ពេលគេសួរខ្ញុំពីអ្នក

D
dara1987
ពេលគេសួរខ្ញុំពីអ្នក

 ខ្ញុំបានត្រឹមតែញញឹម តែគ្មានចំលើយ។ ព្រោះរវាងយើងវាលែងមានអ្វីថ្មី គ្រប់យ៉ាងត្រូវបានបិទបញ្ចប់ទៅដោយស្ងាត់ៗ។
លែងមានការខល ឆាត ឬ សូម្បីបានជួបប្រសព្វគ្នាម្ដងទៀត។
ពួកយើងសុទ្ធតែកំពុងរង់ចាំឱ្យពេលវេលាចាស់ៗរបស់យើង ក្លាយទៅជាអតីតកាល ហើយកប់បាត់ទៅជាមួយពេលវេលា។
ខ្ញុំរីករាយនឹងរង់ចាំថ្ងៃនោះ រីករាយនឹងស្វាគមន៍ពេលវាមកដល់។ តើអ្នកដឹងទេ? ថាពេលមនុស្សម្នាក់មានអារម្មណ៍ថាការឈឺចាប់មួយនេះគឺគ្រប់គ្រាន់សម្រាប់គេ គេគ្មានទៀតទេអារម្មណ៍សោកស្ដាយ។
គេរីករាយនឹងរើសយកផ្លូវជីវិតមួយថ្មី ដែលអាចជួយឱ្យគេបានរស់នៅលើលោកនេះដោយសុខសាន្ដ និង លែងឈឺចាប់។
ការបានបោះជំហ៊ាននៅលើដងវិថីនៃខ្សែជីវិតថ្មីដែលយើងបានជ្រើសរើស ព្រមជាមួយនឹងការដើរយឺតៗតែច្បាស់ជាមួយនឹងក្ដីសុបិនរបស់ខ្លួន ថាយើងត្រូវការអ្វី? វាក្ដីសុខម្យាងទៅវិញ។ ព្រោះយើងលែងបែងចែកអារម្មណ៍ លែងរត់តាមអារម្មណ៍របស់អ្នកណាម្នាក់ យើងមានសេរីភាពគ្រប់គ្រាន់ក្នុងការបន្ដក្ដីស្រមៃរបស់យើងតទៅទៀត ដោយមិនចាំបាច់ត្រូវគិតខ្វល់ពីអ្វីទាំងអស់។
ខ្ញុំស្រាប់តែចេះពេញចិត្តនឹងជីវិតរបស់ខ្លួនឯងសព្វថ្ងៃនេះ មានមិត្តជាទីស្រលាញ់មិនប៉ុន្មាននាក់ហើយពួកគាត់ជាមិត្តផង ជាបងផង និង ជាប្អូនផង ពួកយើងតែងផ្ដល់ពេលវេលាសម្រាប់គ្នាជានិច្ច។ ពេលព្រឹកឡើងខ្ញុំតែងបើកភ្នែកឡើងមកជាមួយពាក្យថា អរគុណ និង ដឹងគុណ!
ខ្ញុំរស់នៅជាមួយក្ដីសុបិនដែលកាន់តែលេចចេញជារូបរាងច្បាស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ 
ខ្ញុំតែងតែដើរទៅមុខជាសន្សឹមៗ ហើយមិនដែលសូម្បីតែគិតថាចង់ងាកក្រោយ កុំថាឡើយបកក្រោយ។
សរុបមក ពេលនេះខ្ញុំមានក្ដីសុខ! ព្រោះលែងមានអីត្រូវខ្លាច និង លែងមានអ្វីត្រូវបាត់បង់ទៀតដូចគ្នា។ ព្រោះខ្ញុំបានបាត់បង់រួចហើយ។ 
ហើយគ្រប់យ៉ាងដែលបានឆ្លងកាត់មកវាប្រៀបដូចជាសុបិនដ៏យូរអង្វែងមួយ តែថ្ងៃនេះគឺជាការពិត!
ថ្ងៃនេះមានខ្ញុំ! តែអតីតកាលទេដែលគ្មានខ្ញុំ....🫶🏻

Comments