អង្គការជាអ្វី? (ពាក្យ៥)

D
dany
https://s15.postimg.cc/mfytlx3iz/2018-07-15_22.31.57.png ចេះតែហៅតគ្នា មិនដឹងជាតួអង្គការ មែនទែននៅឯណា ហើយអង្គការនោះជាអ្វី?។ ខ្លះថាប្រធានឈ្លប មួករបបកាំភ្លើងខ្លី បង់ក្រមារថ្មី នាឡិកាដៃស្បែកជើងខ្មៅ។ នោះហើយជាអង្គការ មានអាជ្ញាអាចកោះហៅ ឲចងមនុស្សយកទៅ ចូលព្រៃជ្រៅវាយសម្លាប់។ ខ្លះថាប្រធានភូមិ ជាអ្នកធំអាចចងចាប់ អ្នកនៅក្រោមបង្គាប់ តាមទម្លាប់ថាអង្គការ។ ខ្លះថាប្រធានឃុំ អាចប្រជុំស្រាយបញ្ហា នោះហើយជាអង្គការ មានអាជ្ញាខ្លាំងណាស់ដែល។ ខ្លះថាលេខាស្រុក ជាប្រមុខដ៏ពូកែ អាចចង់មនុស្សទាំងខ្សែ យកទៅក្បែរជើងទំនប់។ នោះហើយគឺអង្គការ អាចប្រហារមនុស្សទាំងយប់ ឮឈ្មោះញ័រចំប្រប់ មនុស្សគ្រប់ហៅអង្គការ។ ខ្លះថាមេចល័ត ខ្លះកំណត់មេភស្តុភារ និងមេចានស្លាបព្រា ធ្វើអាហារនៅផ្ទះបាយ។ ខ្លះថាពួកក្រុមពេទ្យ ចេះសង្កេតរោគរាងកាយ ខ្លះថាពួកអ្នកវាយ សម្លាប់មនុស្សដាក់រណ្តៅ។ ខ្លះថាពួកអង្គការ ចាប់ពីលេខាខេត្តទៅ កាន់មាគ៌ាជាផ្លូវ ដឹងខុសត្រូវរឿងលើបក្ស។ ខ្លះថាអង្គការនោះ មិនមែនមនុស្សមួយណាជាក់ ថាក្រុមបួនដប់នាក់ ដឹកនាំបដិវត្តន៍ខ្មែរ។ នាំគ្នាខ្លាចអង្គការ រត់មាត់ថាជាហូរហែ ទោះមិនស្គាល់ច្បាស់ដែរ តែអង្គការគឺថ្នាក់លើ។ គឺថ្នាក់ធំបំផុត សន្មតដូចជាចុងឈើ ខ្ពស់ដាច់គ្មានអ្វីទើ មើលពីលើបដិវត្តន៍។ វាគ្រាន់ជាគោលដៅ សំរាប់ហៅដោយសន្មត ការពិតជាក្រុមក្បត់ ដឹកនាំរដ្ឋឲធ្លាក់ជ្រោះ។ ព្រោះតែពាក្យអង្គការ ទើបខេមរាស្លាប់ជិតអស់ ជួនកាលអង្គការខ្ពស់ មិនដឹងសោះតែក្រោមចាត់។ ដោយវាដឹងច្បាស់ថា អ្នកណាក៏ញ័ររន្ធត់ អាចដើរល្បិចសម្ងាត់ សម្លាប់មនុស្សបានដោយងាយ។ ប្រើតែផ្លាកអង្គការ អាចប្រហារអារក-វាយ ខ្លះគុំគួនគ្នាពីនាយ ចាប់ចងវាយឥតមេត្តា។ អង្គការថាត្រឹមសាម ខាងក្រោមថែមលើសដល់ហា ជីវិតជាតិខេមរា ស្រេចវាថាកំប្លែងលេង!៕ អ្នកនិពន្ធ: គង្គ ប៊ុនឈឿន https://s15.postimg.cc/5s7bjktdn/2018-07-15_22.31.22.png

Comments