កំណាព្យ ដាំទឹក៣ យកទឹក១ (បទ ព្រហ្មគតិ)
http://3.bp.blogspot.com/-Jk0xr5tdMo4/UkqfUHrej3I/AAAAAAAAAhI/i40u8J0lNpQ/s1600/P1030383.JPG
(១) ធ្វើម្តេចរៀនពូកែ ធ្លាប់លឺដែរគេប្រាប់ថា
បើចង់រៀនចេះណា យកឯកសារដាក់ដាំទឹក។
(២) ស្ងោរឆ្អិនបានបីដង រួចក៏ត្រងយកមកផឹក
បីទឹកយកមួយទឹក ថ្ងៃយប់ព្រឹកផឹកអោយទៀង។
(៣) បើគ្មានប្រសិទ្ធភាព ថ្នាំមិនជ្រាបដល់សារពាង្គ
ប្តូរក្បួនល្អចៀសជាង បើមិនរាងហោចឯកសារ។
(៤) ខួរក្បាលមានដូចគ្នា ស្រូបវិជ្ជាតាមធម្មតា
ហេតុម្តេចគេអស្ចារ្យ អនិច្ចាខ្ញុំសែនល្ងង់។
(៥) កុំគិតខ្លីដូច្នេះ រៀនមិនចេះកុំលិចលង់
កុំដេកតែក្នុងមុង សំងំគង់លែងរៀនសូត្រ។
(៦) ល្ងង់ណាស់ត្រូវខំប្រឹង កុំរំពឹងថ្ងៃឡើងកូដ
អ្នកល្ងង់មិនរហូត ខំរៀនសូត្រស្អែកភ្លឺស្វាង។
(៧) ប្រឹងស្តាប់គ្រូពន្យល់ បើមានឆ្ងល់សួរគ្រប់យ៉ាង
កុំគិតស្តាប់តែម្ខាង កត់ត្រាតាងខ្លាចមានភ្លេច។
(៨) មិត្តភ័ក្តិទាំងប្រុសស្រី ប្រឹងឃ្មាតខ្មីសួរជជីក
សហការជានិច្ច ត្បិតគ្នាតិចគំនិតច្រើន។
(៩) កុំផ្អែកគ្រូទាំងស្រុង ត្រូវបំរុងចំនេះកើន
ស្រាវជ្រាវរិតតំកើន រីកចំរើនមួយកំរិត។
(១០) កូនសិស្សដែលពូកែ រាល់ថ្ងៃខែព្យាយាមគិត
មិនចាំចំលងមិត្ត ក្លែងប្រឌិតការងារគេ។
(១១) ខុសត្រូវធ្វើខ្លួនឯង មិនចំបែងបោកសំនេរ
ជូនគ្រូខ្លួនទទេ អាចបោកគេគង់ថ្ងៃបែក។
(១២) ការងារគ្រូដាក់អោយ កុំបណ្ដោយទុកថ្ងៃស្អែក
ធ្វើភ្លាមក្រែងយំយែក ហូរទឹកភ្នែកធ្វើមិនទាន់។
(១៣) ការងារមានរាល់ថ្ងៃ មិនលកលៃពេលបន្ទាន់
ប្រៀបដូចភ្នំឡើងជាន់ ខំបែបន់ជួយមិនបាន។
(១៤) មើលមេរៀនមុនគ្រូ អាចបន្ធូការរំខាន
ពិបាកថយស្រាក់ស្រាន ក្បួនចំនានគួរចាំទុក។
(១៥) រំលឹកជាញយៗ អាចបន្ថយក្តីបន្ទុក
ដល់ពេលប្រលងបុក ចិត្តសែនសុខត្រៀមជានិច្ច។
(១៦) ត្រូវដាក់គោលបំណង ថាខ្លួនប៉ងចង់ដូចម្ដេច
ប៉ងរយៈពេលតិច បានសំរេចសប្បាយក្រៃ។
(១៧) បន្តបំនងវែង ប្រឹងសំដែងប៉ងអោយឆ្ងាយ
បីឆ្នាំទៅមុខក្លាយ ត្រៀមធ្វើអ្វីបានជោគជ័យ។
(១៨) រឿងរៀនមិនចេះចប់ ហ៊ានតែឈប់អស់និស្ស័យ
អ្នកឆ្លាតក្លាយជាក្ស័យ ព្រោះសម័យកាលផ្លាស់ប្ដូរ។
(១៩) ទឹកបីយកទឹកមួយ ឬប្រឹងជួយខ្លួនកុំថ្ងូរ
ជ្រើសយកមួយណាល្អ លើជំហររបស់អ្នក។
(២០) ក្បួនច្បាប់ប្រាប់អស់ហើយ កុំកន្តើយជាប់អន្ទាក់
ល្បែងស្រីស្រាជាធ្នាក់ សប្បាយជាក់មិនយូរឡើយ។
និពន្ធដោយៈ @Cryptopreneur
១០ សីហា ២០០៩
Comments