មណ្ឌលពុទ្ធគិរីកម្ពុជា និងរមណីយដ្ឋានកំពូលពេជ្រ
https://s33.postimg.cc/58bha7czz/IMG_7486.jpg ពេលដែលប្រទេសយើង មានសុខសន្តិភាពពេញលេញការរីកចំរើនក៏ឆាប់រហ័សស្ទើរគ្រប់វិស័យ ផ្លូវថ្នល់កៅស៊ូខ្វាត់ខ្វែង បង្ករការងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ទីជិតឆ្ងាយគ្រប់ខេត្តក្រុង។
ដោយប្រទេសយើង សំបូរទៅដោយទេសភាពធម្មជាតិស្រស់បំព្រង ការបង្កើតរមណីយដ្ឋានធម្មជាតិក៏មានកាន់តែច្រើននិងស្រស់ស្អាតមិនចាញ់ប្រទេសគេប៉ុន្មានឡើយ ដោយគ្រាន់តែកែច្នៃបន្ថែមខ្លះៗ មើលទៅកាន់តែស្រស់ស្អាតទ្វេឡើង ដោយមិនចាំបាច់ធ្វើដំណើរទៅលំហែរកាយនៅប្រទេសក្រៅឡើយ។ យើងអាចធ្វើដំណើរលំហែរកាយនៅក្នុងប្រទេសតាមខេត្តនានានៅថ្ងៃចុងសប្តាហ៍ ថ្ងៃឈប់សំរាកពីការងារ និងក្នុងថ្ងៃបុណ្យជាតិនានាយ៉ាងសប្បាយរីករាយជាមួយក្រុមគ្រួសារ និងជួយធ្វើអោយប្រជាជនរស់នៅជិតតំបន់រមណីយដ្ឋានមានការងារធ្វើរកចំណូលបានយ៉ាងប្រសើរ ល្អជាងយើងយកលុយទៅចាយវាយនៅប្រទេសគេ បានលុយទៅប្រជាជនគេ។
ដូចរាល់ដង ឆ្លៀតពេលទំនេរសំរាកពីការងារ នាងខ្ញុំតែងតែជូនអ្នកម្តាយនិងបងៗចេញមកលំហែរកាយ នៅតាមខេត្តជិតៗ ដោយលើកនេះនាងខ្ញុំបានជូនអ្នកម្តាយ មកលេងនៅរមណីយដ្ឋានធម្មជាតិ ពុទ្ធគិរីកម្ពុជា និងអន្លង់ភ្ញៀវកំពូលពេជ្រនៅខេត្តតាកែវដោយការធ្វើដំណើរប្រហែល២ម៉ោង ដោយចាកចេញមកពីផ្ទះនៅម៉ោង៦ព្រឹក។ យើងត្រូវធ្វើដំណើរចេញតាមរង្វង់មូលចោមចៅ ឆ្ពោះកាន់ខេត្តកំពង់ស្ពឺ មកដល់ថ្នល់ទទឹងយើងត្រូវបត់ឆ្វេងដៃទៅស្រុកបរសេដ្ឋ និងត្រាំកក់ខេត្តតាកែវ ពេលជិះជិតដល់ផ្លូវបត់ទៅពុទ្ធគិរីយើងនិងឃើញមានផ្លាកលើកបង្ហាញពីមណ្ឌលពុទ្ធគិរីកម្ពុជា ហើយយើងបន្តជិះតាមផ្លាកដែលគេបានលើកបង្ហាញតាមផ្លូវរហូតចូលដល់ មណ្ឌលពុទ្ធគិរីកម្ពុជា។ នៅទីនេះគេបានតំកល់ព្រះពុទ្ធរូបមួយអង្គយ៉ាងធំ នៅលើកូនភ្នំតូចមួយ និងមានព្រះពុទ្ធរូបតូចៗចំនួន ៨៤០០០អង្គអមពីខាងក្រោមជុំវិញព្រះអង្គធំ ដោយគេធ្វើកាំជណ្តើរឡើងទៅលើភ្នំដែលមានកំពស់ ១២៨០ម៉ែត្រ។ https://s33.postimg.cc/69gbdbjfz/IMG_7514.jpg ក្រោយពីជូនអ្នកម្តាយឡើងដល់លើភ្នំអុជធុប បន់សុំសេចក្តីសុខពីព្រះអង្គធំរួចហើយ ក៏នាំគ្នាចាកចេញទៅកាន់រមណីយដ្ឋានអន្លង់ភ្ញៀវកំពូលពេជ្របន្តទៀត។ កំពូលពេជ្រជារមណីយដ្ឋានធម្មជាតិមួយដោយមានភ្នំព័ទ្ធជុំវិញជាជួរ និងមានព្រៃឈើពណ៌បៃតងស្រស់យ៉ាងត្រជាក់ភ្នែកគួរជាទីគយគន់ធ្វើអោយយើងភ្លេចអស់ការហត់នឿយពីការធ្វើដំណើរតាមផ្លូវ។ ដោយគេមានជីកធ្វើជាស្រះយ៉ាងធំនិងសង់ខ្ទមតូចៗជាជួរនៅលើមាត់ស្រះ ល្មមអាចអោយមនុស្ស៤~១០នាក់អង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធតាមជើងភ្នំ។ ពេលទៅដល់ នាងខ្ញុំមិនទាន់ចូលរកអីញ៉ាំភ្លាមៗនោះទេ ដោយបររថយន្តមើលទេសភាពនានាជុំវិញរមណីយដ្ឋាននិងចុះថតរូបទុកជាអនុស្សាវរីយយ៉ាងសប្បាយរីករាយក្រៃលែងជាមួយអ្នកម្តាយនិងបងៗ រួចហើយទើបចូលរកខ្ទមអង្គុយលេងលើមាត់ស្រះ និងកំម៉ង់ម្ហូបហូបបាយពេលថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសារ។
យើងនាំគ្នាចាកចេញមកភ្នំពេញវិញ នៅរសៀលម៉ោង៣ដោយមេឃរកកលចង់ភ្លៀង ពេលមកជិតដល់ត្រាំកក់មេឃក៏ធ្លាក់ភ្លៀងយ៉ាងខ្លាំង តែនាងខ្ញុំនិងអ្នកម្តាយព្រមទាំបងៗបានមកដល់ផ្ទះវិញដោយសុវត្តិភាពជាមួយស្នាមញញឹមគ្រប់ៗគ្នា៕https://s33.postimg.cc/dvxvfxiin/IMG_7519.jpg https://s33.postimg.cc/m3zt0pscv/IMG_7512.jpg
Comments