័យរបស់ដើមឈើ វាងាយទន់មិនមានលំនឹងគ្រប់គ្រាន់ជាមួយនឹងកំពស់ វាត្រូវបាក់បើយើងមិនចងវាផ្អោបវានឹងជន្ទល់ឈើដែលមាំ។
សង្គមរស់នៅរបស់ប្រទេសនិមួយៗសព្វថ្ងៃប្រៀបដូចជាកម្លាំងខ្យល់ដែលផ្សាំជាមួយអាកាសធាតុដែលខ្លួនរស់នៅ។ មនុស្សដែលគោរពគ្នាតាមរយៈចំណេះដឹងបែបមិនប្រាកដប្រជា។ ចូរសាកពិចារណាលើដើមហេតុនៃការប្រមាថរវាងគ្នាមួយ៖

#សិស្សនិងបណ្ឌិត
តើសិស្សភាគច្រើនដែលប្រមាថគ្រូលើចំណេះដឹងជាប្រភេទសិស្សរបៀណា? សិស្សដែលខិលខូច? សិស្សដែលគិចសាលា? ឬសិស្សដែលមិនគោរពវិន័យ?
សាកគិតមើលឲ្យច្បាស់បន្តិចទើបអ្នកដឹងពិតប្រាកដ គ្រប់ទម្រង់សិស្សខាងលើដែលចោទសួរជាសិស្សដែលខ្លាច និងគោរពគ្រូបំផុត ព្រោះតែចំណេះដឹងរបស់គេ គ្មានគ្រប់គ្រាន់ទៅលើការប្រមាថ ឯសិស្សដែលពូកែមធ្យមជាសិស្សដែលជឿលើការត្រឹមត្រូវចេញពីគ្រូទាំងស្រុង ហើយមិនដឹងធាតុពិតនៃកម្រិតចំណេះនោះទេ! ចំណែកសិស្សដែលប្រមាថគ្រូពិតប្រាកដនោះគឺសិស្សដែលពូកែពិតប្រាកដនោះឯង។ ហេតុអ្វី? ព្រោះតែចំណេះដឹង យល់ឃើញរបស់គេមានលំហូរធំដែលស្គាល់ និងយល់ផ្លូវច្រើន ឬឈានទៅដល់ដឹងថាការបង្រៀនរបស់គ្រូខ្វះខាតច្រើន។
ឧទាហរណ៍ក្នុងសង្គមបណ្ឌិតរាល់ថ្ងៃ គាត់មិនដែលបង្កើតទ្រឹស្តីផ្ទាល់ខ្លួនឲ្យកើតមានលក្ខណៈពិតប្រាកដ ដែលឯកសារបញ្ចប់បណ្ឌិតរបស់គាត់ ត្រូវខ្ចីទ្រឹស្តីជំនួយពី Internet (wikipeda google) ឬពីសៀវភៅដែលមានហើយយកមកយោង-ល-។ បន្ទាប់មកគាត់យកទៅបង្រៀនហាក់មើលទៅដូចជាគាត់ជាអ្នកបង្កើតឡើងដែលធ្វើឲ្យមនុស្សដែលតាមដានគាត់ក្នុងOnlineដែលកម្រិយចំណេះដឹងមិនដល់គាត់ពេញចិត្តស្តាប់។ ប៉ុន្តែគាត់មិនបានដឹងថាក្មេងៗមួយចំនួនទៀតគឺបានរៀនគ្រប់យ៉ាងមុនពេលដែលគាត់សរសេរទ្រឹស្តីរបស់គាត់ ហើយច្បាស់ជាងគាត់ដែលអាចយល់តែគន្លឹះតិចតួចមកចងក្រងក្បួនទៅទៀត។ ធ្វើឲ្យក្មេងៗអស់ជំនឿ រហូតមានពេលខ្លះពួកគាត់សឹងតែចង់រត់ចេញពីប្រទេសដែលគួរឲ្យធុញទ្រាន់ជាមួយបរិយាកាសនៃចំណេះដឹងមិនពិតប្រាកដ ក្នុងសង្គមគាត់។ វាជាកត្តានាំឲ្យគាត់មានវិប្បត្តិ ជំងឺផ្លូវចិត្តរហូតដល់បាក់ទឹកចិត្ត ព្រោះអ្នកដែលសើចចំអកគាត់សុទ្ធតែជាសិស្សរបស់បណ្ឌិតដែលគេឲ្យតម្លៃ។ នេះហើយហៅថា «បាក់ត្រួយ» ព្រោះគ្មានមជ្ឈដ្ឋានណាជួយទប់គាត់។ ដែលបណ្តាលឲ្យគាត់បង្កើតបក្សស្មូមដើម្បីដើរសុំទានក៏អាចថាបាន។
ទាំងនេះមកពីការមិនចេះឃុំគ្រងចិត្តនឹងអារម្មណ៍! មានសំនួរមួយគេតែងតែសួរថាពេលសំគាល់សិស្ស ដែលចប់មុខជំនាញនិមួយៗ ហេតុអ្វីបានជាសិស្សដែលពូកែមិនសូវជាមានឱកាសដូចជាសិស្សដែលខូច?
