ផែនការប្រយុទ្ធ (ពាក្យ៤)

D
dany
https://s33.postimg.cc/3xauk61gv/2018-07-11_21.57.36.png ផែនការប្រយុទ្ធ ក្តៅដូចដែកដុត ក្នុងភ្លើងចង្រ្កាន ទំនប់ប្រឡាយ ដូរបាយពីរចាន ជួនកាល​មិនបាន បានតែ​បបរ។ ការដ្ឋានល្ងាចព្រឹក ញើសហូរដូចទឹក ខំប្រឹង​ត្រដរ កាប់គាស់រែកដី គ្មានថ្ងៃឈប់ឈរ ខំប្រឹង​ត្រដរ បង្គីជាប់ស្មា។ ក្មេងចាស់ប្រុសស្រី ដូចគោក្របី ដូចឆ្កែដូចឆ្មា មិនហ៊ានប្រកែក ជជែក​តវ៉ា ព្រោះខ្លាចអង្គការ យកទៅវ៉ៃចោល។ ខ្លះ​ឈឺ​ស្គមស្គាំង រែក​មិនបាន​ខ្លាំង ត្រូវគេបំបោល ដាក់ដីបន្ថែម ទាល់តែដួលត្មោល គេអូសទៅចោល នៅ​ជើង​ទំនប់។ ប្រយុទ្ធទាំងថ្ងៃ មិនបន្ថយដៃ ប្រយុទ្ធទាំងយប់ ព្រឹកភ្លឺមិនទាន់ ឡើងខ្នងទំនប់ ផែនការចាស់ចប់ ផែនការថ្មីចាំ។ អ្នកមានកំលាំង រែកដីក្លាខ្លាំង ហៅថា​សកម្ម អ្នកខ្សោយថាមាន សតិអារម្មណ៍ ជួនត្រូវគេនាំ យកទៅកសាង៕ អ្នកនិពន្ធ គង្គ ប៊ុនឈឿន https://s33.postimg.cc/5p3tf67zz/2018-07-11_21.57.00.png

Comments