រៀបការក្នុងគុក (ពាក្យ៧)
https://s33.postimg.cc/60d1w7j3j/2018-07-16_22.37.16.png
នៅក្នុងរបបវាលពិឃាត ជីវិតចង្អៀតសែនខ្លោចផ្សា
គ្មានទាំងមនោសញ្ចេតនា រវាងគ្រួសារប្រពន្ធប្តី។
ស្រីខ្លះធ្វើការបាក់កំលាំង ក្រមុំខ្លះរាំងបាត់ខែថ្ងៃ
ស្លេកស្លាំងទ្រុឌទ្រោមស្គមរីងរៃ ព្រោះបាយចំណីមិនគ្រប់គ្រាន់។
ស្រីក្មេងមើលទៅដូចជាចាស់ ប្រែប្រួលប្តូរផ្លាស់អស់សោភ័ណ
ព្រោះតែពលកម្មសែនទារុណ ដកស្ទូងរែកពុនធ្ងន់ធ្ងរពេក។
ធ្វើការពីព្រឹករហូតយប់ ដល់ផ្ទះព្រលប់លូនចូលដេក
រាងកាយខ្សោយខ្សោះអស់តម្រេក អស់កម្លាំងពេក ស្លេកអារម្មណ៍។
លែងនឹកគិតឃើញអ្វីទាំងអស់ ក្រៅតែពីពោះកូររណ្តំ
រឿងក្រពះឃ្លានហូបជាធំ អំបិលមួយដុំក៏ឆ្ងាញ់ដែរ។
គ្មានគិតស្នេហាការតពូជ ម្នាក់ៗក្បាលដូចសត្វតុកកែ
ខ្វះប្រេងសាប៊ូដុសលាងថែ មុជតែទឹកស្រែ-ក្អែលជាប់ខ្មៅ។
អ្នកដែលចង់កសាងគ្រួសារ មិនបាច់មេបាចូលចែចូវ
គ្មានលើកជំនូនជូនម៉ែឪ រឿងធំស្រេចនៅលើអង្គការ។
យុទ្ធជននិងនារីក្លាហាន អាចរៀបការបានគ្មានបញ្ហា
ឯអ្នកដប់ប្រាំពីរមេសា មិនអាចរៀបការអ្នកចាស់ឡើយ។
ទាល់តែពេញសិទ្ធិទាំងអស់គ្នា សកម្មការងារមិនកន្តើយ
ទាំងប្រវត្តិរូបត្រឹមត្រូវហើយ ទើបអង្គការឲរៀបចំបាន។
របៀបរៀបការនៅពេលនោះ មិនបាច់វាយឃ្នោះគោះឆ្នាំងចាន
មិនបាច់ភ្លេងភ្លាត់-បទបូរាណ មិនបាច់សន្តានញាតិអបអរ។
មិនបាច់ជប់លៀងច្រៀងរាំវង់ មិនបាច់ព្រះសង្ឃជួយសូត្រធម៌
មិនបាច់តុបតែងស្លៀកពាក់ល្អ មិនបាច់ជូនពរ-បាចផ្កាស្លា។
រៀបតាមបដិវត្តន៌ហ្មត់ចត់ក្រៃ ប្រុសស្រីឈរនៅមុខអង្គការ
លើកដៃឡើងលើហើយប្តេជ្ញា ស្មោះនិងអង្គការរហូតទៅ។
ពាក់មួករបបមាននាឡិកា បង់កក្រមារខោអាវខ្មៅ
ស្បែកជើងកង់ឡានជាន់ខ្ទេចស្មៅ បើមានម៉ែឪ-ឲនៅក្រោយ។
ជួនកាលជប់លៀងនំបញ្ចុក រៀបដាក់លើតុស្ទើរគ្មានល្បោយ
មាននំបាញ់នឿកលេបក្អឿកក្រោយ អ្នកកំលាំងខ្សោយភ្នែកបញ្ឈរ។
គូរៀបការខ្លះឃើញគ្នាមុន ធ្លាប់យល់សោភ័ណអាក្រក់ល្អ
ស្អាតឫមិនស្អាត-ខ្មៅឫស ទាក់ទងគិតគូរយូរមកហើយ។
គូខ្លះមិនដែលឃើញមុខគ្នា ស្រេចលើអង្គការកំណត់ឲ
ម្នាក់ទៅខាងមុខ-ម្នាក់នៅក្រោយ ខ្លះឃើញគ្នាហើយស្រងាកចិត្ត។
សុទ្ធតែពួកឈ្លបដែលពិការ សល់ពីមរណាច្រើនពេកពិត
ខ្លះកំបុតដៃខ្លះជើងស្វិត ខ្លះមុខក្រពិតខ្វាក់ភ្នែកម្ខាង។
យកមកឲឈរតំរៀបគ្នា ចងសំពត់ជាវាំងននបាំង
ហុចតែម្រាមមួយចេញមកម្ខាង ឲពួកនាងៗចាប់ទាញដៃ។
ចាប់ប៉ះអ្នកណាយកអ្នកនោះ ទោះឆែបច្រមុះឫជើងខ្លី
ទោះជាខ្វាងម្ខាក់បាក់អត់ដៃ ក៏មិនត្រូវស្តីជំទាស់ដែល។
ត្រូវតែរៀបការមិនរអ៊ូ រៀបម្តងម្ភៃគូឈរមុខក្រោយ
តាំងចិត្តប្តេជ្ញាមិនកន្តើយ ពេលរៀបការហើយត្រូវតែស្មោះ។
ពូកឈ្លបចាំលបលួចយកការ យប់ឡើងកាលណាគូទាំងអស់
ព្រមរួមដំណេកឫអត់សោះ? បើព្រមបានរស់-អត់គឺស្លាប់។
រៀបការក្នុងគុកឥតជញ្ជាំង នឹកឡើងអួលភាំងឈឺចុកចាប់
វិប្បលាសផ្លាស់ប្តូរប្រែក្រឡាប់ រៀបការ-ដូចស្លាប់-មានន័យអ្វី? ៕
https://s33.postimg.cc/xnprag9gv/2018-07-16_22.36.43.png
អ្នកនិពន្ធ: គង្គ ប៊ុនឈឿន

