ថ្ងៃប្រចាំសប្តាហ៍

C
មនុស្សបែងចែកវដ្តនៃពេលវេលាជា៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅក្នុងអតីតកាលគេរាប់ថ្ងៃអាទិត្យជាថ្ងៃទី១នៃសប្តាហ៍ តែជាទូទៅក្នុងជីវិតប្រចាំថ្ងៃ យើងចូលចិត្តចាត់ទុកថា ថ្ងៃច័ន្ទគឺជាថ្ងៃផ្តើមដំបូងក្នុងសប្តាហ៍និមួយៗ។ ថ្ងៃច័ន្ទជាថ្ងៃបើកទំព័រថ្មី នៃសប្តាហ៍ ក៏ជាថ្ងៃដែលត្រូវចាប់ផ្តើមធ្វើសកម្មភាពល្អៗដើម្បីជីវិត ដើម្បីគោលដៅ។ អ្វីដែលពិសេសនោះ ការកំណត់គោលដៅគួរតែធ្វើឡើងនៅថ្ងៃអាទិត្យ ព្រោះជាពេលវេលាដែលសម្រាប់ស្រលះ អាចឲ្យយើងសល់ពេលច្រើនក្នុងការវិភាគ និង ធ្វើការសម្រេចចិត្តបានល្អ។ ជាទូទៅ គេមិនសូវជ្រើសរើសថ្ងៃច័ន្ទជាពិសេស គឺពេលព្រឹកព្រលឹមសម្រាប់ធ្វើកម្មវិធីធំៗឡើយ ហេតុអ្វីពីព្រោះ មនុស្សភាគច្រើនខ្ជិល គេដើរលេងចុងសប្តាហ៍ ហើយកម្រចូលសំរាកនៅយប់ថ្ងៃអាទិត្យ មូលហេតុនេះហើយ ព្រឹកថ្ងៃច័ន្ទ តែងតែមានការក្រោកយឺត ស្ពឹកស្រពន់ និង ខកខានការណាត់ ឬ ការប្រជុំសំខាន់ៗ។ ថ្ងៃអង្គារ ធាតុភ្លើង ជាថ្ងៃដែលមនុស្សភាគច្រើនគិតថា ក្តៅ មិនល្អក្នុងការធ្វើអ្វីមួយនោះទេ តែប្រសិនបើយើងគិតពីពេលវេលា បន្ទាប់ពីថ្ងៃស្ពឹកស្រពន់នៃមនុស្ស ថ្ងៃអង្គារជាថ្ងៃដែលល្អមួយ សម្រាប់ធ្វើពិធីធំៗនានា ហើយប្រសិនបើយើងរៀនគិតវិជ្ជមាន ធាតុភ្លើង គឺជាថ្ងៃនៃថាមពលរោលរាល មហិជ្ជតាចង់សម្រេចគោលដៅបានរហ័ស។ ថ្ងៃពុធ ជាថ្ងៃដែលត្រជាក់ កណ្តាល នឹងធឹង ប្រៀបដូចជាព្រះពុទ្ធដែលប្រកាន់យកផ្លូវកណ្តាល ជាថ្ងៃដែលយើងមានអារម្មណ៍ថា បានដើរមកដល់កណ្តាលផ្លូវហើយ ហើយក៏ជាថ្ងៃសម្រាប់ពិចារណាថា ក្នុងរយៈពេល២ថ្ងៃមុន តើបានបំពេញការងារអ្វីខ្លះ ហើយសល់ការងារអ្វីខ្លះទៀតដែលមិនទាន់បានបំពេញ ជាថ្ងៃដែលអាចត្រិះរិះពិចារណាម្តងទៀត អំពីលទ្ធផលការងារប្រចាំសប្តាហ៍ ដើម្បីធ្វើការកែសម្រួល ប្រសិនបើមានបញ្ហា។ ថ្ងៃព្រហស្បត្តិ៍ ក៏ជាថ្ងៃមួយដែលមានធាតុក្តៅ ហើយក៏ជាថ្ងៃដែលអាចជ្រើសរើសមកបំពេញការងារធំៗ ព្រោះប្រសិនបើយើងរវល់ច្រើន ៣ថ្ងៃមុន