ព្រេងនិទាន អំពីប្រាសាទអង្គរវត្ត ភាគទី២
http://i63.tinypic.com/241o8wi.jpg គ្រានោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រះបាទប្រទេសរាជទ្រង់សោយទីវង្គតទៅ ទ្រង់ឥតមានព្រះរាជបុត្រាបុត្រីមួយអង្គណាដើម្បីសោយរាជ្យស្នងព្រះអង្គឡើយ។ ព្រះញាត្តិវង្សព្រះថោង ក៏ផុតរលត់ត្រង់នេះ។ គេសង្កេតឃើញមាននៅសល់តែក្រុងហ៊ូវ និងក្រាយហ៊ូវ ពីររូបប៉ុណ្ណោះទេ ដែលជាអ្នកជាប់ខ្សែរលោហិតក្សត្រ កាលបើដូច្នេះរាជបល្ល័ង្កក៏នៅទំនេរ។ ដំណាលពីបុរសកំសត់ម្នាក់ដែលប្រកបរបរចិញ្ចឹមជីវិត ដោយការកាប់អូសលក់នៅក្នុងព្រៃ ថ្ងៃមួយនៅពេលដែលបុរសនោះ កំពុងប្រកបកិច្ចការតាមធម្មតារបស់ខ្លួន ស្រាប់តែមានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងបុរសបានរត់ទៅជ្រកនៅក្នុងខ្ទមអ្នកតាមួយ។ និយាយពីព្រះឥន្រ្ទាធិរាជដែលជាស្តេចនៃទេវតានៅពេលនោះ ព្រះអង្គបាននិមិត្តធ្វើជាមាន់គកពីរ មួយសម្បុរសមួយសម្បុរខ្មៅ។ មាន់ខ្មៅមកទុំនៅកន្លោងនៃខ្ទម មាន់សមកទុំនៅដំបូលខ្ទម មួយសន្ទុះមាន់សរងាវ ឯមាន់ខ្មៅ ដែលចេះភាសាមនុស្សក៏និយាយថា "នរណាហ៊ានមករងាវលើក្បាលអញដូច្នេះ? តើអ្នកឯងមានឫទ្ធីអំណាចយ៉ាងណាទៅ?"។
មាន់សឆ្លើយថា "យើងមានឫទ្ធីអំណាចខ្លាំងណាស់ ប្រសិនបើនរណាមួយបានស៊ីសាច់យើង អ្នកនោះនិងបានជាស្តេចផែនដី"។
មាន់ខ្មៅក៏ឆ្លើយថា "បើមនុស្សប្រុសណាមួយបានស៊ីក្បាលយើង អ្នកនោះឯងនិងបានជាស្តេចសង្ឃ បើមនុស្សស្រីណាបានស៊ីសាច់ភ្លៅយើង ស្រីនោះនិងបានជាអគ្គមហេសីស្តេច បើមនុស្សប្រុសណាបានស៊ីសាច់ទ្រូងយើង អ្នកនោះនិងបានសោយរាជ្យ ដូច្នេះត្រូវអ្នកកុំមើលងាយយើងឲសោះ"។
តមក មាន់សក៏ហើរបាត់ទៅ ឯមាន់ខ្មៅនៅទុំនៅទុំនិងសសរកន្លោងដដែល បុរសកំសត់ក៏លបៗចូលទៅចាប់មាន់ខ្មៅបាន ហើយសម្លាប់ភ្លាមយួរយកទៅផ្ទះខ្លួន។ បុរសក៏និយាយការសម្ងាត់នេះប្រាប់ប្រពន្ធ ប្រពន្ធមានសេចក្តីរីករាយក្រៃលែង យកមាន់នោះទៅចម្អិនធ្វើម្ហូបរួចដួសដាក់ចាន ដាក់ថាសលើកយកមកបម្រុងនិងបរិភោគ។ ប៉ុន្តែនៅពេលនោះ បុរសប្តីនិយាយទៅកាន់ប្រពន្ធថា "យើងជិតបានពាក់ម្កុដហើយ ដូច្នេះត្រូវយើងយកម្ហូបវិសេសនេះទៅឯមាត់ស្ទឹង យើងមុជទឹកដុសលាងខ្លួនឲស្អាតយកសម្លៀកបំពាក់ថ្មីៗមកពាក់ឲហ៊ឺហា រួចសឹមយើងចាប់បរិភោគម្ហូបមាន់នេះ"។
បុរសប្តីប្រពន្ធ ក៏ជញ្ជូនម្ហូបអាហារទៅដាក់មាត់ទឹក មុជទឹកក្នុងស្ទឹងលេងយ៉ាងសប្បាយ លុះងើបពីទឹកឡើងបុរសប្តីប្រពន្ធមើលថាសដាក់ម្ហូបមិនឃើញ ដោយរលកទឹកបានគួចយកថាសនោះរសាត់ទៅតាមខ្សែរទឹកបាត់ទៅ។
នៅថ្ងៃនោះមាន ទម័កដំរីម្នាក់ឈ្មោះទា គាត់បាននាំដំរីគាត់ជាច្រើនទៅអោយចុះត្រាំទឹកស្ទឹងនោះ បានឃើញថាសនោះអណ្តែតមករកគាត់ៗ លើកយកថាសទៅបង្ហាញព្រះសង្ឃជាមេវត្តមួយអង្គ។ លោកសង្ឃបានស្គាល់ច្បាស់ នូវគុណភាពនៃសាច់នោះ ក៏ចាប់យកក្បាលមាន់ឆាន់ទៅ រួចលោកប្រគេនសាច់ទ្រូងទៅអោយឈ្មោះទា សាច់ភ្លៅទៅនាងវង ជាប្រពន្ធឈ្មោះទា ប៉ុន្តែលោកឥតមានពុទ្ធដីការថាអ្វីឡើយ។ ទានិងវងក៏បបួលគ្នាត្រលប់ទៅផ្ទះវិញទៅ។
