
សតិ មានន័យថាការរលឹកដឹង ដឹងថា
ខ្លួនឯងកំពុងសប្បាយ
ខ្លួនឯងកំពុងកើតទុក្ខ
ខ្លួនឯងកំពុងខឹង
ខ្លួនឯងកំពុងស្ងប់
ខ្លួនឯងកំពុងភ័យ
ខ្លួនឯងកំពុងក្លាហាន
ខ្លួនឯងកំពុងព្រួយបារម្មណ៍
ខ្លួនឯងកំពុងមានជំនឿចិត្ត
ខ្លួនឯងកំពុងលោភលន់
ខ្លួនឯងកំពុងសប្បុរស
មនុស្សមានសតិ ចេះរលឹកដឹងអំពីចិត្តរបស់ខ្លួនថាកំពុងស្ថិតនៅក្នុងសភាពបែបណា អាចគ្រប់គ្រងចិត្តទៅតាមការបញ្ជារបស់គេ។ មនុស្សដែលបាត់សតិ គឺចិត្តជាអ្នកគ្រប់គ្រងវិញ ចិត្តស្ថិតក្នុងសភាពបែបណា គឺគ្រប់គ្រងគេដោយសភាពបែបនោះ ចិត្តក្តៅក្រហល់ក្រហាយ ចង់តែទៅកំទិចឲ្យសមនឹងចិត្ត ចិត្តអស់សង្ឃឹម ចង់តែរលត់ឲ្យក្ស័យសង្ខារ ចិត្តមានអំណួត ចង់តែយកមេឃមកទ្រាប់អង្គុយ ចិត្តភ័យក្លប់ខ្លាច ចង់តែរត់ពួននៅក្រោមផែនដី។
## សតិភាសិត
តណ្ហាកើតឡើងពីចិត្ត កាយាប្រព្រឺត្តទង្វើ ប្រាជ្ញានាំផ្លូវអោយធ្វើ សតិប្រសើរនាំទៅមង្គល។
ធ្វើតាមសភាវគតិ អ្នកនឹងប្រព្រឹត្តទង្វើដដែលៗ ជាប្រចាំ ប្រើប្រាស់ព្រលឹង សតិ ប្រាជ្ញា អ្នកនឹងវិឌ្ឍន៍គំនិត និង ទង្វើប្លែកៗជាដរាប។
កំហឹងក្រេវក្រោធត្រូវទប់អោយជាប់ សតិបង្គាប់អោយតំាងអារម្មណ៍ កុំបណ្ដោយចិត្តផ្តេកផ្ដិតបង្ខំ កំសួលអារម្មណ៍រសាត់បាត់ឯង។
មហាព្យុះសង្ឃរាក្នុងគំនិត ផ្គរលាន់កកិតក្នុងដើមទ្រូង ជលសាបោកបក់ពេញនេត្រវង់ សតិតម្រងតាំងចិត្តស្ងប់។
សំលៀងសតិ អោយមុត សំលៀងប្រាជ្ញា អោយស្រួច អប់រំចិត្ត អោយស្ងប់ អប់រំកាយ អោយណាយ។
ចិត្តពុះកញ្ជ្រោលផ្ដល់ភាពវិនាស សតិនាំជៀសទៅរកសន្ដិ។
ខន្ធធ្លាប់កើត កំណើតធ្លាប់មាន រលឹកដោយញាណ បុព្វេនិវាសានុស្សតិ។
សតិបាត់ អកុសលលុក មោហៈបាំងមុខ កាមគុណអួសទាញ សតិបដ្ឋាន តាមដានខំរៀន រលឹកដល់ញាណ ចេញចាកជីវៈ។
បិទភ្នែកធ្វើខុស មានគេឃើញច្បាស់ ខិតខំប្រឹងដាស់ សតិគ្រប់ពេល។
យកសតិជាចក្ខុ មិនអោយខុសហួសគន្លង។
តណ្ហាខ្វះបញ្ញា បង់សតិបាត់អធិបតី។
ធ្វើតាមទំលាប់ផ្គាប់ទំនៀម សតិនៅស្ងៀមមិនងឿងឆ្ងល់ ឫសគល់ហេតុផលសមឬយ៉ាងណា។
មច្ចុរាជវេលាទំពាសង្ខារ កាមគុណតណ្ហាសណ្ដំសតិ។
ប្រើសតិស្រាយបញ្ហា ហេតុយ៉ាងណាតាំងស្មារតី។
បង្កើតចិត្តបុណ្យទាន់មានឱកាស សតិប្រឹងដាស់ទេវតាដើរដី សង្ខាររលត់ចាកផុតលោកិយ ទេវតាប្រុសស្រីចូលកាន់អាសនៈ។
រៀបរៀងដោយ @Cryptopreneur