ឪពុកក្មេករើសកូនប្រសា (ភាគបញ្ចប់)

D
dany
https://s33.postimg.cc/yq0o9rc8f/2018-08-11_21.06.05.png លុះយប់តាចាស់យាយចាស់ចូលដេកក៏និយាយគិតគ្នាទៀត តាថា "គិតដូចម្តេចនិងផ្តាច់វាបាន? អានេះមានប្រាជ្ញាណាស់ តែនិងឲកូនយើងទៅវា វាមិនសមនិងកូនយើង ពីថ្ងៃម៉ិញវាដឹងថាឯងនៅក្នុងការុង វារែកទៅដល់កណ្តាលផ្លូវ វាថាធ្ងន់ណាស់ តែម្តាយវាមិនជេរ វារកទីណាមានស្បូវស្ងួត វារែកអំរែកទៅដាក់កណ្តាលស្បូវ ហើយវាដើរទៅរកភ្លើងមកដុតជុំវិញ។ ដល់ភ្លើងឆេះវាធ្វើជាស្រែកថា "នរណាដុតភ្លើងនេះ ឆេះអំរែកវាអស់ហើយវាឈរតែស្រែកមិនចូលយក ទុកទាល់តែភ្លើងឆេះក្តៅ ទើបវាចូលទៅអូសចេញមក អញភ័យណាស់តែចេញមិនរួច ព្រោះវាចងមាត់ការុងជាប់ អញរលាកអស់ទាំងខ្លួន ឥឡូវនេះយើងគិតដូចម្តេច និងផ្តាច់វាបាន" ។ យាយ​ថា "ឥឡូវយើងគិតថា ឲតាឯងធ្វើម្ចាស់ ឲវាធ្វើឆ្កែនាំទៅបណ្តើរអណ្តើក ឲវាវារដូចឆ្កែ បើវារកអណ្តើកមិនបាន ឫវាបោលមិនរួច នោះយើងផ្តាច់វាបាន" ។ តាចាស់ថា "អើ ! ដូនគិតដូច្នេះត្រូវ ព្រឹកអញធ្វើដូចឯងថា" ។ តាយាយគិតគ្នាហើយដេកទៅ។ ឯអ្នកកំលោះនោះស្តាប់ដឹងអស់ការហើយ វិលទៅផ្ទះវិញដេកដល់មាន់រងាវទើបពុនអណ្តើកយកទៅចងទុកក្នុងគុម្ពោតស្មៅឯវាល ឯនេះ ឯនោះពាសពេញតែវាល ដែលតាចាស់គាត់គិតទៅរកអណ្តើកនោះ ហើយវិលមកផ្ទះដេកធ្វើព្រងើយ។ លុះព្រឹកព្រហាមឡើង ចៅនោះទៅដល់ផ្ទះឪពុកម្តាយក្មេកៗ ក៏ឲកូនក្រមុំគាត់រៀបបាយលើកយកមកឲចៅនោះស៊ីៗ រួចក៏ប្រាប់ថា " កូន ! ឥឡូវយើងទៅបណ្តើរអណ្តើក ប៉ុន្តែយើងគ្មានឆ្កែ កូន​ឯង​ធ្វើ​ឆ្កែ ឪធ្វើម្ចាស់ យើងទៅក្រែងរកបានមួយពីរយកមកស៊ី" ។ ចៅនោះឆ្លើយបាទ ហើយតាចាស់ពូនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះទៅ។ ចៅនោះក៏បោលជើងបួនតាមពីក្រោយទៅ ដល់វាលកន្លែងវាចង់អណ្តើកនោះ ក៏វាបោលទៅមុនចូលគុម្ពស្មៅមួយវាកោះងុយៗ។ តាចាស់រត់ទៅដល់វាខាំបានអណ្តើកមួយ ហើយបោលទៅទៀត ខាំ​បាន​អណ្តើក ៦~៧ ដល់ថ្ងៃត្រង់ តាចាស់ឃ្លានពេកណាស់ ក៏អង្គុយគិតស្រាយបាយស៊ី។ ឆ្កែមើលទៅខាងឃើញក្របីមួយហ្វូងក៏បោលទៅខាំក្របី ក្របីបោលចូលស៊ីស្រូវអ្នកស្រុក តាចាស់ឃើញហើយរត់ទៅដេញឆ្កែ ដេញក្របីឲចេញពីឆ្កែៗ បោលមកស៊ីបាយអស់ហើយបោលទៅបាត់។ ឪពុកក្មេកម្ចាស់ឆ្កែមកវិញរកបាយស៊ីគ្មានឆ្កែស៊ីអស់ ខឹងណាស់ដេញវាយពុំទាន់ណាអស់កំលាំងឃ្លានបាយ ណាផ្លូវឆ្ងាយខំដើរមកផ្ទះវិញ ទាំងអត់បាយដើរពុំរួច បន្ទោសឆ្កែមិនបានព្រោះឆ្កែចំណាំតែអញ្ចឹង។ ដល់ផ្ទះស៊ីបាយរួចហើយ ប្រាប់​កូនប្រសា​ថា ទៅផ្ទះចុះព្រឹកសឹមមកវិញ។ ដល់យប់កូនប្រសាមកលបស្តាប់តាយាយគិតគ្នាទៀត។ លុះយប់តាយាយចូលដេក តាប្រាប់យាយពីកូនប្រសាធ្វើសព្វគ្រប់ ហើយតាឲយាយជួយគិតទៀត។ ដូនចាស់ប្រាប់ថា "ពីមុនវាធ្វើឆ្កែ តាឯងធ្វើម្ចាស់ វាធ្វើបាបតាឯងបាន ដូច្នេះព្រឹកតាឲវាធ្វើម្ចាស់តាឯងធ្វើឆ្កែវិញ" ។ តាយាយគិតគ្នាហើយដេកទៅ។ ចៅនោះលបស្តាប់បានការហើយ ក៏ទៅដេកឯផ្ទះធ្វើវាហី។ ព្រឹកឡើងចៅនោះទៅបំរើឪពុកម្តាយក្មេកទៀត។ តាយាយឲកូនក្រមុំលើកបាយមកឲស៊ីៗ រួចហើយក៏តាប្រាប់ថា "កូន​អើយ ! ពីម្សិលម៉ិញឯធ្វើឆ្កែ ថ្ងៃនេះឯងធ្វើម្ចាស់អញៗ ធ្វើឆ្កែម្តង" ។ ចៅ​នោះ​ឆ្លើយ​បាទ ហើយពុនបាយទឹកទៅ ឯតាវារធ្វើឆ្កែបោលតាមក្រោយ។ លុះហួសពីផ្ទះបន្តិចវាខំដើរលឿន កុំឲឪពុកក្មេកវាបោលទាន់។ តាបោលពុំទាន់ត្បិតខ្លួនចាស់ដើរត្រុកៗតាមវាពីក្រោយ ក៏វាបែរមកក្រោយថា "ឆ្កែអីស៊ីតែបាយបង្អស់ទៅមុខមិនទៅដើរតែក្រោយម្ចាស់ រកអណ្តើកម្តេចបាន? " ថាហើយវាយឆ្កែឲបោលទៅមុខ។ តាបោលក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយអណ្តើកក៏រកមិនបាន កូនប្រសាវាយស្ទើរស្លាប់ ហត់ស្ទើដាច់ខ្យល់ តែពុំហ៊ានស្តីព្រោះខ្មាស់កូនប្រសា។ លុះទៅឆ្ងាយដល់ថ្ងៃត្រង់ វាស្រាយបាយស៊ីហើយវាថា "ឆ្កែអីរកអណ្តើកមិនបាន ដើរតែក្រោយមនុស្ស