ភាពស្ងប់ស្ងាត់របស់ខ្ញុំ បានលេចចេញនូវចំលើយជាច្រើន ហើយក៏ផ្សេងៗគ្នាទៅតាមការយល់ឃើញតែរៀងខ្លួន។ ដូចថ្មីៗនេះអុីចឹង! គាត់ថាខ្ញុំបានបំភ្លេចគាត់ចោលហើយ! ទាំងដែលការពិតគាត់នៅគ្រប់ផ្នែកនៃការចងចាំរបស់ខ្ញុំ ការនឹករលឹក និង ព្រួយបារម្ភ។
តែសួរថា ហេតុអីខ្ញុំស្ងាត់ម្ល៉េះ?
ព្រោះខ្ញុំគ្មានសមត្ថភាពនាំភាពរីករាយមកឱ្យខ្លួនឯង។ មួយរយៈធំកន្លងមកនេះ ជីវិតហាក់ប្រទាញប្រទង់ទៅនឹងរឿងរ៉ាវស្មុកស្មាញ និង ឈឺក្បាលជាច្រើន រួមទៅដល់សុខភាពដែលមិនយោគយល់ដល់ខ្ញុំផងនោះ វារឹតតែទាញខ្ញុំចុះទាបទៅជារៀងរាល់ថ្ងៃ។
ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំកាន់តែមិនចុះសម្រុងនឹងជីវិតខ្លួន។ ការព្យាយាមយកឈ្នះខ្លួនឯង និង បញ្ហាជាច្រើន បានធ្វើឱ្យខ្ញុំអសមត្ថភាពក្នុងការបង្កើតភាពរីករាយ រួសរាយចំពោះខ្លួនឯង និង មនុស្សជុំវិញខ្ញុំ។
ចំពោះសំណេរដែលបញ្ជាក់ពីការអាក់អន់ស្រពន់ចិត្តរបស់គាត់ ខ្ញុំអាចយល់បាន។ ហើយគ្មានសូម្បីកូនចិត្ត ដែលខូចចិត្តពេលគាត់មិនយល់ពីយើង។
ព្រោះដឹងថា គាត់គ្មានកំហុសទេ ព្រោះយើងខ្លួនឯងមិនដែលនិយាយ មិនដែលហាមាត់ថា ជីវិតរបស់យើងធ្លាក់ដល់ចំណុចណា? យើងជួបបញ្ហាអ្វីមកខ្លះ? តើឱ្យគាត់ដឹង និង យល់ពីយើងបានយ៉ាងម៉េចទៅ?
អ្នកមិនដឹងគឺគ្មានកំហុសទេ។
ថ្ងៃខ្លះខ្ញុំពិតជាហត់នឿយណាស់ និង ចំពោះគ្រប់រឿង។ ហត់រហូតគ្មានពេលនឹងពន្យល់ថា វាយ៉ាងម៉េច?
ព្រោះមួយថ្ងៃៗយើងចំណាយពេលវេលាស្ទើរតែទាំងស្រុងទៅលើការ ប្រយុទ្ធលើសមរភូមិជីវិតដែលក្ដៅគគុកស្ទើរតែរាល់ថ្ងៃនោះ!
ទោះគាត់យល់ពីយើង ឬ មិនយល់ពីយើង ក៏មានតែយើងតែម្នាក់ឯងគត់ដែលត្រូវរ៉ាប់រងបញ្ហាអស់នោះ តែឯងមួយថ្ងៃហើយ មួយថ្ងៃទៀត។


