រឿងព្រេងទាក់ទងនិងប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ
https://s33.postimg.cc/btd3jsgn3/IMG_8121.jpg
មានសេចក្តីតំណាលថាមានឈ្មួញសំពៅ៥០០ ធ្វើដំណើរចេញទៅជួញតាមសមុទ្រ។
លុះទៅដល់កោះមួយនោះជួនជាល្ងាចនឹងធ្វើដំណើរទៅមុខ ក៏ស្ទើរទើបនាំគ្នាចូលចតសំពៅនៅទីនោះ ។កោះនោះជាកោះដាច់ស្រយាលឥតមានមនុស្សនៅទេហើយពេលយប់តែងតែមានពួកប្រេតនាំគ្នាដើរមករកស៊ី។ពួកប្រេតទាំងនោះលុះដើរក្រវែលរកអាហារឃើញមនុស្សដេកក្នុងសំពៅក៏ចាប់មនុស្សកំពុងដេកលក់យកទៅអោយចៅហ្វាយវាខ្លះគិតនឹងហែកស៊ីខ្លះ។ពួកមនុស្សដេកលក់ដោយសារសំឡេងប្រេតនិយាយគ្នាក៏ភ្ញាក់ឡើងភ័យស្លុតយំសោកទ្រហឹងខំអង្វរដូចម្តេច ក៏ពួកវាពុំព្រមហើយគិតតែពីចាប់ទៅប្រគល់អោយចៅហ្វាយនាយវា។
សម្រែកយំសោកបណ្តាលអោយផ្អើលមនុស្សអស់ទាំង៥០០សំពៅ។ពេលនោះនាយសំពៅម្នាក់ជាអ្នកឈ្លាសវៃនឹកឃើញថា«បើទោះជាត្រូវស្លាប់ក៏ត្រូវតែហ៊ានប្រថុយនិយាយតវ៉ា អោយអស់ចិត្តសិនមិនត្រូវអោយគេផ្តាច់ជីវិតទទេៗឡើយ»គិតហើយក៏តាំងស្មារតីអង់អាចនិយាយទៅកាន់ស្តេចប្រេតសូមអោយលែងពួកខ្លួន តែស្តេចប្រេតនោះឆ្លើយថា«យើងនឹងលែងពួកឯងទៅវិញមិនបានទេព្រោះពួកយើងស្រេកឃ្លានណាស់ បើលែងពួកអ្នកឯងទៅមិនដឹងជាកាលណានឹងបានទៀតទេ ពួកយើងខ្សត់អាហារណាស់!»។
នាយឈ្មួយអង្វរថា:
សូមលោកលែងពួកយើងទាំងអស់វិញចុះ យើងសន្យាថានឹងទទួលរកអាហាជូនលោករាល់ឆ្នាំលុះត្រាតែអស់ជីវិត បើលោកពិសារយើងទៅនោះ លោកបានឆ្អែតតែមួយគ្រាប៉ុណ្ណោះ អំណើះតទៅលោកនឹងត្រូវអត់ឃ្លានទៀត បើពួកយើងសន្យានឹងលោកយ៉ាងនេះតើលោកយកផ្លូវណា?លោកសុខចិត្តពិសាររូបយើងអោយបានតែមួយចម្អែតក៏សុខចិត្តទុកជីវិតពួកយើងដើម្បីអោយរកអាហារជូនលោកវិញ?
ពួកប្រេតឭសំណើរនៃនាយឈ្មួញដូច្នេះក៏គិតគ្នាមួយសន្ទុះ ទើបព្រមដោះលែងពួកឈ្មួញហើយផ្តាំផ្ញើថា«កាលបើពួកអ្នកបានទៅដល់ស្រុកទេសខ្លួនហើយកាលណាមានខ្យល់ជំនោរធ្លាក់មកពីទិសឯជើងអ្នកទាំងអស់គ្នាត្រូវធ្វើក្បួនផ្ទុកធញ្ញជាតិនិងអាហារគ្រប់យ៉ាងមានលាជ សណ្តែក ល្ង ដូង អំបុក ចេកជាដើមបណ្តែតតាមខ្សែទឹកមកអោយយើងចុះមិនបាច់នាំមកផ្ទាល់ទេ ជំនោរខ្យល់នឹងបញ្ជូនមកដល់យើងហើយ។
ឭតែប៉ុណ្ណោះពួកអ្នកសំពៅអរកអ្វីប្រៀបពុំបានហើយក៏នាំគ្នាចុះសំពៅរចោករចល់ខ្ញៀវខ្ញារបើកចេញផុតពីនោះយ៉ាងប្រញាប់ លុះទៅដល់ភូមិស្រុកជួបជុំគ្រួសារហើយត្រូវនឹងពេលជិតដល់រដូវភ្ជុំដែលទឹកឡើងជាលំដាប់ផងអ្នកដែលបានសន្យានឹងប្រេតទាំងនោះក៏នាំគ្នាធ្វើនំនែករកចេកអំពៅលាជស្រូវអង្ករផ្លែឈើដែលមានក្នុងរដូវនោះធ្វើពោងពាយហើយដាក់បណ្តែតបញ្ជូនទៅអោយប្រេតតាមខ្សែទឹករាល់ៗឆ្នាំ។មនុស្សជាន់ដើមកាន់ពាក្យសច្ច:ល្អណាស់បើនិយាយសន្យាថាដូចម្តេចហើយមិនហ៊ានបំពានទេ ។
ចំណេរតមកអ្នកស្រុកក៏នាំគ្នាធ្វើតៗមកទៅជាទំនៀមទម្លាប់ដែលយល់ថា«ធ្វើបុណ្យបណ្តែតស្រូវអង្ករទៅអោយដូនតា ដែលទៅកើតជាប្រេតឋិតនៅឯស្រុកទន្លេស្ងួតកន្តួតមួយដើម»នោះវិញ ។
**ដកស្រង់ចេញពីសៀវភៅប្រជុំរឿងព្រេងទំនៀមទម្លាប់ខ្មែរ**

