រឿងព្រេងទាក់ទងនឹងទំនៀមចោះត្រចៀកកូនស្រី

តាមទំនៀមពីបុរាណកាលមក ក្មេងស្រីៗ សុទ្ធតែចោះត្រចៀកគ្រប់ៗគ្នាទាំងអស់។រហូតមកដល់សម័យបច្ចុប្បន្ននេះក៏នៅតែធ្វើចំពោះត្រចៀកដែរគឺគេចោះត្រចៀកទុកសំរាប់ពាក់គ្រឿងអលង្ការផ្សេងៗមានកាវ កបិត ទំហូជាដើម។ឯក្មេងប្រុសៗមិនមានចោះត្រចៀកទេ។
រឿងនេះខ្ញុំបានដឹងពីដូនចាស់ម្នាក់ឈ្មោះមាសនៅភូមិពោធិដូនអស់ គាត់ស្លាប់ប្រហែលជាង១៨ឆ្នាំហើយ។
ដើមឡើយខ្ញុំសួរគាត់ថា«យាយ!ហេតុដូចម្តេចក៏ប្រហោងត្រចៀកយាយធំម៉្លេះ?តើយាយពាក់កាវប៉ុណ្ណាទៅ?»យាយមាសឆ្លើយតបវិញថា«ចៅឯងមិនទាន់ដឹងទេ ចាស់ៗជំនាន់យាយគេមិនសូវពាក់កាវទេគឺគេពាក់តែត្រសាល់ ឯត្រសាល់នោះបើអ្នកមានទ្រព្យសម្បត្តិច្រើនគេធ្វើដោយមាស ប្រាក់ឬភ្លុក។ឯអ្នកក្រសម្បត្តិវិញធ្វើដោយឈើពាក់សោះតែទំនេរត្រចៀកណា៎ចៅ។អាស្រ័យការពាក់ត្រសាល់នេះទើបបានជាត្រចៀកយាយយារ ធ្លាក់ចុះហើយមានប្រហោងធំដូច្នេះឯង»។ត្រសាល់នេះរាងប៉ុនមេដៃមានសណ្ឋានប្រហែលនឹងត្រសាល់អំបោះសព្វថ្ងៃនេះ តែល្អជាងដោយមានឆ្លាក់ក្បូរក្បាច់នៅត្រង់មុខ ព្រោះហេតុតែមានរាងរៅដូចគ្នានឹងត្រសាល់អំបោះយ៉ាងនេះហើយទើបគេហៅវាថា«ត្រសាល់»ដែរ។
តែក្មេងស្រីៗជំនាន់ដើមគេពាក់គ្រឿងអលង្ការម៉្យាងហៅថា«កន្ទួត» កន្ទួតមានមុខដូចជា«កាវទងត្រង់»សព្វថ្ងៃនេះដែរតែឥតមានត្បូងទេ។នៅត្រង់កន្លែងដាក់ត្បូងគេធ្វើរាងដូចផ្លែកន្ទួតហើយ ធ្វើក្រវិលមូលមួយសម្រាប់ដោតក្នុងរន្ធត្រចៀកចោះ។កន្ទួតនោះគេធ្វើដោយមាសឬទង់ហ្វ៊ា។
ទំនៀមចោះត្រចៀកនេះមានរឿងព្រេងមួយតំណាលថា:
កាលកន្លងទៅយូរយារណាស់ហើយនោះ មានកុដុម្ពីក៍ម្នាក់ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមានខ្ញុំកំដរស្រី ប្រុសច្រើន មានមាសប្រាក់កែវកងពិទូរសូរកាន្តសព្វបែបយ៉ាង។កុដុម្ពីក៍នលះមានចិត្តក្បត់នឹងភរិយារបស់ខ្លួន ហើយទៅសហាយស្មន់នឹងខ្ញុំស្រីម្នាក់។លុះយូរទៅប្រពន្ធដើមដឹងរឿងតែធ្វើមិនដឹងធ្វើដូចម្តេចនឹងធ្វើបាបមេខ្ញុំស្រីនោះបាន។ថ្ងៃមួយកុដុម្ពីក៍មានដំណើរទៅស្រុកក្រៅពេញមួយថ្ងៃ ប្រពន្ធដើមបានឱកាសក៏នាំទាសីដទៃទៀតរបស់ខ្លួនទៅចាប់នាងស្រីជាសហាយរបស់ប្តីនោះធ្វើបាបដោយវាយដំច្រំធាក់ និងជេរបញ្ចោរច្រាលឆ្អេះយ៉ាងអស្ចារ្យរួចយកដែកគោលមកបោះត្រង់ចុងស្លឹកត្រចៀកទាំងពីររបស់នាងនោះហើយទុកចោលលើផ្ទះនោះទៅ។
