ខ្ញុំបានទៅពិក្សាជាមួយបងស្រីម្នាក់ ។ នៅពេលដែលខ្ញុំលែងទុកចិត្តខ្លួនឯង គាត់ជាមនុស្សដំបូងដែលខ្ញុំជ្រើសរើសទៅជួបគាត់ ។ ខ្ញុំបាននិយាយជាមួយគាត់ពីជំនួញដ៏តូចញឹបរបស់ខ្ញុំ តែខ្ញុំមានក្ដីស្រឡាញ់យ៉ាងធំធេងក្នុងនោះ។ ខ្ញុំបានសុំដំណោះស្រាយពីគាត់ ពីរបៀបកែខៃបញ្ហា និង ការផ្លាស់ប្ដូរសសៃឈាមពីខាងក្នុង។
គាត់តបថា៖
🌿តម្លៃមិនជាបញ្ហាចោទ បើតាមបងស្ដាប់ទៅ។ តែអ្វីដែលសំខាន់ អូនត្រូវដឹងថា អូនលក់ឱ្យអ្នកណា? អតិថិជនអូន ក្មេង ចាស់ ឬ វ័យកណ្ដាល? ហើយក្នុងមួយនាក់ គាត់អាចមកញ៉ាំបានប៉ុន្មានដង ក្នុងមួយសប្ដាហ៍? អាជីវកម្មមួយ យើងត្រូវដឹងជាមុនសិនថា យើងលក់ឱ្យអ្នកណា? ជាភ្ញៀវខ្មែរ ឬ បរទេស? ទីតាំងនៃការរស់នៅ តើអ្នកនៅទីនេះ ជាធម្មតា អាចទទួលយកបាននូវតម្លៃប៉ុណ្ណា?
#សម្រាប់ខ្ញុំនេះជាសំនួរសំខាន់!
ក្រោយពិគ្រោះយោបល់អស់40នាទីកន្លងទៅ ។ គាត់សួរថា៖
🌿ជាការល្អទេ? បើអូន ពិចារណា ទៅលើអាជីវកម្មផ្សេងពីនេះ?
ខ្ញុំតបភ្លាមថា៖
🌿ទេ! បង...ខ្ញុំស្រឡាញ់ការងារនេះ ស្រឡាញ់ខ្លាំងណាស់។ ខ្ញុំចង់កែខៃ ជាជាងបញ្ចប់។
គាត់តបថា៖
🌿អូន! ស្រឡាញ់ត្រឹមតែមួយមុខ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អូនត្រូវសួរខ្លួនឯងថា អ្វីដែលអូនកំពុងឱបក្រសោប នេះអាចជួយឱ្យជីវិតអូន ល្អប្រសើរជាងមុនដែរ ឬ អត់?
#សំនួរដែលធ្វើឱ្យខ្ញុំគាំង!
ខ្ញុំស្រាប់តែនឹកដល់មនុស្សជាច្រើន ដែលសុខចិត្តធ្វើការងារដែលមិនមែនជាចំណូលចិត្តខ្លួន ព្រោះតែក្រពះ។
មួយម៉ោងកន្លងទៅ ខ្ញុំទទួលបានមេរៀនល្អៗជាច្រើនពីគាត់។ គាត់សួរសំនួរចុងក្រោយ៖
🌿ក្នុង១អាទិត្យ តើអូនចំណាយពេលដើម្បីខ្លួនឯងបានប៉ុន្មានថ្ងៃ?
ខ្ញុំឆ្លើយថា៖
🌿១ខែ ខ្ញុំមិនទាន់បានចេញក្រៅម្ដងផង បង!
ហេតុអី? គាត់សួរ
ខ្ញុំឆ្លើយថា៖
🌿ខ្ញុំមានការងារច្រើនណាស់!ដកខ្លួនមិនបានទេបង។
គាត់សួរថា ក្នុងផ្ទះមានមនុស្សប៉ុន្មាននាក់?
🌿ខ្ញុំថា ៧នាក់! គាត់ងក់ក្បាលមួយៗ ហើយនិយាយថា៖
🌿ចែកការងារគ្នា ! គ្រប់គ្នាត្រូវមានចំណែក ដាក់វេនគ្នាទៅតាម ភាពបុិនប្រសព្វ រៀងខ្លួន។ អ្នកណាធ្វើអីបានល្អ ឱ្យគេធ្វើហ្នឹងទៅ។
ចែកពេលធ្វើការឱ្យស្មើគ្នា យើងក៏នឹងសល់ពេលទំនេរស្មើគ្នា។
ជាទូទៅ បងនិយាយឱ្យច្រើន មនុស្សអាចមានអាយុចន្លោះពី 90 ទៅ 100ឆ្នាំ។ អូនយក365ថ្ងៃ ទៅគុណ និង 100ឆ្នាំ អូននឹងឃើញចំនួនថ្ងៃ។ហើយយកមក ដក និង ចំនួននៃពេលវេលាដែលយើងចាយអស់ នៅសល់ប៉ុន្មាន??
ជីវិតខ្លី! អូនគួររៀបចំគុណភាពជីវិតអូនឡើងវិញ!
________________________________________
📍សម្រាប់ខ្ញុំការពិភាក្សាខាងលើ គឺមានតម្លៃណាស់!
ទើបខ្ញុំចង់ចែកលែកសារនេះទៅកាន់មិត្តអ្នកអាន។
ហើយនៅមានវិធីជាច្រើនទៀត ដែលគាត់បង្រៀនខ្ញុំ ដោយមិនគិតប្រាក់ និង ថ្លៃខាតពេលរបស់គាត់។
📍បើយើងត្អូញត្អែរ យើងនឹងទទួលបានពាក្យលួងលោម តែបើយើងស្វែងរកដំណោះស្រាយ យើងនឹងទទួលបានដំណោះស្រាយ ហើយបើរកត្រូវមនុស្ស បញ្ហាគ្រប់យ៉ាងនឹងងាយជាងមុន។

