ប៉ុលពត ជាអ្នកណា? (ពាក្យ៥)

ប៉ុលពតជាអ្នកណា? ខ្លះឆ្លើយថាជាខ្មែរម្នាក់
ដែលមានចិត្តជាយក្ស លេបត្របាក់ជាតិខេមរា។
ខ្លះថាមិនសមសោះ ព្រោះវានោះដូចអាចារ្យ
មិនគួរកាចជាងខ្លា កាប់ប្រហារតែជាតិឯង។
ឈ្មោះដើមសាឡុតសរ ជាឃាតករពិតឥតក្លែង
ធ្វើឲខ្មែរចំបែង សោកសង្រេងក្នុងជ្រោះជ្រៅ។
ធ្លាប់បានទៅសិក្សា មានសញ្ញាប័ត្រខ្ពស់នៅ
ស្រុកបារាំងឆ្អិនឆ្អៅ តែសាហាវក្រៅមនុស្សជាតិ។
ឪពុកម្តាយកាន់ធម៌អារ្យ មិនឫស្សាចិត្តចង្អៀត
ឯកូនជាពេជ្ឃឃាត ក្នុងធម្មជាតិមិនដែលមាន។
បើកុំមានរូបវា ម៉្លេះកម្ពុជាមិនអត់ឃ្លាន
រងទុក្ខទោសធរមាន ជិតពីរលានស្លាប់នោះឡើយ។
វាចាប់កំណើតខុស ទើបទុរយសហួសកោះត្រើយ
មិនមែនជាខ្មែរឡើយ ខេមរាអើយចាំឲជាក់។
លង់តាមទ្រឹស្តីម៉ៅ ក្រហមឆ្អៅគ្មានលេខដាក់
មនោគមន៍វិជ្ជាយក្ស បំពាក់ដោយចង្កូមដែក។
លាយឈាមខ្មែរត្រកាល តែខួរក្បាលលាយគ្រាប់បែក
ឲខ្មែរផ្ទុះរហែក ខ្ទេចបាក់បែកពេញសង្គម។
វាស្លូតមែនខាងក្រៅ តែសាហាវក្នុងអារម្មណ៍
ដែលលង់តាមមនោគមន៍ ក្តៅឆេះងំក្នុងទ្រឹស្តី។
វាចង់សាងកម្ពុជា តាមមាគ៌ាភ្ជួរដាំថ្មី
ស្មៅចាស់ត្រូវប្រល័យ យកស្មៅខ្ចីមកដាំវិញ។
មនុស្សចាស់ក្រាស់ដោយក្អែល ខុសច្រំដែលគួរឲជ្រិញ
ទុកនៅមិនចំណេញ ទោះដកចេញក៏មិនខាត។
បើសាងដោយអប់រំ គឺសង្គមមិនងាយស្អាត
ទម្លាប់ចាស់គឺគ្រោកគ្រាត នាំតែខាតពេលយូរឆ្នាំ។
ត្រូវធ្វើឲបានឆាប់ ភ្ជួរត្រឡប់ដកហើយដាំ
ទម្លាប់ជាប់រយឆ្នាំ ជឿផលកម្មសួគ៌នរក។
ធ្វើឲសង្គមក្រិន ជំនឿមិនលឿនទៅមុខ
ត្រូវកែហើយសំរុក ឲទៅមុខមហាលោតផ្លោះ។
ប៉ុលពតមានន័យថា គឺផែនការណ៍ភ្ជួរហើយរាស់
ដុសលាងខួរក្បាលមនុស្ស ឲស្ទុះតាមបដិវត្តន៍ចិន។
ប៉ុលពតមានន័យថា សាងរដ្ឋាក្រហមឆ្អិន
ជំនឿដែលស្វិតក្រិន ត្រូវមិនទុកឲនៅសល់។
ប៉ុលពតបានន័យថា វាយប្រហារពេញរណ្តៅ
របបពាក់អាវខ្មៅ ដើរតាមផ្លូវរ៉ាឌីកាល់៕
អ្នកនិពន្ធ គង្គប៊ុនឈឿន




