ក្នុងរដូវវស្សារ ក៏អាចមានកូនរដូវប្រាំងតូចមួយនៅក្នុងនោះ។
ធម្មតាជាតិហាក់ដូចជាយល់ការ គឺតែងតែទុកនូវចន្លោះទំនេរ និង រយៈពេលខ្លីៗ.....ដើម្បីឲ្យយើងមានពេល ឈប់ និង សម្រាក។
ជីវិតទោះហត់នឿយ ឬ រវល់ ដកដៃមិនរួចយ៉ាងណា ក៏គង់មានមួយពេលដែលយើងបានពាល់ត្រូវ នឹងភាពទទេរស្អាតនៃអារម្មណ៍។ ពេលពាល់ត្រូវអារម្មណ៍បែបនេះ កាលពីដំបូងៗ ខ្ញុំភ័យណាស់។ ភ័យខ្លាចខ្លួនឯង បាត់បង់សម្ថភាពនៃការគិត ភ័យខ្លាចខ្លួនឯងពិការមនោសញ្ចេតនា ភ័យខ្លាចខ្លួនឯងបាត់មនោសញ្ចេតនា ក្នុងការសរសេរ ពណ៌នា។ ហើយជារឿយៗ ខ្ញុំតែងបង្ខំខ្លួនឯង ឲ្យសរសេរ ព្យាយាមគិត តែគ្រប់យ៉ាងដែលធ្វើទៅ ហាក់មិនបានល្អទាល់តែសោះ។
តែដោយឆ្លងកាត់វេលាសមរម្យមួយ គ្រប់យ៉ាងក៏វិលទៅរកភាពធម្មតា ខ្ញុំមានថាមពលក្នុងការគិត ខ្ញុំនៅតែសរសេរបាន នៅតែអាចផ្ដោតអារម្មណ៍អានសៀវភៅបានយ៉ាងច្រើនម៉ោង ដូចដើម ។ ពេលនេះ ខ្ញុំក៏ត្រូវមកពាល់នឹងអារម្មណ៍បែបនេះម្ដងទៀត ដោយឆ្លងកាត់ញឹកញាប់ ខ្ញុំលែងភ័យព្រួយ តែបែជាគិតថា ប្រហែលជាដល់ពេលដែលត្រូវសម្រាកទៀតហើយ។
គ្រប់យ៉ាងសុទ្ធតែត្រូវការចន្លោះពេលវេលា ដើម្បីសម្រាក និង បំពេញថាមពលសារឡើងវិញ ដើម្បីបន្ដដំណើរទៅមុខទៀត។
ហើយវាក៏មិនមែនជារឿងចម្លែក ដែលប៉ុន្មានថ្ងៃនេះ ខ្ញុំហាក់ស្ងៀមស្ងាត់ ហើយក៏គ្មានអត្ថបទ ត្រូវចេញ ញឹកញយ ដូចសព្វមួយដងដែរ....។
ល្ងាចមិញខ្ញុំបានដាំគ្រាប់ផ្កាមួយចំនួន ពេលជីកកប់ទៅក្នុងដី ខ្ញុំស្រាប់តែនឹកឃើញថា ពេលដាក់គ្រាប់ចូលទៅ គ្រាប់ពូជនេះក៏ត្រូវការពេលវេលា ដើម្បីលូតលាស់ ទម្រាំចេញពន្លក ក៏ត្រូវការពេលវេលា បី ទៅ បួន ថ្ងៃដែរ ។ ខ្ញុំនឹកឃើញភ្លាមថា ខ្ញុំគួរតែរស់នៅឲ្យស្របនឹងធម្មជាតិឲ្យបានល្អជាងនេះបន្ដិចទៀត គឺដូចគ្រាប់ផ្កានេះអញ្ចឹង! ត្រូវការពេលវេលា ដើម្បីរីកលូតលាស់។
ប្រហែលខួរក្បាលធ្វើការធ្ងន់ៗ រាល់ថ្ងៃ ទើបវាត្រូវការសម្រាកយ៉ាងដូច្នេះ! គួរតែឲ្យវាបានសម្រាកខ្លះក៏ល្អ។ ខ្ញុំបិទកុំព្យូទ័រ លែងសរសេរលុបៗ ហើយសាកបណ្ដោយ ឲ្យវាបានសម្រាកយ៉ាងស្កប់ស្កល់ចុះ....។ ខ្ញុំដាំផ្កា លេងជាមួយឆ្កែ ឆ្មា យ៉ាងស្ងប់សុខ ដោយលែងប្រទាញប្រទង់នឹងភាពភ័យខ្លាចនៃអារម្មណ៍ទទេរស្អាតនេះតទៅទៀត។ ពេលយប់អានសៀវភៅតិចតួចក៏សម្រាក។
#ជួបគ្នាជាថ្មីពេលខ្ញុំរឹងមាំ🍃☘️🌱


