ការបង្កើនបញ្ញាទាំង៦កម្រិត 6 Levels of Intelligence
ដើម្បីបង្កើនបញ្ញាឲ្យបានភ្លឺស្វាង សម្រាប់ជាប្រយោជន៍ក្នុងជីវិត ឬ ហៅថាបញ្ញាលោកិយ សូមមើលវីដេអូខាងក្រោម និង ការបកស្រាយលម្អិត។
https://www.youtube.com/watch?v=VlTWXg8ZQiA
## បញ្ញាកម្រិតទី១ ការដឹង/ការចងចាំ
https://serey.io/imageproxy/0x0/http://divided-we-stand.com/wp-content/uploads/2017/07/The-Power-of-Knowledge.jpg
ហេតុអ្វីបានជាសិស្សសាលា ខំរៀនអស់ជាច្រើនឆ្នាំ តែនៅពេលដែលចេញពីសាលាធ្វើការឲ្យគេមិនកើត? ហេតុអ្វីបានជាមានមនុស្សជាច្រើនខំចូលសិក្ខាសាលាជោគជ័យជាច្រើន អានសៀវភៅជោគជ័យជាច្រើន មើលវីដេអូជោគជ័យជាច្រើន រៀនសូត្រពីមនុស្សជោគជ័យជាច្រើន តែនៅតែមិនទទួលបានផល។
នោះក៏ព្រោះតែពួកគេគ្រាន់តែបានរៀន ដោយការទន្ទេញ ចងចាំ តែមិនទាន់យល់ ហើយមិនបានយកទៅអនុវត្តផ្ទាល់ បានត្រឹមតែរំភើបចិត្តមួយរយៈពេលខ្លី ហើយក្តីរំភើបនោះក៏រលត់បាត់ទៅវិញនៅពេលដែលគេទៅដល់ផ្ទះ ទៅរស់នៅក្នុងសង្គមដែលគេធ្លាប់តែរស់នៅជាដដែលៗ ក៏ព្រោះតែបញ្ញារបស់គេទើបតែនៅត្រឹមកំរិតទី១ គឺ ការដឹង។
## បញ្ញាកម្រិតទី២ ការយល់
https://serey.io/imageproxy/0x0/http://www.planhillsborough.org/wp-content/uploads/2013/05/PieChart_Cooperation.png
មានសិស្សនិស្សិតជាច្រើន ពេលរៀនចំណេះអ្វីហើយ បានត្រឹមតែទន្ទេញឲ្យចាំ សូត្រឲ្យចាំ ហើយសរសេរឡើងវិញដើម្បីប្រលងយកពិន្ទុ បើទោះបីជាគេទទួលបានពិន្ទុ១០០ក៏ដោយ ពិន្ទុនោះគ្រាន់តែបញ្ជាក់ថាគេមានខួរក្បាលល្អ ពូកែចាំមេរៀនតែប៉ុណ្ណោះ។
បញ្ញាដែលខ្ពស់ពីការដឹងនិងចងចាំនោះ ហៅថាការយល់។ នៅពេលដែលយើងបានអានអត្ថបទអ្វីមួយ ឬ បានស្តាប់អ្នកជោគជ័យម្នាក់ពីរឿងអ្វីមួយ តើយើងយល់អ្វីដែលគាត់ចង់និយាយទេ ហើយយើងអាចយកវាទៅអនុវត្តបានទេ ប្រសិនបើយើងបានយល់នូវខ្លឹមសារនៃចំណេះដឹងនោះ មានន័យថា បញ្ញារបស់យើងបានកើនឡើងដល់កម្រិតទី២ហើយ។
ឧទាហរណ៍
ធ្វើល្អបានបុណ្យ តើពាក្យមួយឃ្លានេះមានន័យយ៉ាងណា ប្រសិនបើបញ្ញារបស់យើងនៅត្រឹមកម្រិតទី១ទេ នោះយើងនឹងយល់ថា បានបុណ្យ សន្សំបុណ្យ បុណ្យកាន់តែច្រើន បានឡើងឋានសួគ៌។
