ទឹកផុស៧ពណ៌រូងនាគខ្នងភ្នំគូលេន

ដោយល្បីទឹកផុស៧ពណ៌រូងនាគលើភ្នំគូលេនពូកែសាកសិទ្ធិ ទើបកាលពីភ្ជុំបិណ្ឌខ្ញុំបាននាំបងប្អូនមកលេងកំសាន្តនៅលើភ្នំគូលេននិងឆ្លៀតមកធ្វើការបន់ស្រន់នៅទីកន្លែងទឹកផុស៧ពណ៌នេះតែម្តង។

អ្នកស្រុកនៅលើភ្នំគូលេននិងអ្នកធ្លាប់ទៅបន់ស្រន់តែងតែនិយាយតៗគ្នាថានៅកន្លែងទឹកផុស៧ពណ៌ពូកែសាកសិទ្ធិណាស់ ដោយសារពួកគាត់តែងតែបន់ស្រន់បានសម្រេចដូចបំណងប្រាថ្នា ជាពិសេសអ្នកអត់គូស្រករតែងតែបន់ស្រន់បានសមប្រកបរហូតមក។ ដើម្បីធ្វើដំណើរទៅកាន់ទីកន្លែងទឹកផុស យើងត្រូវបររថយន្តឡើងទៅលើកំពូលភ្នំគូលេនរួចហើយបន្តរដំណើរតាមផ្លូវទៅកាន់ព្រះអង្គធំ បន្ទាប់បើករថយន្តឆ្លងកាត់ស្ពានថ្មបានបន្តិចនិងឃើញទីវាលដែលគេចតរថយន្តជាច្រើន យើងត្រូវរកកន្លែងចតរថយន្តបន្ទាប់មកត្រូវធ្វើដំណើរដោយថ្មើរជើងតាមដងអូរក្រោមស្ពានខាងស្តាំដៃកាត់តាមជ្រលងលិង្គមួយពាន់។
ជ្រលងលិង្គមួយពាន់

https://i.postimg.cc/4xM7mvz3/20181009-141753.jpg
យើងត្រូវធ្វើដំណើរពីជ្រលងលិង្គមួយពាន់ប្រហែល ២៥០ម៉ែត្រទៀតទើបទៅដល់ទឹកផុស៧ពណ៌។ បន្ទាប់ពីធ្វើការបន់ស្រន់ទៅតាមចិត្តប៉ងប្រាថ្នារួចហើយ យើងត្រូវដួសទឹកដែលផុសចេញពីកន្លែងដែលគេហៅថារូងនាគយកមកលប់លាងមុខដើម្បីសុំសេចក្តីសុខសប្បាយនិងសូមអោយជាពីជំងឺផ្សេងៗ ដោយមិនភ្លេចច្រកទឹកសាកសិទ្ធិយកមកផ្ទះចែកឪពុកម្តាយបងប្អូនលប់លាងមុខសុំសេចក្តីសុខសប្បាយតាមជំនឿរៀងៗខ្លួន។ ជាកិច្ចបញ្ចប់គេធ្វើការទម្លាក់លុយចូលត្រង់រូងរណ្តៅដែលទឹកផុសចេញមក ពេលនោះយើងនិងឃើញលុយអណ្តែតតាមខ្សែរទឹកចេញមកខាងក្រៅ បន្ទាប់យើងយកលុយនោះមកដាក់ទុកក្នុងកាបូបដោយគេមានជំនឿថាលុយដែលទម្លាក់ហើយហូរតាមមាត់រន្ធនាគនោះនិងនាំលាភជ័យមកអោយដល់ម្ចាស់លុយនោះ៕


