លោកឌិន សុមេធារិទ្ធ៖ អ្នកមានទ្រព្យកំពូលភាគច្រើន តែងកើតចេញពីអ្នកក្រលំបាកខ្លាំង

D

 ខ្សែជីវិតអ្នកមានកំពូលៗភាគច្រើនតែងតែឆ្លងកាត់រឿងរ៉ាវលំបាកស្ទើររាប់មិនអស់ទៅហើយ តែពួកគេបានព្យាយាម តស៊ូអត់ធន់ ខាំធ្មេញសង្កត់ចិត្តទ្រាំ ពុះពារ ដើម្បីជម្រះបញ្ហាដែលខ្លួនបានជួបប្រទះ ស្វែងរកឃើញនូវផ្លូវជីវិតមានសុភមង្គល។ មានជីវភាពមានបាននៅថ្ងៃនេះ មិនមែនកើតចេញពីការខិតខំប្រឹប្រែងតែរយៈខ្លីនោះទេ តែអ្នកមានកំពូលៗទាំងនោះ បានខិតខំស្ទើរតែពាក់កណ្តាលជីវិត ឬមួយជីវិតក៏មានដែរ។ ហើយភាគច្រើននៃអ្នកមានកំពូលបានកើតចេញ ពីអ្នកក្ររហាខ្លាំង ជាងអ្នកមានទ្រព្យល្មម នេះបើតាមការបញ្ជាក់របស់លោក ឌិន សុមេធារិទ្ធ អ្នករកស៊ីជោគជ័យម្នាក់របស់កម្ពុជា។ 

 លោកបានឌិន សុមេធារិទ្ធ មានប្រសាសន៍ថា អ្នកមានភាគច្រើន តែងកើតចេញពីប្រភពអ្នកក្រីក្រខ្លាំង ហើយអ្នកមានល្មមៗ តែងកើតចេញពីគ្រួសារអ្នកមានស្រាប់។ សញ្ញាបានបញ្ជាក់ថា អ្នកមានភាគច្រើន ជាមនុស្សពូកែអត់ធ្មត់ តស៊ូព្យាយាមនិងការងារ ហើយចង់បានរបស់ល្អមិនទិញភ្លាមទេ ទុករហូតដល់មានលុយគ្រប់គ្រាន់។ ហើយចំណុចពិសេសមួយទៀត រឿងណាដែលគាត់ធ្វើទៅជោគជ័យ គាត់ធ្វើដដែលៗ មិនទៅធ្វើរឿងអ្វីផ្សេងនោះទេ នេះជាអត្តចរិកអ្នកមាន។  លោកបានបន្តថា អ្នកមានតែងមានការគិតធំធេង បើគេរកស៊ីមុខជំនួញអ្វីមួយគេព្យាយាមពង្រីកឲ្យអស់លទ្ធភាពនៃអាជីវកម្ម តែអ្នកក្រតែងតែមានគំនិតមិនចង់រីកធំជាងអ្វីដែលខ្លួនមាននៅពេលបច្ចុប្បន្ននេះទេ ព្រោះអ្នកក្រភាគច្រើនមានភាពខ្ជិលច្រអូលច្រើន តែងយកពេលសម្រាកច្រើនជាងការផ្តោតលើការងារអាជីវកម្ម។ អ្នកក្រភាគច្រើនមិនប្រាថ្នាច្រើនពេកកនោះទេ ទើបធ្វើឲ្យគាត់មិនអាចក្លាយជាអ្នកមានបាន។ 

 លោកបានបន្ថែមថា មនុស្សកើតមកអត់មានអីដូចតែគ្នាទេ គ្មាននរណាម្នាក់កើតមកមានភ្លាមនោះទេ តែអ្នកមាន ភាគច្រើនមានគំនិតជាអ្នកមានរួចស្រេចហើយ ទោះបីជាកត្តាខាងក្រៅមើលទៅគាត់ក្រក៏ដោយ ព្រោះគាត់មានផ្លូវសម្រាប់ជោគជ័យរួចទៅហើយ។ ជាក់ស្តែងលោកផ្ទាល់កើតមកក្រសូម្បីស្បែកជើងគ្មានពាក់នោះទេ តែលោកមានគំនិតចង់ជោគជ័យក្នុងមុខជំនួញ ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រ ហើយធ្វើឲ្យសង្គមជាតិ និងក្រុមគ្រួសារមានភាពសម្បូរបែប។ លោកតែងគិតថា ដូនតាយើងអាចធ្វើប្រាង្គប្រាសាទអង្គរកើត ចុះចំណែកលោកគ្រាន់តែរកឲ្យជោគជ័យរឿងអ្វីធ្វើមិនបាន។ 

 សូមបញ្ជាក់ថា លោកឌិន សុមេធារិទ្ធ ជានាយកប្រតិបត្តិរបស់សណ្ឋាគារ Frangipani Villa ជាសហគ្រិនជោគជ័យមួយរូបក្នុងពេលបច្ចុប្បន្ន លោកបានឆ្លងកាន់លំបាកជាច្រើនទម្រាំរកស៊ីតំាងពីចំណុចតូច រហូតដល់ធំមានការរីកចម្រើនខ្លាំង៕អត្ថបទដោយ៖ ម៉ន វុទ្ធា     [email protected] 

Comments