ចម្លើយដោយសារភាពចង្អៀតចង្អល់ចិត្តរបស់អ្នកពូកែនេះហើយដែលតែងតែមិនចុះសម្រុងជាមួយមិត្តភក្តិក្នុងសង្គម មិនអាចសម្របជាមួយអាកាសធាតុដូចដើមឈើដទៃទៀត ដែលធ្វើឲ្យខ្សោយទំនាក់ទំនងសង្គម ការគាំទ្រគំនិត និងឯកោរ។
#ភាពពិតមួយមិនអាចប្រកែក
ការដាក់សំណួរចំពោះសិស្សបួនជំពូក តើសិស្សមួយណាដែលសក្តិសមនឹងរៀនជំនាញគ្រប់គ្រងជាងគេ?
1. សិស្សពូកែគណិត៖ មានភាពអំនួតក្រអឺតក្រទោមចង់ឈ្នះគ្រប់ពេល ដែលដឹកនាំទៅធ្វើឲ្យមនុស្សក្រោមបង្គាប់ស្អប់។
2. សិស្សពូកែទស្សនៈ៖ ជាមនុស្សដែលសំបូរហេតុផលច្រើន អាចបង្កើតភាពត្រឹមត្រូវ ឬខុសឆ្គងដាក់ចំពោះអ្នកក្រោមបង្គាប់ខុសរហូត។
3. សិស្សគោរពវិន័យ៖ ជាមនុស្សមឺុងមាត់ដែលធ្វើឲ្យអ្នកក្រោមបង្គាប់ពិបាកទ្រាំនឹងសំពាធ។
4. សិស្សដែលពូកែញែរស្រីគេចសាលា តវ៉ាជាមួយគ្រូុ។
ចុងក្រោយគឺចម្លើុយទីបួន ព្រោះអ្នកដឹកនាំពូកែទំនាក់ទំនង ដោយបទពិសោធន៍ញែរនោះហើយដែលបង្កើតជាគ្រឹះដែលអស្ចារ្យ ឲ្យគេអាចមានទំនាក់ទំនងមិនចេះរីងស្ងួត។ ចេះដោះស្រាយគ្រប់បញ្ហា សេចក្តីក្លាហានប្រឈមមុខ អាចតវ៉ាជាមួយគ្រូបានជាភាពឈ្លាសវៃប្រកបដោយហេតុផលទើបគ្រូលើកលែងទោសឲ្យបាន។ អាចធ្វើរឿងអច្ឆរិយៈសាកគិតមើលទៅមិនដែលចូលរៀនផងអាចប្រលងជាប់បានអច្ឆរិយៈបុគ្គលមែនទេ?
បើនិយាយបែបនេះគួរកុំរៀនល្អជាងមែនទេ? មិនមែនទេ! បើអ្នកកែប្រែភាពចង្អៀតចិត្ត អ្នករឹតតែមានការគ្រប់គ្រងល្អលើសគេទៅទៀត! នេះគ្រាន់តែចង់បញ្ជាក់ថាចំនុចខ្សោយរបស់អ្នកដែលពូកែត្រូវកែប្រែ ព្រោះអ្នកមានសមត្ថភាពហើយហេតុអ្វី ចាំបាច់ចង្អៀតចិត្ត តូចចិត្តទៅនឹងខ្យល់សង្គម ឬក៏ខ្វាយខ្វល់ជាមួយការសើចចំអករបស់អ្នកដទៃ? អ្នកគ្រាន់តែដឹងម្យ៉ាងទៅថាកត្តាដែលអ្នកកំពុងស្អប់ ជាកត្តាដែលអ្នកកំពុងត្រូវការដើម្បីមកទប់លំនឹងដើមពីខ្យល់ ដែលកំពុងបំបាក់ត្រួយអ្នក។ ដូច្នេះចូររៀនពីអ្វីដែលអ្នកស្អប់ ចូរស្អប់នូវអ្វីដែលអ្នកកំពុងធ្វើឲ្យគេស្អប់ រួចចេះទប់លំនឹងផ្លូវចិត្ត ពេលដែលត្រួយរឹងមាំហើយ ពេលនោះអ្នកនឹងមានឱកាសខ្ពស់ជាងគេ ព្រោះអ្នកជាដើមដែលខ្ពស់ហើយ អ្នកមើលបានឆ្ងាយជាងគេហើយ៕


