បណ្តាំជើងឯក (បទពាក្យ៤)

ជើងឯកនេះឯង គឺជាកន្លែង កាប់ចាក់ប្រល័យ
អ្នកទោសយកមក ពីគុកអវិចី តែងយកទៅវ៉ៃ
ចោលនៅព្រៃនេះ។
គួរខ្លាចម៉្លេះទេ ទីដីវាលស្រែ ប្រែជាបែកប្រេះ
ដោយស្នាមរណ្តៅ រាក់ជ្រៅពេញពាស ពួកវាសម្លេះ
ទាំងថ្ងៃទាំងយប់។
បើរណ្តៅធំ វ៉ៃប្រមូលផ្តុំ ដាក់ពេញទើបលប់
ដប់ម្ភៃសាមសែ ហាហុកមិនចប់ ខ្លះកាយត្រឡប់
កប់ដោយត្រាកទ័រ។
ជះក្លិនអាសោចន៍ ត្មោតលលកខ្មោច ក្អែកស្រែកកំដរ
ទំនួញជើងឯក ខ្លងហែកបន្ទរ បន្ទោសឃាតករ
ដែលពុលទ្រឹស្តី។
ជើងឯកផ្តែផ្តាំ ឲខេមរ៉ាចាំ ទាំងប្រុសទាំងស្រី
ថាពួកប៉ុលពត ជាបនប្រល័យ បំផ្លាញអ្វីៗ
ក្នុងសង្គមខ្មែរ។
គួរតែរាងចាល បក្សរ៉ាឌីកាល កុម្មុយនីស្តចាក់ខ្សែរ
ម្តងជឿតាមយួន ម្តងស្រាប់តែបែរ មកសម្លាប់ខ្មែរ
ព្រោះជឿតាមចិន។
បដិវត្តន៍អប្រិយ គ្មានចំរើនអ្វី ក្រៅពីបង្ហិន
ពិសោធល្ងីល្ងើ ធ្វើតាមតែចិន សង្កត់សង្កិន
បង្ហិនជាតិឯង។
អ្នកនិពន្ធ គង្គ ប៊ុនឈឿន




