ធ្វើយ៉ាងម៉េចនៅពេលដែលអ្នកអស់កំលាំងចិត្តធ្វើការងារ?

តើអ្នកធ្លាប់សួរខ្លួនឯងទេថា “អ្វីគឺជាកំលាំងជំរុញទឹកចិត្តនៅក្នុងការងាររបស់អ្នក” ? មនុស្សភាគច្រើននឹងឆ្លើយថាកំលាំងជំរុញទឹកចិត្តក្នុងការធ្វើការគឺ “ប្រាក់ខែ” ដោយលើកហេតុផលថាយកប្រាក់ខែទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ចិញ្ចឹមគ្រួសារ ចាយវាយលើរឿងដែលចូលចិត្ត ទិញរបស់ដែលខ្លួនស្រលាញ់ ធ្វើដំណើរកំសាន្តទៅទីកន្លែងដែលចង់ទៅជាដើម។
ប្រសិនបើយើងផ្តោត 100% ទៅលើតែប្រាក់ខែ ថ្ងៃណាមួយយើងអាចនឹងបាត់បង់កំលាំងចិត្តក្នុងការធ្វើការក៏ថាបាន ព្រោះដោយសារតែនៅក្នុងសង្គមការងារយើងនឹងជួបបញ្ហាជាច្រើនដូចជា បញ្ហាមនុស្ស ប្រព័ន្ធការងារ ស្ទះចរាចរណ៍ ជាដើម។ រឿងទាំងអស់នេះយើងនឹងជួបជារៀងរាល់ថ្ងៃ ហើយធ្វើឲ្យអារម្មណ៍ចង់ធ្វើការរបស់យើងបាត់បង់បន្តិចម្តងៗ ទីបំផុតក៏លែងចង់ធ្វើការងារ ឬលែងមានកំលាំងចិត្តធ្វើការ អាចដល់ថ្នាក់លាឈប់ពីការងារ។
ប្រសិនបើយើងយកពេលវេលាអង្គុយគិតដើម្បីស្វែងរកកំលាំងចិត្តពីការងាររបស់យើង យើងអាចនឹងរកឃើញអ្វីដែលមានតំលៃជាង “ប្រាក់ខែ” ក៏ថាបាន។ យើងនឹងរកឃើញថា ការងារធ្វើឲ្យយើងពូកែជាងមុន មានចំណេះដឹងច្រើនជាងមុន មានទំនុកចិត្តច្រើនជាងមុន មានឱកាសជួបមនុស្សថ្មីៗ រៀនសូត្រអ្វីដែលថ្មីៗធ្វើឲ្យយើងមានសេចក្តីសុខ បានជួយអ្នកដទៃ និងរឿងផ្សេងៗជាច្រើនទៀត។
យើងអាចបង្កើតកំលាំងចិត្តឲ្យខ្លួនឯងរាល់ថ្ងៃ ដោយក្រោកពីព្រលឹមយើងត្រូវនិយាយប្រាប់ខ្លួនឯងថា ថ្ងៃនេះយើងត្រូវតែពូកែជាងមុន ខ្លាំងជាងមុន ធ្វើការឲ្យបានល្អជាងមុន ការធ្វើការជួយឲ្យមានបំណិនជីវិត ជួយបង្កើនតំលៃឲ្យខ្លួនឯង ជួយឲ្យអ្នកដទៃស្គាល់យើងច្រើន មានទំនាក់ទំនងច្រើន ហើយគ្មានអ្នកណាប្រាប់យើង ក្រៅពីយើងខ្លួនឯងនោះទេ។
រឿងងាយៗទាំងអស់នេះជួយធ្វើឲ្យកំលាំងចិត្តរបស់យើងកាន់តែរឹងមាំរាល់ថ្ងៃ ក៏គ្មានថ្ងៃដែលកំលាំងចិត្តរបស់យើងបាត់បង់ដែរ។ កំលាំងចិត្តរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ អាចជាគ្រួសារ កូន ឬអ្វីក៏បាន បានទាំងអស់ នៅពេលយើងផ្តោតចិត្តហើយ ធ្វើឲ្យយើងមានកំលាំង យើងនឹងដឹងថាធ្វើដើម្បីអ្វី និងដើម្បីអ្នកណា។ យើងមិនគួរមានកំលាំងចិត្តតែពេលដែលបើកប្រាក់ខែ ពេលបានប្រាក់បន្ថែម ឬពេលដែលក្រុមហ៊ុនឡើងប្រាក់ខែឲ្យនោះទេ ព្រោះអំឡុងពេលដែលអ្នកកំពុងរងចាំកំលាំងចិត្តរបស់អ្នកអាចនឹងអស់មុនក៏ថាបាន។
ប្រភព៖ http://salesmankh.com/how-to-when-you-are-lacking-in-inspiration/