ក៏ប៉ុន្តែប្រសិនបើបញ្ញារបស់យើងបានកើនឡើងដល់កម្រិតទី២ នោះយើងនឹងយល់ថា ពាក្យថាបានបុណ្យនោះ គឺបានសុខ ការធ្វើឲ្យទឹកចិត្តរបស់យើងបរិសុទ្ធ ជ្រះថ្លា សប្បាយចិត្ត នោះហៅថាបុណ្យ។ ការធ្វើបុណ្យមិនចាំបាច់តែហុចលុយឲ្យគេទើបហៅថាការធ្វើបុណ្យឡើយ គ្រាន់តែសរសេរអត្ថបទល្អៗឲ្យគេអាននៅក្នុងសេរី ដើម្បីបានជាប្រយោជន៍ ក៏បានបុណ្យដែរ ព្រោះវាបានធ្វើឲ្យយើងមានសេចក្តីសុខផ្លូវចិត្ត ពេលដែលបានបញ្ចេញគំនិតល្អៗ ហើយមានគេយកទៅអនុវត្តទៅរីកចម្រើនជោគជ័យសម្រាប់ជីវិតរបស់គេ នៅក្នុងព្រះពុទ្ធសាសនាមានវិធីសាស្រ្ត១០យ៉ាងដែលធ្វើឲ្យចិត្តយើងជ្រះថ្លា ដែលគេហៅថា បុញ្ញកិរិយាវត្ថុទាំង១០។
នៅពេលដែលបញ្ញាយើងយល់បែបនេះហើយ មានន័យថាបញ្ញានោះបានឡើងមកដល់កម្រិតទី២ហើយ។
## បញ្ញាកម្រិតទី៣ ការអនុវត្តន៍
https://serey.io/imageproxy/0x0/https://2.bp.blogspot.com/-fc_nZh34pdU/WZMW6FGcAlI/AAAAAAAADo8/Xv9YapIZxRE0ZJw-lSvG22BX9QSvPe7wACLcBGAs/s640/How%2Bto%2BApply%2BMakeup%2BStep%2Bby%2BStep%2B2017.jpg
កត្តាដែលធ្វើឲ្យសិស្សរៀនចប់ហើយ មិនអាចធ្វើការងារកើត ដោយសារតែការសិក្សានៅសាលាផ្តោតទៅលើតែបញ្ញាកម្រិតមូលដ្ឋាន គឺកម្រិតទី១ ការដឹង និង កម្រិតទី២ ការយល់ តែខ្វះបញ្ញាកម្រិតទី៣ គឺការអនុវត្ត។
ប្រសិនបើពេលនៅរៀន សិស្សមានការអនុវត្តបានច្រើន នោះពេលគេចេញធ្វើការងារគេក៏អាចធ្វើការងារបាន ដោយបទពិសោធន៍ដែលគេបានធ្វើកាលពីនៅរៀន។
ឧទាហរណ៍ ប្រសិនបើនៅសាលាបង្វឹកកីឡាករបាល់ទាត់ គ្រូពន្យល់ពីវិធីសាស្រ្តបណ្តើរបាល់ ទាត់បាល់ ញាក់បាល់ តែមិនដែលនាំសិស្សឲ្យទៅទាត់នៅទីលានទាត់បាល់ទេ គឺសិស្សនោះបានត្រឹមតែកើនបញ្ញាបាន១ទៅ២កម្រិតតែប៉ុណ្ណោះគឺខ្វះការអនុវត្ត។ ឧទាហរណ៍ សិស្សទៅរៀនសំអាងការតុបតែមុខ គូសចិញ្ចើមជាដើម ប្រសិនបើគ្រូគូរឲ្យតែសិស្សមើល ហើយសិស្សមិនដែលបានគូសដោយខ្លួនឯងទេ បញ្ញារបស់គេក៏មិនអាចកើតឡើងដល់កម្រិតទី៣ដែរ។
ជាការប្រសើរ ក្រោយពេលរៀនអ្វីមួយ បញ្ញារបស់សិស្សអាចសម្រេចបានដល់បញ្ញាកម្រិតទី៣ គឺការអនុវត្តនេះ ដែលអាចឲ្យគេយកទៅបំពេញការងារហើយទទួលបានប្រាក់ចំណូលមកវិញ។