អាចជួយសម្រួលការងារយើងបានខ្លះៗហើយ ដែលអនុញ្ញាតិឲ្យយើងមានពេលទំនេរក្នុងការធ្វើការងារធំៗបន្ថែម។ ថ្ងៃសុក្រ ជាថ្ងៃត្រជាក់ ហើយក៏ជាថ្ងៃដែលមនុស្សភាគច្រើនចាប់ផ្តើមខ្ជិល ចាប់ផ្តើមស្រូបចំហាយចុងសប្តាហ៍ ជាពិសេសគឺល្ងាចថ្ងៃសុក្រ TGIF (Thank God It's Friday) អរគុណព្រះជាម្ចាស់ ថ្ងៃនេះជាថ្ងៃសុក្រ (Black Friday) ថ្ងៃសុក្រពណ៌ខ្មៅ ជាការឃោសនាឲ្យមនុស្សដើរផ្សារទិញទំនិញ។ ជាថ្ងៃដែលគួរបូកសរុបការងារពេញមួយសប្តាហ៍មុននឹងធ្វើការសំរាក។ ថ្ងៃសៅរ៍ អាទិត្យ ភាគច្រើនជាថ្ងៃសំរាក សម្រាប់អ្នកធ្វើការរាជការ ឬ ការងារសាមញ្ញធម្មតា សម្រាប់មនុស្សថ្នាក់កណ្តាល។ តែសម្រាប់មនុស្សថ្នាក់ទាប ត្រូវបំពេញការងាររហូតដល់ថ្ងៃសៅរ៍បន្ថែម ដោយក្រុមហ៊ុនប្រើមនុស្ស៦ថ្ងៃក្នុងមួយសប្តាហ៍ កេងកម្លាំងពលកម្ម ធ្វើការលើស៤០ម៉ោងក្នុងមួយសប្តាហ៍ អ្នកខ្លះក៏ទំនេរ។ វាជាពេលវេលាមួយសម្រាប់ ការអភិវឌ្ឍខ្លួន ដំណើរកំសាន្ត ឬ រីករាយជាមួយគ្រួសារ ឬ មនុស្សដែលយើងគិតថាសំខាន់ក្នុងជីវិត។ ការរៀបរាប់ខាងលើ គឺជាការរៀបរាប់ដោយប្រយោល ដោយទូលាយ ហើយមិនមានថ្ងៃណាល្អជាងថ្ងៃណាឡើយ សម្រាប់អ្នកដែលវីវក់នឹងការងារ គឺគេធ្វើការ៧ថ្ងៃក្នុងមួយសប្តាហ៍ មិនគិតសៅរ៍ អាទិត្យឡើយ ឲ្យតែមានការងារចាំបាច់ត្រូវធ្វើ ហើយភាគច្រើនជាមនុស្សដែលមានទស្សនៈនឿយពីក្មេង ចាំចាស់បានស្រណុក ផ្ទុយអំពីអ្នកដែលមានទស្សនៈគង់តែស្លាប់ដូចគ្នា សប្បាយបានសប្បាយសិនទៅ រកហើយចុងក្រោយស៊ីអត់បាន ដើរអត់បាន បានប្រយោជន៍អី។ មួយថ្ងៃមាន២៤ម៉ោង មួយសប្តាហ៍មាន១៦៨ម៉ោង វាច្រើនសម្រាប់ការបែងចែកទៅលើ លំហាត់ប្រាណ ថែរក្សាសុខភាព សប្បាយជាមួយគ្រួសារ មិត្តភក្តិ ក្រុមការងារ សម្រេចភារកិច្ច និង អភិវឌ្ឍខ្លួនឯង អាស្រ័យលើការចេះរៀបចំការងារសម្រាប់ពេលវេលាណាមួយឲ្យបានល្អ ជៀសជាងគ្រាន់តែ ដកដង្ហើមចោល ហើយធ្វើរឿងតូចតាច ដដែរៗជាប្រចាំ។ ថ្ងៃណាក៏ជាថ្ងៃល្អ ប្រសិនបើយើងចេះរៀបចំ និង ចេះត្រួតពិនិត្យកាលៈទេសៈ ធ្វើការសម្រេចចិត្តបានល្អ។ @Cryptopreneur

Comments