ស៊ីបង្អស់តែបាយ" ហើយវាមិនឲបាយស៊ី វាឲតែឆ្អឹងឆ្អែងអង្គៀមមិនបែក ត្បិតគ្មានឆ្មេញ ឃ្លានណាស់អង្គុយមើលតែមុខវា ទាល់តែវាស៊ីអស់ វាវាយមួយព្រនង់ទៀត វាថា "ណ្ហើយទៅផ្ទះចុះបើមិនផេះទេ ឆ្កែអីឆ្នែងយ៉ាងហ្នឹង" ហើយវាងើបឡើងដើរទៅផ្ទះវិញ។ តាចាស់ហត់ណាស់វារមុនរួច ងើបដើរទៅតាមក្រោយ ចៅកម្លោះទៅដល់ផ្ទះប្រាប់ម្តាយក្មេកថា "ម៉ែ ! រកអណ្តើកមិនបានទេព្រោះឆ្កែមិនស្វាក់" ។ តាចាស់ខឹងណាស់ប្រាប់កូនប្រសាថា "ឯង​ទៅផ្ទះ​ចុះព្រឹកសឹមមកវិញ" ។ ចៅ​នោះ​ក៏​លា​ទៅ ដល់យប់មកលបពួនស្តាប់ក្រោមផ្ទះទៀត។ លុះ​យប់​តាយាយ​ចូល​ដេក តានិយាយប្រាយយាយរឿងកូនប្រសាធ្វើបាប ហើយបង្អត់ទាំងបាយផង។ ដូន​ថា "ណ្ហើយឲកូនទៅវាទៅ ផ្តាច់វាមិនបានទេអានេះមានប្រាជ្ញាណាស់ ឯងគិតអីវាដឹងមុនទាំងអស់ វាធ្វើបាបស្ទើរតែនិងស្លាប់ម្តេចក៏មិនរៀង" ។ តា​ឆ្លើយ​ថា "និង​ទៅ​វា មើលទៅរូបរាងមុនសមនិងកូនយើងសោះ ប៉ុន្តែយើងធ្វើកលឲវាខឹង ឲ​វា​ជេរ​ម្តាយ វាមិនជេរ ដូច្នេះដូនជួយគិតអញម្តងទៀត បើវាធ្វើតាមមិនបានសឹមផ្តាច់វា" ។ ដូន​ចាស់​ថា "អើ ! ឥឡូវនេះមានតែពេលមាន់រងាវឡើង តាឯងលប់មុខស៊ីស្លា ហូបបាយ ចូលទៅក្នុងការុងមួយ ការុង​មួយទៀត​ច្រកអង្ករ បើព្រឹកឡើងវាមកខ្ញុំប្រាប់ថា តាឯងទៅផ្សារទិញឥវ៉ាន់ ហើយខ្ញ៉ប្រាប់វាឲរែកទៅ  ទៅឲទាន់វេលាស៊ីបាយព្រឹក ត្បិតផ្លូវទៅផ្សារក៏ឆ្ងាយដែល បើវារែកទៅមិនទាន់ មកវិញផ្តាច់វាយ៉ាងងាយ មួយទៀតដល់ពាក់កណ្តាលផ្លូវវាធ្ងន់ ប្រហែលវាឃើញថាស្ងាត់ហើយវាជេរមិនខាន" ។ តាចាស់និងយាយគិតគ្នាហើយដេកទៅ។ ឯកូនប្រសាដឹងការណ៍ហើយក៏ទៅដេកឯផ្ទះ។ លុះព្រឹកឡើងចៅនោះរៀបខ្លួន ដើរចេញទៅបំរើឪពុកក្មេកទៀត ដល់ហើយម្តាយឲកូនក្រមុំលើកបាយមកឲចៅនោះស៊ីទៀត ស៊ីហើយក៏ប្រគល់អំរែកឲកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារ ដូចគិតគ្នាពីល្ងាចនោះ។ ចៅនោះរែករែកដើរទៅហើយគិតថា "ម្តងនេះអញធ្វើឲឪពុកក្មេកអញនេះ ឲកូនមកអញ កុំឲរកកលធ្វើបញ្ឆោតអញក្រោយទៀត" គិតហើយតែរែកដល់ពាក់កណ្តាលផ្លូវ ដាក់អម្រែកចុះ ហើយ​ថា ការុងនេះចងមាត់មិនជាប់ វាយកខ្សែរចងថែមទៀត លុះរែកដើរទៅដល់ពាក់កណ្តាលផ្លូវមានព្រែកមានស្ពាន ក៏ដាក់អំរែកលើស្ពានត្រង់ចុងក្តារ នៅបន្តិចទៀតនិងធ្លាក់លើស្ពានហើយថា "អញអើយថ្ងៃណាស់ហើយ ម៉្លេះសមឪជេរមិនខាន អំរែកធ្ងន់រែកម្តេចឲទាន់ ណ្ហើយ! ឪជេរក៏ជេរចុះ អញដាក់នៅលើនេះទៅវាលសិន  រួចសឹមទៅទៀត "និយាយបណ្តើរដើរទៅបណ្តើរ។ មួយស្របក់ក៏កាន់ឈើធំមួយ ដើរមកពីនាយបុកក្តារស្ពានឮគ្រាំងៗ ធ្វើជាដំរីឆ្លងស្ពានហើយស្រែកថា "នរណាដាក់អំរែកនៅលើស្ពាន ដំរីអញវាជាន់ខូចអស់ហើយ យកចេញ​ឲ​ឆាប់ "ស្រែកហលយបុកក្តារដើរគ្រាំៗចូលមក។ ឯតាចាស់នៅក្នុងការុងគិតស្មាបថាជាដំរីមែន ភ័យក្រែងជាន់ស្លាប់ក៏ខំរើបម្រះជៀសផ្លូវដំរី ហួសពីក្តារធ្លាក់ទៅក្នុងទឹកៗ ចូលការុងឈ្លក់ទឹកត្រដរញ័រទាំងការុងស្ទើរតែនិងស្លាប់។ ឯកូនប្រសាឃើញដូច្នោះ ក៏ទុកឲផឹកទឹកបន្តិចកុំឲខូចទៀត ហើយធ្វើមកពីស្រែស្រែកថា "នរណាហ៊ានបរដំរី ឆាយអំរែកធ្លាក់ក្នុងទឹកទទឹកអង្ករអស់ ឱអញអើយ! ឪ​ជេរ​ថែមទៀត​ហើយ ថ្ងៃក៏កាន់តែខ្ពស់ ហើយអង្ករក៏ទទឹកអស់ថែមទៀត" ។ អ្នកកម្លោះឃើញឪក្មេកបម្រះញ័រក្នុងការុងក៏ថា "ឱមានទាំងត្រីមកបបេះផង ណ្ហើយអញចុញទៅស្រង់ឡើងមកមើល "ថាហើយក៏លោតទៅស្រង់ឡើង មកមើលហើយថា" អើបើវាទទឹកនិងស្រាយហាលថ្ងៃ ហើយរែកយកទៅ ឲម៉ែធ្វើនំបញ្ចុកឲឪ" ។ ស្រាយហើយឃើញតានៅក្នុងការុងល៏ថា "ឱឪអើយ! ម្តេចមិនស្រែកប្រាប់ខ្ញុំ កុំអីស្លាប់ទៅហើយ គេបរដំរីមកពីណា មិនដឹងឲដំរីឆាយធ្លាក់ទៅក្នុងទឹក" ។ តាឮហើយងើបឡើងឈរ ដើរវិលមកផ្ទះវិញមិនមាស្តីមួយម៉ាត់ ទៅដល់ផ្ទះអស់ចំណេះមិនហ៊ានគិតទៀត ក៏រៀបការកូនក្រមុំឲទៅអ្នកកម្លោះនោះទៅ៕ **ដកស្រង់ចេញពីសៀវភៅរឿងព្រេងខ្មែរ**

Comments

👌👌👌