ដើម្បីធ្វើឲ្យបញ្ញាកើនឡើងបន្តទៅទៀត សិស្សត្រូវតែខិតខំបន្ថែមទៀត ទើបអាចកើនបញ្ញាឡើងទៅដល់កម្រិតទី៤បន្ត។
## បញ្ញាកម្រិតទី៤ ការវិភាគ
https://serey.io/imageproxy/0x0/http://www.amersheikh.com/wp-content/uploads/2015/07/HOW-WE-HELP-FINANCIAL-ANALYSIS.jpg
កាលដែលសិស្សានុសិស្សបានសិក្សា ហើយបានកើនបញ្ញាឡើងទៅដល់កម្រិតទី៣ជាការប្រសើរហើយ តែពេលខ្លះគឺទាមទារឲ្យសិស្សត្រូវរៀនប្រើខួរក្បាលរបស់ខ្លួន ដើម្បីធ្វើការត្រិះរិះពិចារណា បើពុំដូច្នោះទេ គេបង្រៀនថាឆ្វេង ឆ្វេងតាមគេ គេបង្រៀនថាស្តាំ ស្តាំតាមគេ គេថាល្អ ល្អតាមគេ គេថាអាក្រក់ អាក្រក់តាមគេ។
បញ្ញាកម្រិតទី៤ នេះត្រូវបានគេចាត់ទុកជា ជំនាញទន់ (soft skill) ឬ ហៅថា Critical Thinking Skill ជំនាញនៃការគិត ការត្រិះរិះពិចារណា ការវិភាគ។ តើធ្វើដូចម្តេចទើបអាចបង្កើតជំនាញមួយនេះបាន លុះត្រាតែយើងមានមូលដ្ឋានគ្រឹះនៃ បញ្ញាកម្រិតទី១ ទី២ និង ទី៣ នូវអ្វីដែលយើងបានសិក្សា ទើបអាចឈានដល់បញ្ញាកម្រិតទី៤បាន។
ហេតុអ្វីភាគច្រើន នៅពេលដែលមានវាគ្មិនម្នាក់ ឡើងមកធ្វើបទបង្ហាញអំពីអ្វីមួយ ហើយយើងជឿគាត់១០០% ហើយគ្មានសំនួរសួរត្រឡប់ទៅគាត់វិញ។ ក៏ព្រោះតែចំណេះដែលគាត់បានចែករំលែកមកយើងនោះ វាថ្មីស្រឡាងសម្រាប់យើង ហើយខួរក្បាលរបស់យើងគឺព្រមទទួលយក១០០% ដោយសារតែយើងមិនទាន់កើនបញ្ញាលើអ្វីដែលវាគ្មិនម្នាក់នោះបាននិយាយ។ លុះត្រាតែយើងចូលរួមសិក្ខាសាលាជារើយៗ ស្តាប់វាគ្មិនឲ្យបានច្រើននាក់ ពេលនោះហើយ ដែលបញ្ញាកម្រិតទី៤របស់យើងបានកើតឡើង គឺយើងចេះឆ្ងល់ ចេះប្រៀបធៀប ហើយដកបទពិសោធន៍ ដោយការអនុវត្តផ្ទាល់ដោយប្រើបញ្ញាកម្រិតទី៣ ពេលនោះហើយ ដែលបញ្ញាកម្រិតទី៤បានកើតឡើងជាលំដាប់។
ត្រូវចាំថា កម្រិតនៃបញ្ញាទៅលើចំណេះអ្វីមួយមិនអាចលូតផ្លោះបានទេ វាត្រូវឡើងតាមកាំរបស់វា គ្រាន់តែវាអាចឡើងបានដោយប្រើរយៈពេលយូរ ឬ ឆាប់។ ប្រសិនបើយើងមិនទាន់បានបង្កើនបញ្ញាកម្រិតទី១ ទី២ ទី៣ទេ បញ្ញាកម្រិតទី៤ក៏មិនអាចកើនឡើងបានដោយងាយៗផងដែរ។
ចុះបញ្ញាអ្វីដែលវិសេសវិសាលជាងបញ្ញាកម្រិតទី៤ គឺការវិភាគនេះទៀត?
