Serey is utilizing Blockchain technology

យុទ្ធសាស្រ្តកំណត់ផែនការជីវិត Smart Model

https://renaissancelifetherapies.com/wp-content/uploads/2016/07/SMART-goals-for-A-life-coach-guide-to-running-a-life-coaching-business-450x194.png ដើម្បីកំណត់ផែនការជីវិត ប្រកបដោយប្រសិទ្ធិភាព គេបានរកឃើញគំរូមួយ ដែលគេគិតថាបានទទួលលទ្ធផលគួរជាទីគាប់ចិត្ត ដែលគំរូនៃការកំណត់ផែនការសកម្មភាពនោះ មានឈ្មោះថា SMART។ ## S: Specific Specific ប្រែថាដែលជាក់លាក់។ ប្រសិនបើផែនការសកម្មភាពនោះកំណត់ដោយទូលំទូលាយ រវើរវាយគឺគ្មានថ្ងៃនឹងអាចសម្រេចបានដោយជោគជ័យឡើយ ប្រៀបដូចជាថៅកែម្នាក់ប្រើកូនចៅឲ្យទៅផ្សារទិញសាច់មួយគីឡូ។ ពេលកូនចៅយកសាច់មាន់មកដល់វិញ ថៅកែបានស្តីបន្ទោសថា ឲ្យទៅទិញសាច់គោមួយគីឡូ បែរជាទិញសាច់មាន់វិញ ដោយគាត់ភ្លេចនិយាយឲ្យបានជាក់លាក់ថា ទិញសាច់គោ តែគាត់និយាយថាទិញសាច់។ កាលដែលខ្វះភាពជាក់លាក់នោះហើយ ដែលអាចធ្វើឲ្យសកម្មភាពបរាជ័យ ខាតកម្លាំង ខាតពេលវេលា។ ## M: Measurable Measurable ប្រែថាដែលអាចវាស់វែងបាន គឺជាចំនួនតួលេខដែលអាចវាស់បានថា អ្វីដែលយើងចង់សម្រេច គឺសម្រេចបានហើយឬនៅ។ ប្រៀបដូចជាថៅកែប្រើកូនចៅឲ្យទៅផ្សារទិញសាច់គោ ពេលកូនចៅយកសាច់គោ១គីឡូមកដល់ ថៅកែបានស្តីបន្ទោសថា ឲ្យទិញតែ៣ខាំ ទៅទិញដល់មួយគីឡូវិញ ដែលគាត់ភ្លេចបញ្ជាក់អំពីតួលេខដែលអាចវាស់វែងពីតម្រូវការពិតប្រាកដ ដែលអាចឲ្យសកម្មភាពនោះធ្វើទៅ ខ្វះ ឬ លើសតម្រូវការ។ ## A: Attainable/Achievable Attainable/Achievable ប្រែថាដែលអាចសម្រេចបាន គឺជាការប៉ាន់ប្រមាណអំពីសមត្ថភាពដែលអាចធ្វើការងារមួយបានដោយជោគជ័យ។ ប្រៀបដូចជាថៅកែម្នាក់ប្រើកូនចៅដែលមិនសូវបានសម្តីទៅផ្សារទិញសាច់គោ៣ខាំក្នុងរយៈពេល១៥នាទី ក៏ប៉ុន្តែ១ម៉ោងក្រោយមក ទើបកូនចៅយកសាច់មកដល់ ពីព្រោះនៅក្បែរផ្ទះគ្មានផ្សារ ហើយថៅកែមិនបានផ្តល់យានជំនិះឲ្យកូនចៅដើម្បីទៅផ្សារ។ ដោយសារតែកូនចៅនោះមិនចេះរៀបរាប់ពីបញ្ហាដែលខ្លួនជួប ហើយដើរទៅផ្សារទិញសាច់រហូតចំណាយពេល១ម៉ោង ធ្វើឲ្យខកការងារ ក៏ព្រោះតែថៅកែមិនបានប៉ានស្មានថាតើ ការទៅទិញសាច់នេះ ត្រូវចំណាយពេលប៉ុន្មាន ហើយត្រូវការមធ្យោបាយធ្វើដំណើរឬទេ។ ## S: Relevant Relevant ប្រែថាដែលទាក់ទងនឹងគោលដៅដែលបានកំណត់ គឺជាសកម្មភាពដែលបង្កើតលទ្ធផលហើយឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគោលដៅដែលបានកំណត់។ ប្រៀបដូចជា ថៅកែចង់ឆាឡុកឡាក់សាច់គោ តែបែរជាប្រើកូនចៅឲ្យទៅទិញសាច់មាន់ទៅវិញ ដែលផ្ទុយអំពីគោលដៅដែលបានកំណត់កាលពីដើម។ ហេតុដូច្នេះហើយ ទោះបីជាសកម្មភាពនោះបានធ្វើសម្រេចហើយក៏ដោយ ក៏មិនបានទាក់ទង នឹងធ្វើឲ្យរីកចម្រើន ខិតទៅរកគោលដៅដែលបានកំណត់ដែរ។ ## T: Time Based Time Based ប្រែថាដែលមានពេលវេលាកំណត់ច្បាស់លាស់ នៅពេលដែលយើងចង់ធ្វើអ្វីមួយត្រូវកំណត់ពេលវេលាឲ្យច្បាស់ បើពុំដូច្នោះទេ យើងនឹងបណ្តោយពេលវេលាឲ្យទៅមុខដោយមិនធ្វើអ្វី។ ប្រៀបដូចជាថៅកែប្រើកូនចៅឲ្យទៅទិញសាច់គោ៣ខាំ តែមិនបានប្រាប់ថា យកបាននៅពេលណា។ កូនចៅនៅអង្គុយលេងមិនទៅណា រហូតដល់ថៅកែសួរថាឯណាសាច់ដែលប្រើឲ្យទៅទិញ កូនចៅឆ្លើយថា ខ្ញុំស្មានតែថៅកែចង់ទិញទុកស្អែក ខ្ញុំមិនទាន់បានទៅទិញផង។ លក្ខណៈពិសេសទាំង៥នៃគំរូ SMART នេះហើយដែលអាចឲ្យយើងធ្វើសកម្មភាពមួយៗ ទទួលបានលទ្ធផលពេញចិត្ត មិនមានបញ្ហារារាំងក្នុងដំណើរផ្លូវទៅរកគោលដៅ។ រៀបរៀងដោយ @Cryptopreneur
0.000 SRY$0.00
Global
Global

Comments