និយាយពីបុរសប្តីប្រពន្ធ គាត់ខំដើររកថាសម្ហូបនោះគ្រប់ទីកន្លែង ប៉ុន្តែពុំឃើញគិតថាប្រាកដជាអ្នកណាម្នាក់លួចយករបស់គាត់ហើយ ក៏ប្រទេចផ្តាសារជនមិនស្គាល់មុខនោះជាច្រើនរាប់មិនអស់។
បន្ទាប់ពីនោះមកបីថ្ងៃ នៅក្នុងប្រទេសក៏មានការប្រជុំគណ:រដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំនោះ រដ្ឋមន្រ្តីទាំងឡាយប្តូយោបល់គ្នាថា "ព្រះរាជាណាចក្រយើង ពុំទាន់មានព្រះមហាក្សត្រគ្រងរាជនៅឡើយទេ ដូច្នេះត្រូវបញ្ចេញដំរីមកចងកូប ហើយបួងសួងដល់ទេវតា សូមអោយនាំដំរីចេញទៅលត់ជង្គង់ខ្លួនឯង ចំពោះមុខជនណាមួយ ដែលអាចអង្គុយលើរាជបល្ល័ង្គបាន ហើយសូមឲដំរីលើកបុរសនោះដាក់លើក្បាលនាំមកទីនេះ ដើម្បីយើងនិងរៀបធ្វើព្រះរាជពិធីអភិសេក បុរសនោះឡើងសោយរាជ្យក្នុងព្រះរាជនគរ។
លុះជំនុំហើយ គេយកដំរីមករៀបចំចងកូប និងគ្រឿងលំអរឯទៀតជាច្រើន ហើយលែងឲវាដើរទៅតាមចិត្តវា។ ដំរីក៏ដើរទៅរកហ្មទា មិងនាងវង ហើយលុតជង្គង់នៅមុខជនទាំងពីរនាក់ រួចលើកដាក់លើក្បាលបញ្ឆិះមកកាន់បរមរាជវាំង។ ខណៈនោះ ពួករដ្ឋមន្ត្រីក៏រៀបចំធ្វើព្រះរាជពិធីអភិសេកភ្លាមតាមរាជប្រពៃណី។ ហ្មរទាក៏បានទទួលព្រះបរមនាមថា ទេវង (១.បើតាមពាក្យដើមដែលថា ប្តីឈ្មោះទា ប្រពន្ធឈ្មោះវង គួរតែសរសេរថាទាវងអស្ចារ្យ តែបើតាមន័យដែលថា ព្រះឥន្រ្ទបានជួយឧបត្ថម្ភឲបានជាស្តេច គួរតែសរសេរថា ទេវវង្សអស្ចារ្យ ឫក៏សរសេរថា ទេវ អស្ចារ្យ ដួច្នេះទើបបានន័យល្អ) អស្ចារ្យ។
ឯក្រុងហ៊ូវ និងក្រាយហ៊ូវ មានសេចក្តីអាក់អន់ព្រះទ័យមិនព្រមចុះចូលព្រះមហាក្សត្រអង្គថ្មី ក៏រត់ទៅស្រុកបាកាន ខេត្រពោធិសាត់ ហើយទ្រង់បានសង់ប្រាសាទមួយនៅទីនោះ។
តំណាលពីព្រះឥន្រ្ទាធិរាជ ទ្រង់សង្កេតឃើញព្រះអគ្គមហេសីនៃព្រះមហាក្សត្រអង្គថ្មី ពុំទាន់មានព្រះរាជបុត្រានៅឡើយ ក៏ទ្រង់ព្រះចិន្តាថា យើងនិងផ្តល់រាជបុត្រមួយអង្គដល់ព្រះនាងវង ព្រះរាជបុត្រនេះ មានសញ្ជាតិជាព្រះឥន្រ្ទសុទ្ធ ដើម្បីឲជាប់ជាព្រះរាជវង្ស សោយរាជ្យក្នុងប្រទេសខ្មែរជានិរន្តតទៅ។
ថ្ងៃមួយពេលដេក ព្រះមហាក្សត្រយានីវង យាងចេញពីមហាប្រាសាទ ព្រះឥន្រ្ទទ្រង់ហោះចេញមកសណ្ឋិតលើអាកាស មនុស្សលោកមើលព្រះអង្គមិនឃើញទេ ឃើញតែពន្លឺមួយយ៉ាងធំខៀវលើអាកាស អ្នកស្រុកស្រែកឆោឡោលើក ថា "ពន្លឺធ្លាក់! ពន្លឺធ្លាក់!" ព្រះឥន្រ្ទក៏ទម្លាក់កម្រងផ្កាមកលើព្រះកាយ ព្រះនាងវង ហើយទ្រង់ត្រលប់ទៅឋានព្រះអង្គវិញបាត់ទៅ។ ព្រះអគ្គមហេសីវង ក៏ចាប់មានព្រះគភ៌ត្រឹមពេលនោះមក ហើយទ្រង់ប្រសូតព្រះរាជបុត្រមួយអង្គ ថ្វាយព្រះនាមថា "ព្រះកេតុមាលា" មានន័យថា "ពន្លឺកំរងផ្កា"