## បញ្ញាកម្រិតទី៥ ការវាយតម្លៃ
https://serey.io/imageproxy/0x0/https://www.digitalstudiome.com/sites/default/files/dsme/images/2017/10/15/thevoice.jpg
ដោយសារតែសម័យកាលបច្ចុប្បន្ន មានជំនាញច្រើនពេក ដែលធ្វើឲ្យមនុស្សម្នាក់ ចាប់ជំនាញមួយច្បាស់លាស់មិនបាន។ គេរៀនជំនាញមួយបានមួយរយៈក៏ផ្លាស់ទៅរៀនជំនាញថ្មីមួយទៀត ពេលដែលគិតថាជំនាញនោះមិនសូវមានទីផ្សារ ក៏ផ្លាស់ទៅរកជំនាញថ្មីបន្តបន្ទាប់ ដែលធ្វើឲ្យបញ្ញារបស់គេ បានត្រឹមតែកម្រិតទី១ ទី២ ទី៣ជារៀងរហូត ហើយនៅតែវិលចុះវិលឡើងនៅកន្លែងដដែរ រហូតដល់ពេលខ្លះគេមានអារម្មណ៍ថា ខ្ញុំហាក់ដូចជាមិនចេះអ្វីសោះ។
ហេតុអ្វីបានជាមនុស្សម្នាក់មានអារម្មណ៍ថាខ្លួនគេមិនចេះអ្វីសោះ? ពីព្រោះគេរត់តាមជំនាញថ្មីជានិច្ច ដោយភ្លេចផ្តោតលើជំនាញមួយគត់មុត ហើយចំណាយពេលបង្កើតបញ្ញាលើវាឲ្យបានច្រើនឆ្នាំ។ ចូរប្រៀបធៀបមនុស្សប៉ុន្មាននាក់ខាងក្រោម។
ប្រភេទមនុស្សទី១
ខ្ញុំចេះជំនាញសព្វគ្រប់បែបយ៉ាង តែចេះតិចៗ ប្រើការអត់កើត
ខ្ញុំដើមឆ្នាំលក់អាវ ៣ខែក្រោយលក់ស្បែកជើង ឥឡូវនេះប្តូរមកលក់ឡេម្តង
ប្រភេទមនុស្សទី២
ខ្ញុំធ្វើការលើផ្នែកច្បាប់១០ឆ្នាំហើយ
ខ្ញុំអង្គុយសរសេរកម្មវិធី១៥ឆ្នាំហើយ
ខ្ញុំលក់ផលិតផលអនឡាញ៨ឆ្នាំហើយ
ប្រសិនបើយើងចង់ឲ្យបញ្ញារបស់យើងកើនឡើងដល់កម្រិតទី៥ គឺការវាយតម្លៃ លុះត្រាតែយើងផ្តោតលើការងារតែម្យ៉ាង ហើយច្រើនឆ្នាំ ដើម្បីឲ្យយើងអាចបណ្តុះបញ្ញាតាំងពីកម្រិតទី១ដល់ទី៤ ហើយស្គាល់ក្រឡុកក្រលាត ប្រសិនបើអ្នកច្បាប់វិញ អាចធ្វើឲ្យខុសក្លាយជាត្រូវ ត្រូវក្លាយជាខុស អាចចាប់ចំណុចខ្សោយ ចំណុចខ្លាំងជាដើម។
ប្រៀបដូចជាកម្មវិធី The Voice មនុស្ស៤នាក់ត្រូវបានជ្រើសរើសឲ្យមកធ្វើការវាយតម្លៃ លើការច្រៀងរបស់អ្នកមកប្រកួត។ ប្រសិនបើគណៈកម្មាទាំងនោះ គ្មានបទពិសោធន៍ក្នុងការច្រៀងជាច្រើនឆ្នាំ សម្តែងច្រើនឆ្នាំ ច្រៀងចង្វាក់ប្លែកៗ នឹងច្រៀងបទចម្រៀង រាប់រយ រាប់ពាន់បទ ក៏ពួកគាត់គ្មានសមត្ថភាព ក្នុងការវាយតម្លៃទឹកដមសម្លេង បច្ចេកទេសផ្លូវដង្ហើម និង វិធីសាស្រ្ត ស្រែកឲ្យខ្ពស់ ឬ ទំលាក់ឲ្យទាបបានដែរ។ ប្រសិនបើគាត់ខ្វះបទពិសោធន៍នៃបញ្ញាកម្រិតទី១ដល់ទី៤ យើងនឹងឃើញថា ការវាយតម្លៃរបស់គាត់ ហាក់ដូចជាភ្លាវ ឬ នៅក្មេងខ្ចី ឬ ជាការវាយតម្លៃបែបក្មេងបៀមដៃ។ តែប្រសិនបើគាត់ពិតជាបានសាងនូវបញាទាំង៤កម្រិតខាងលើ គាត់នឹងមានសមត្ថភាពអាចបង្កើនវាឲ្យឡើងបន្តមក បញ្ញាកម្រិតទី៥គឺការវាយតម្លៃ ស្គាល់ចន្លោះប្រហោង និង អាចនាំផ្លូវដើម្បីបំពេញចន្លោះខ្វះខាតទាំងអស់នោះបានដោយងាយ។
បញ្ញាកម្រិតទី៥នេះ អាចធ្វើឲ្យយើងក្លាយទៅជាមនុស្សល្���ីម្នាក់ក្នុងជំនាញដែលយើងកំពុងធ្វើជារៀងរាល់ថ្ងៃ ហើយនរណាៗក៏ស្គាល់យើងដែរ តែវានៅមិនទាន់ចប់ត្រឹមនេះឡើយ អ្វីទៅជាបញ្ញាកម្រិតទៅ៦ ដែលជាបញ្ញាកម្រិតខិតទៅរកចំណុចកំពូលនៃបញ្ញារបស់មនុស្សនោះ?
