ការប្តេជ្ញាចិត្ត Commitment

C
![J7.png](https://serey.io/imageupload_data/3f5f3fb0f77db5e8abfac9617460e7b9ef5c905f) **ជោគជ័យ** ជាពាក្យមួយងាយស្រួលសម្រាប់និយាយ នរណាៗក៏ចង់បាន តែមិនមែននរណាៗសុទ្ធតែអាចទទួលបាន។ **ជោគជ័យ** នរណាៗក៏និយាយដូចៗគ្នា ក៏ប៉ុន្តែនៅក្នុងចិត្តគំនិតរបស់ពួកគេ ពួកគេមិនបានស្គាល់និយមន័យពិតប្រាកដនៃពាក្យជោគជ័យឡើយ។ សម្រាប់អ្នក តើពាក្យ **ជោគជ័យ** ចំពោះអ្នកមានអត្ថន័យដូចម្តេច? តើមានទ្រព្យសម្បត្តិច្រើន ហើយក្នុងផ្ទះមានជម្លោះ មានកូនមិនដើរតាមគន្លង ហៅថាជោគជ័យទេ? តើរៀបការទទួលបានស្វាមី ភរិយាដែលល្អសព្វគ្រប់ តែក្នុងផ្ទះពុំមានថវិការទ្រទ្រង់ជីវភាពហៅថាជោគជ័យទេ? ចូរសួរខ្លួនឯងជារើយៗថា នៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយ ហេតុអ្វីយើងធ្វើវាបានតែ ប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំ​ ស្រាប់តែប្តូរចិត្តលែងចង់ធ្វើវា តើកាលពីដំបូងមុនពេលដែលសម្រេចចិត្តថាធ្វើអ្វីៗ វាជាគោលបំណងដែលយើងចង់ធ្វើពិតប្រាកដ ឬ មួយគ្រាន់តែជាគោលបំណងធម្មតា សាមញ្ញ ៗ លេងសើច ធ្វើបានមួយរយៈហើយក៏លែងចង់ធ្វើវាទៅ។ មនុស្សម្នាក់ៗ អាចជោគជ័យលើគ្រប់រឿង ជោគជ័យលើការតែងនិពន្ធ ជោគជ័យលើការច្រៀង ជោគជ័យលើការធ្វើម្ហូប ជោគជ័យលើការលេងកីឡា ជោគជ័យលើការធ្វើជំនួញ ជោគជ័យលើការរកសេចក្តីសុខផ្លូវចិត្ត តែការជោគជ័យទាំងអស់នោះ មិនមែនបានមកដោយឆាប់រហ័ស និង ដោយការមិនខិតខំប្រឹងប្រែងឡើយ។ តើយើងចំណាយពេលប៉ុន្មាន សម្រាប់អ្វីដែលយើងចង់បាន? តើយើងបានផ្តល់តម្លៃ និង អាទិភាពកម្រិតណាសម្រាប់ការងារមួយនោះ? តើយើងមានឆន្ទៈ និង ការប្តេជ្ញាចិត្តដល់កម្រិតណាសម្រាប់ធ្វើរឿងមួយនោះ? តើយើងសុខចិត្តលះបង់របស់មួយចំនួនដើម្បីវាទេ? តើយើងបន្តដើរទៅមុខរាល់ថ្ងៃ ឬ មួយលួចខ្ជិល លួចចាកចេញពីវិថីដែលយើងកំពុងដើរនោះ ទៅឆ្វេង ទៅស្តាំ? ចូរផ្តោតលើគោលដៅពិតប្រាកដមួយ ហើយដើរកុំបកក្រោយ យើងអាចកែសម្រួលផ្លូវដើរ ឬ របៀបនៃការដើរ តែយើងនឹងមិនបំភ្លេចនូវគោលដៅដែលយើងចង់ទៅនោះឡើយ។ នៅពេលដែលអ្នកគូររូប៣ម៉ោងស្រែកថាធុញ ជាងគំនូរម្នាក់ចំណាយពេល៥០០ម៉ោង ដើម្បីគូរគំនូរមួយផ្ទាំងដ៏វិចិត្រ ហើយគាត់បានគូរវាអស់រយៈពេល៣០ឆ្នាំមកហើយ។ នៅពេលដែលអ្នករងសំពាធពីការងារម្តង អ្នកត្រូវចាំថាប្រធានក្រុមហ៊ុនម្នាក់បានរងសំពាធក៏ដូចជាដោះស្រាយជម្លោះរាប់មិនអស់ក្នុងកំឡុងពេលដែលគាត់បានឡើងជាប្រធានក្រុមហ៊ុន។ នៅពេលដែលអ្នកគិតថាចង់បោះបង់អ្វីមួយដោយងាយៗ ត្រូវចាំថាប្រាសាទអង្គរវត្ត សង់ឡើងពីថ្ម មានក្បូរក្បាច់រចនាល្អវិចិត្រ ហើយចំណាយពេលជាង៣០ឆ្នាំទំរាំសង់រួច ហើយវាជាភាពជោគជ័យមួយក្នុងប្រវត្តិសាស្រ្តខ្មែរ។ រៀបរៀងដោយ @Cryptopreneur

Comments