ថ្ងៃដែលសន្យា? ( បទពាក្យប្រាំពីរ )

D
dany
https://s22.postimg.cc/i65hg8dmp/2018-06-30_21.21.13.png ថ្ងៃដប់ប្រាំពីរខែមេសា ប្រជាខេមរានៅចងចាំ មួយពាន់ប្រាំបួនរយចិតប្រាំ ថ្ងៃសោកនាដកម្មប្រវត្តិសាស្រ្ត។ កងទ័ពអាវខ្មៅខ្មែរក្រហម ព្រលឹមចូលឡោមច្រើនក្រៃក្រាស់ ភ្នំពេញគ្រប់ទីមីរដេរដាស ប្រែប្រួលវិប្បលាសពេញនគរ។ ទាហ៊ានលន់ណុលដាក់អាវុធ បាក់ស្មារតីស្លុតស្រុតជំហរ គ្រប់គ្នាខំលើកទង់ជ័យស ប្រជាអបអរសាទរក្រៃ។ ខ្លះកាន់បាច់ផ្កាគ្រវីស្រែក សង្ឃឹមថ្ងៃស្អែករបបថ្មី គ្មានមានគ្មានក្រគ្មានភិតភ័យ មានសិទ្ធិសេរី ស្មើភាពគ្នា។ https://s22.postimg.cc/guxq82041/2018-06-30_21.25.16.png ស្រាប់តែអ្វីៗ ត្រូវរលាយ ផ្កាត្រូវរាត់រាយ រថក្រោះពារ ទឹកមុខញញឹមគ្រប់ៗគ្នា ប្រួលប្រែបែរជាស្រពោនអាប់។ អង្គការបញ្ជាឲបណ្តេញ អ្នកក្រុងភ្នំពេញចេញឲឆាប់ បើរឹងទទឹងនិងត្រូវស្លាប់ រូតរះប្រញាប់កុំសល់នៅ។ ទាហ៊ានបើកឡានស្រែកប្រកាស មីក្រូឮច្បាស់គ្រប់ច្រកផ្លូវ ប្រើចុងកាំភ្លើងតំរង់ទៅ គ្រប់គ្នាក្តួលក្តៅញ័រចំប្រក់។ អង្គការថាពួកអាមេរិក និងមកកំទេចទំលាក់គ្រាប់ បែកលើភ្នំពេញពេលឆាប់ៗ ច្នេះត្រូវប្រញាប់ចេញទាំងអស់។ ដើម្បីអង្គការរៀបតតាំង កាំភ្លើងចំបាំងបាញ់យន្តហោះ មិនឲអាមេរិចមករំដោះ ត្រូវតែចេញអស់តាមបញ្ជា។ កំណត់ឲចេញតែបីថ្ងៃ ប្រជាប្រុសស្រីចាំសន្យា ពេលបោសសំអាតអស់បច្ចា អង្គការថាឲត្រលប់វិញ។ សុខចិត្តវេចខ្ចប់ទ្រព្យខ្លះៗ ចុះចេះពីផ្ទះទីស្រឡាញ់ គ្រប់គ្នាលាហើយក្រុងភ្នំពេញ ខ្លះមិនចង់ចេញ ឈរជញ្ជឹង?។ កាណុងរុញខ្នងគ្មានមេត្តា អ្នកនៅទិសណាចេញទិសហ្នឹង បើហ៊ានបកក្រោយរឹងទទឹង មុខជាចោលឆ្អឹងតាមដងផ្លូវ។ ផ្លូវបិតខ្វាត់ខ្វែងមិនឲឆ្លង វង្វេងប្អូនបងព្រាត់ម៉ែឪ ដើរតាមបញ្ជាទ័ពអាវខ្មៅ ឈរចង្អុលផ្លូវឲទៅមុខ។ ប្រជាគ្រប់ថ្នាក់គ្រប់ប្រភេទ ខ្លះឈឺដេកពេទ្យស្គមដូចកុក ខ្លះដើរមិនរួចស្ពឹកចាប់ចុក អង្គការមិនទុកឲសល់នៅ។ ខ្លះចងសេរ៉ូមលើប្រង់កា ខ្លះដាច់សង្ខារស្លាប់តាមផ្លូវ ខ្លះទើបវះកាត់កុតត្រឹមភ្លៅ ក៏ប្រឹងវារទៅតាមគេដែរ។ មន្ត្រីជាន់ខ្ពស់មានឈ្មោះដៅ ត្រូវចាប់យកទៅចងជាខ្សែ បាញ់សំលាប់ចោលដូចខ្មោចឆ្កែ នេះហើយហេតុតែជឿទ្រឹស្តី។ ខ្លះភ្នែកងងឹតឥតគ្រួសារ គ្មានកូនចៅណាជួយដឹកដៃ ស្រីខ្លះឈឺពោះគ្រប់ខែថ្ងៃ សំរាលកូនខ្ចី គួរអាសូរ។ អ្នកខ្លះមានឡានដឹកចានឆ្នាំង ខ្លះចងដាក់ឡាំងក្រោយម៉ូតូ ខ្លះទៀតដាក់ផ្ទុកលើស៊ីក្លូ ខ្លះបែកញើសហូរដាក់កង់រុញ។ មនុស្សរាប់លាន ឈានបួនទិស ទង្គិចទង្គឹះដួលជ្រមុល ខ្លះឈានមិនកើតចាំគេរុញ ជ្រមកជ្រមុញរុញពីក្រោយ។ ចាស់ដើរមិនរួចជិះរទេះ ធ្វើមុខក្រៀមផ្អេះកំលាំងខ្សោយ ក្រោមកំដៅថ្ងៃស្ទើររលួយ ម្នាក់ៗដើរព្រួយ ជាប់តាមផ្លូវ។ ប្រៀបដូចទឹកធ្លាយបាក់ទំនប់ គ្មានហ៊ានឈរឈប់បង្អង់នៅ ទីក្រុងគ្មានមនុស្សមានតែផ្លូវ និងផ្ទះឈរនៅសោកសង្រេង។ អ្នកចេញតាមច្រកច្បារអំពៅ ទៅកកកុញនៅម្តុំព្រែកឯង ប្របមាត់ទន្លេ ច្រើនហួសថ្លែង ស្ទើររកកន្លែងជ្រកនៅគ្មាន។ ដូចស្រមោចវារតាមមែកឈើ បើមើលពីលើអាកាសយាន ហ្វូងមនុស្សណាន់ណែនម៉ឺនសែនលាន ក្នុងរឿងនិទានគ្មានដូចឡើយ។ សំណាងគ្រាន់ពួកជាប់ទុក្ខទោស ក្នុងគុករួចអស់ពុំកន្តើយ ព្រោះបនលន់ណុល ចាញ់ដៃហើយ គ្មានមេគុកឡើយ នៅចាំយាម។ ពួកអាវខ្មៅបាន បាញ់សោរទ្វារ រំដោះគ្នាវាយកចេញភ្លាម ដែលលន់ណុលចាប់ពេលសង្រ្គាម ឯពួកក្រៅនាម បានរួចដែរ។ ព្រះសង្ឃក៏ចាកចោលទីវត្ត ដើរត្រាច់រង្គត់ព្រួយឥតល្ហែរ ស្បង់លឿងដោះផ្ញើដើមសង្កែ នឹកឡើងឥតល្ហែសែនឈឺចាប់។ គ្រប់គ្នាចាំពាក្យដែលអង្គការ សន្យាបីថ្ងៃឲត្រលប់ ទើបនាំគ្នារស់រង់ចាំស្តាប់ ក្រែងអង្គការប្រាប់ឲចូលវិញ? តស៊ូរស់នៅក្រោមខ្យល់ភ្លៀង ខ្វះអង្ករស្បៀង ខ្វះទំនិញ ម្នាក់ៗមានលុយគ្មានអ្វីទិញ ឱ ក្រុងភ្នំពេញ...ប្រែយ៉ាងណា?។ https://s22.postimg.cc/r6eoe4otd/2018-06-30_21.20.52.png អ្នកនិពន្ធ: គង្គ ប៊ុនឈឿន

Comments

🇰🇭🇰🇭🇰🇭