អន្តរកម្ម Interaction
https://www.legalleadersblog.com/files/2013/04/minds_sharing_ideas_1600_clr_8481-v2.png
មនុស្សមានឥន្ទ្រិយរម្មណ៍ ដែលអាចមើលឃើញ ស្តាប់ឮ ហិតក្លិន ភ្លក្សរសជាតិ ប៉ះផស្សៈ។ ជារៀងរាល់ថ្ងៃមនុស្សបើកឥន្រ្ទិយរម្មណ៍ទាំងនេះ ដើម្បីមានអន្តរកម្មជាមួយមជ្ឈដ្ឋានជុំវិញខ្លួន។
នៅពេលដែលមើលឃើញរូបល្អសប្បាយចិត្ត មើលឃើញជម្លោះអំពីហឹង្សាកើតចិត្តក្តៅក្រហាយ ស្តាប់សម្លេងពិរោះសប្បាយចិត្ត ស្តាប់សំដីឈ្លានីស ជេរ ក្តៅក្រហាយ ហិតក្លិនក្រអូបសប្បាយចិត្ត ហិតក្លិនឆ្អេះឆ្អាបមិនស្រណុកចិត្ត។ ភាគច្រើនមនុស្សប្រើប្រាស់ចក្ខុវិញ្ញាណ និង សោតវិញ្ញាណភាគច្រើនក្នុងការចាប់យកអ្វីៗដែលនៅជុំវិញខ្លួន នៅពេលដែលយើងមានអន្តរកម្មជាមួយរឿងល្អយើងនឹងកើតចិត្តល្អ អារម្មណ៍ល្អ នៅពេលដែលយើងមានអន្តរកម្មជាមួយរឿងអាក្រក់ យើងនឹងកើតចិត្តក្តៅក្រហាយ។
ជាទូទៅ យើងតែងតែឃើញព័ត៌មាន ផ្សព្វផ្សាយអំពីគ្រោះថ្នាក់ចរាចរណ៍ អំពើហឹង្សា ចោរកម្ម ការសម្លាប់ខ្លួន ការរើសអើងជាតិសាសន៍ ព័ត៌មានទាំងអស់នោះភាគច្រើនជាព័ត៌មានអវិជ្ជមាន នៅពេលដែលយើងបើកឥន្ទ្រិយរម្មណ៍ទទួលយកព័ត៌មានទាំងអស់នោះច្រើនពេក ជារៀងរាល់ថ្ងៃ រាល់ម៉ោង រាល់ពេល ចិត្តគំនិត អារម្មណ៍ វិញ្ញាណរបស់យើងក៏បានស្រូបទាញនូវភាពអវិជ្ជមាននោះចូលមកក្នុងខ្លួនយើងដែរ ហាក់បីដូចជាយើងបានផ្តល់ចំណីអវិជ្ជមានចូលមកក្នុងរាងកាយរបស់យើងយ៉ាងដូច្នោះ។ ពេលយើងមើលរឿងអាក្រក់ យើងចេះក្តៅក្រហាយ យើងចេះជេរ យើងចេះមួរមៅ យើងចេះមើលងាយមនុស្ស យើងបាត់បង់ក្រមសីលធម៌ យើងក្លាយជាមនុស្សដែលមានឋានៈដូចទៅនឹងសាច់រឿងអាក្រក់ដែលយើងមានអន្តរកម្មជាមួយ។
មូលហេតុនេះហើយ ការចេះរលឹកដឹងថា តើគួរផ្តល់ចំណីចក្ខុ ចំណីសោតៈលក្ខណៈបែបណា ដល់ខ្លួនឯងជាកត្តាសំខាន់ ជាពិសេសគឺចំណីដែលបានផ្តល់ផលវិជ្ជមាន រីកលូតលាស់ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ។
រៀបរៀងដោយ @Cryptopreneur