លុះវេលាល្ងាចកុដុម្ពីក៍ត្រឡប់មកពីស្រុកក្រៅវិញឃើញដូច្នោះក៏សួរទៅនាងសហាយនោះថា«យ៉ាងម៉េច!បានជាគេយកដែកគោលបោះស្លឹកត្រចៀកដូច្នេះ?»។នាងក៏ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ប្តីក៏ដកដែកគោលចេញ រកថ្នាំលាបស្រួលបួលហើយអោយទៅនៅផ្ទះមួយឆ្ងាយពីគ្នា។
ចាប់តាំងពីថ្ងៃនោះមកនាងសហាយនោះមានសេចក្តីអៀនខ្មាសគេជាច្រើន ព្រោះត្រចៀកខ្លួនមានស្នាមប្រហោង។នាងចេះតែនិយាយនឹងប្តីថាអោយជួយធ្វើយ៉ាងណា ដើម្បីអោយបាត់ស្នាមប្រហោងត្រចៀកនាង។កុដុម្ពីក៍ធានារ៉ាប់រងថានឹងរកមធ្យោបាយធ្វើអោយបាត់ស្នាមហើយអោយបានល្អទៀតផង។នៅយប់មួយកុដុម្ពីក៍ដេកសញ្ជឹងគិតឃើញថាបើអញយកមាសទៅអោយជាងរចនាធ្វើជារបស់អ្វីមួយមានរបៀបដូចដែកគោល ហើយយកមកអោយនាងពាក់បិទត្រង់រន្ធស្នាមនោះប្រហែលនឹងបានល្អ។លុះគិតហើយទើបកុដុម្ពីក៍ចាត់អោយជាងធ្វើបានដូចបំណង ដោយបង្គាប់អោយធ្វើមានមុខដាំត្បូងពេជ្ររំលេចដោយក្បាច់រចនាផ្សេងៗយ៉ាងល្អវិចិត្រគួរអោយចង់បាន។នាងសហាយក្រោយដែលបានពាក់ដែកគោលមាសដាំត្បូងពេជ្រក៏ឃើញថាមានសំរស់ប្លែក នាំអោយនាងមានចិត្តរីករាយយ៉ាងក្រៃលែង។
លុះថ្ងៃក្រោយមកនាងប្រពន្ធដើមបានឃើញត្រចៀកនាងដែលខ្លួនបោះដែកគោលនោះមានពន្លឺភ្លឺភ្លេកៗគួរអោយស្រឡាញ់ក៏សួរនាងនោះថា«នាងបានអ្វីមកពាក់នៅច្រចៀកនោះក៏ល្អម្ល៉េះ?»។នាងសហាយឆ្លើយថា«ខ្ញុំពាក់ដែកគោលដាំត្បូងពេជ្រជំនួសដែកគោលដែលអ្នកបានបោះកាលពីថ្ងៃមុននោះ»។
នាងប្រពន្ធដើមបានដឹងហើយក៏រកមធ្យោបាយចោះត្រចៀកខ្លួន ហើយអោយជាងធ្វើដែកគោលដាំត្បូងពេជ្រពាក់ដូចនាងប្រពន្ធចុងដែរ។
ចាប់តាំងពីសម័យនោះមកស្រីៗឯទៀត ក៏នាំគ្នាចោះត្រចៀកកូនស្រីតាំងពីនៅក្មេងតូចៗទុកសម្រាប់ពាក់គ្រឿងអលង្ការផ្សេងៗជាប់រហូតមកដល់សព្វថ្ងៃនេះ៕
**ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងទំនៀមទម្លាប់ខ្មែរ**