## បញ្ញាកម្រិតទី៦ ការបង្កើតថ្មី
https://serey.io/imageproxy/0x0/http://images.china.cn/attachement/jpg/site1000/20091218/0019b91ebfe20c95959737.jpg
នៅពេលដែលយើងបានយល់ដឹងពីបញ្ញាកម្រិតទី៥ វាហាក់ដូចជាអស្ចារ្យខ្លាំងណាស់ តែបញ្ញាដែលធំជាងការវាយតម្លៃទៅទៀតនោះ គឺបញ្ញាកម្រិតទី៦ ការបង្កើតថ្មី។
ឧទាហរណ៍ នៅក្នុងកម្មវិធីទូរទស្សន៍នៅលើប៉ុស្ត Discovery Channel មួយដែលមានឈ្មោះថា Myth Busters ក្រុមមួយនេះ គឺតែងតែយកគំនិតជាច្រើន មិនថាក្នុងរឿងនិទាន ក្នុងគំនូរជីវចល ឬ ពាក្យចចាមអារាម ពួកគេតែងតែងយកគំនិតដែលបាននិយាយនោះ មកបង្កើតឧបករណ៍ផ្សេងៗ ហើយយកវាមកធ្វើការពិសោធន៍ ប្រសិនបើយើងមើលកម្មវិធីមួយនេះ យើងនឹងឃើញថា អ្វីៗក៏ពួកគេអាចបង្កើតបានដែរ ហើយចំណេះអ្វីក៏ពួកគេអាចធ្វើបានដែរ នៅពេលដែលមានអ្វីដែលហួសពីសមត្ថភាពរបស់ពួកគេ គេនឹងស្វែងរកដៃគូ ដើម្បីជួយបង្កើត។
នោះហើយទើបជាកម្រិតកំពូលនៃបញ្ញារបស់នោះ ពេលដែលចង់បង្កើតអ្វីមួយ គ្រាន់តែដើររកឧបករណ៍ ហើយយកវាមកបង្កើត ពេលមនបញ្ហា ដោះស្រាយវា ហើយចុងបញ្ចប់ក៏ទទួលបានលទ្ធផលសម្រេច គេអាចធ្វើឲ្យខ្លួនឯង ឬ ផ្តល់ជាគំនិត ឬ គំរូ ដើម្បីឲ្យអ្នកដទៃផលិតឲ្យក៏បាន។
ចូរមើលវីដេអូមួយខាងក្រោម ដែលបញ្ជាក់អំពីសមត្ថភាពរបស់ពួកគេ
https://www.youtube.com/watch?v=fXf9-2JM7lM
បញ្ញាក្នុងផ្លូវលោក ឬ ផ្លូវអាណាចក្រ បានកើនដល់កម្រិតទី៦នេះចាត់ទុកថាប្រសើរក្រៃលែង នៅក្នុងបញ្ញាផ្លូវលោកនេះ នៅមានប៉ុន្មានកម្រិតទៀត ដែលអាចយកមកសិក្សាបាន តែខ្ញុំគិតថា នៅពេលដែលយើងអាចឡើងមកដល់កម្រិតទី៦នេះ យើងនឹងអាចស្វែងរកបញ្ញាកម្រិតទី៧ ទី៨ ទី៩បានដោយខ្លួនឯងជាក់ជាពុំខាន។
ហើយប្រសិនបើចង់រីកចម្រើនខាងបញ្ញាផ្លូវពុទ្ធចក្រ វាជាបញ្ញាមួយដែលមានទិសដៅប្លែកអំពីបញ្ញាអាណាចក្រ។
ដូចគេនិយាយថា មានបញ្ញាផ្លូវអាណាចក្រ សម្រាប់ប្រកបរបរចិញ្ចឹមជីវិត (បញ្ញាលោកិយ)
មានបញ្ញាផ្លូវពុទ្ធចក្រ សម្រាប់ចេញចាកពីជីវិត (បញ្ញាលោកុត្តរៈ)។

