ភាពឯកជន Privacy

នៅពេលដែលមានមនុស្សសួរអ្នកថា តើអ្នកមានអ្វីត្រូវលាក់បាំងទេ ក្នុងសម័យបច្ចេកវិទ្យា?
មនុស្សភាគច្រើនតែងឆ្លើយថា ខ្ញុំមិនបានធ្វើខុសអ្វីផង មានអ្វីត្រូវលាក់បាំង។
តែប្រសិនបើអ្នកចំណាយពេលគិតឲ្យបានវែងជាងនេះបន្តិច អ្នកនឹងដឹងថា អ្នកមានការសំងាត់ជាច្រើនដែលត្រូវលាក់បាំង គ្រាន់តែអ្នកធ្វេសប្រហែសក្នុងការគិតមុននឹងឆ្លើយសំនួរទៅអ្នកដទៃ។
ចូរក្រឡេកមកអានឧទាហរណ៍ខាងក្រោម
ហេតុអ្វីបន្ទប់របស់អ្នកត្រូវចាក់សោរ
ហេតុអ្វីទូរស័ព្ទដៃរបស់អ្នកត្រូវចាក់សោរ
ហេតុអ្វីអ៊ីម៉ែលរបស់អ្នកមានលេខកូដសំងាត់
ហេតុអ្វីភោជនីដ្ឋាន រៀបចំតុកៅអី មានជាបន្ទប់ មានរបាំង ឬ ដើមផ្កាបិទបាំង
ប្រសិនបើអ្នកចំណាយពេលគិតឲ្យបានច្រើនជាងនេះបន្តិច អ្នកនឹងដឹងថា
ខ្លួនអ្នក មានរឿងមួយចំនួនមិនចង់ឲ្យគេដឹង
គ្រួសាររបស់អ្នក មានរឿងមួយចំនួនមិនចង់ឲ្យគេដឹង
ក្រុមហ៊ុនរបស់អ្នក មានរឿងមួយចំនួនមិនចង់ឲ្យគេដឹង
អង្គភាពរបស់អ្នក មានរឿងមួយចំនួនមិនចង់ឲ្យគេដឹង
ប្រទេសរបស់អ្នក មានរឿងមួយចំនួនមិនចង់ឲ្យគេដឹង
រឿងរ៉ាវទាំងនោះហើយ ដែលជាភាពឯកជនរបស់អ្នក អ្នកមិនចង់ប្រាប់ប្រធានក្រុមហ៊ុនរបស់អ្នកថា យប់មិញខ្ញុំបានចូលហាងផឹកដាច់យប់ ទើបធ្វើឲ្យខ្ញុំមកធ្វើការខកម៉ោង ហើយធ្វើឲ្យការប្រជុំដ៏សំខាន់មួយទទួលបរាជ័យជាដើម។ល។
ដោយសារតែការភ្លេចគិតអំពី ភាពឯកជន និង ការសំងាត់ទាំងនេះ ហើយដែលធ្វើឲ្យអ្នកដទៃ អាចទទួលផលចំណេញពីភាពឯកជនរបស់អ្នក ហើយពេលខ្លះខ្លួនអ្នកផ្ទាល់ ជាអ្នកយកភាពឯកជននេះ ទៅប្តូរនឹងលាភសក្ការៈបន្តិចបន្តួច ឬ ភាពស្រណុកសុខស្រួល។
ឧទាហរណ៍ មានស្តង់ពាណិជ្ជកម្មមួយ ធ្វើការថតរូបដាក់ក្នុងក្រឡាស់អាវឲ្យអ្នក អ្នកណាចង់បានក្រឡាស់អាវដែលមានរូបថតនោះ ត្រូវវាយអ៊ីម៉ែលរបស់ខ្លួនចូលក្នុងកុំព្យូទ័ររបស់ក្រុមហ៊ុននោះ ឬ លើសពីនេះទៅទៀត ពេលខ្លះរហូតដល់ត្រូវមានអត្តសញ្ញាណបណ្ណ ដើម្បីទទួលបានកាដូណាមួយនោះ ដែលមានតម្លៃមិនដល់១ដុល្លារផង។
ដោយសារតែចង់បានលាភសក្ការៈបន្តិចនោះ អ្នកបានឲ្យអ៊ីម៉ែល ឬ ព័ត៌មានផ្ទាល់ខ្លួនទៅអ្នកដទៃ ហើយអ្នកភ្លេចគិតថាគេនឹងយកព័ត៌មានទាំងអស់នោះទៅលក់ឲ្យអ្នកដែលត្រូវការ អ្នកនឹងទទួលបានសារផ្សាយពាណិជ្ជកម្មចូលមកក្នុងអ៊ីម៉ែលរបស់អ្នកជាប្រចាំ ពីព្រោះគេបានយកអ៊ីម៉ែលរបស់អ្នកទៅលក់ឲ្យក្រុមហ៊ុនលក់ផលិតផលនានា។
នេះមិនរួមបញ្ចូលពេលអ្នកបញ្ចូលកម្មវិធីទូរស័ព្ទដៃមួយ ដែលអ្នកបើកសិទ្ធិឲ្យក្រុមហ៊ុនមួយ ចូលមកក្នុងជីវិតរបស់អ្នក សូម្បីតែរូបថតគ្រប់សន្លឹកដែលមានក្នុងទូរស័ព្ទដៃរបស់អ្នក សម្លេងសារឆ្លើយឆ្លងគ្នារយៈពេលរាប់ឆ្នាំ កន្លែងដែលអ្នកធ្លាប់ទៅគ្រប់ទីកន្លែង មិត្តជិតស្និតរបស់អ្នកជាងគេ ដែលអ្នកតែងតែនិយាយជាមួយជារៀងរាល់ថ្ងៃ គឺត្រូវបានគេដឹងទាំងអស់។ នេះហើយដែលចង់និយាយថា អ្នកធ្វេសប្រហែសក្នុងការ យកភាពឯកជនរបស់ខ្លួន ទៅប្តូរនឹងលាភសក្ការៈបន្តិចបន្តួច ឬ ប្តូរនឹងភាពស្រណុកសុខស្រួល។
តើអ្នកមានបានដឹងទេថាគ្រាន់តែរឿងមួយនេះ ធ្វើឲ្យក្រុមហ៊ុន Apple និង FBI ធ្វើការប្តឹងគ្នាឡើងតុលាការរហូតរកអ្នកឈ្នះនិងអ្នកចាញ់មិនឃើញ រវាង ភាពឯកជន និង សន្តិសុខសង្គម Privacy Vs Security ហើយពេលខ្លះគឺគេនិយាយថា ជម្លោះរវាង Security Vs Security ដែលជម្លោះនេះគឺពាក់ព័ន្ធនឹងសន្តិសុខសុវត្ថភាពរបស់បុគ្គលដូចៗគ្នា។
រៀបរៀងដោយ @Cryptopreneur


