ការកំណត់ភាពសប្បាយរីករាយ
https://bradaronson.com/wp-content/uploads/2013/10/happy.jpg
ដើម្បីឲ្យមនុស្សម្នាក់រីករាយឬកើតទុក្ខ យើងអាចនិយាយបានថាវាងាយស្រួលក៏បាន វាពិបាកខ្លាំងក៏ថាបាន ក៏ប៉ុន្តែប្រសិនបើយើងយល់ច្បាស់អំពីឫសគល់ដែលអាចឲ្យយើងរីករាយបាន នោះវាអាចជាពន្លឺមួយឈានទៅរកជីវិតរីករាយបានច្រើន។
## ការរីករាយដោយពឹងផ្អែកលើកត្តាខាងក្រៅ
អ្នកខ្លះបានកំណត់កត្តារីករាយរបស់ខ្លួនថា
ប្រសិនបើខ្ញុំមានលុយច្រើន ខ្ញុំនឹករីករាយ
ប្រសិនបើមនុស្សគ្រប់គ្នាព្រមស្តាប់សម្តីខ្ញុំ ខ្ញុំនឹករីករាយ
ប្រសិនបើអាកាសធាតុថ្ងៃនេះល្អ ខ្ញុំនឹងរីករាយ
កាលដែលយើងបានផ្តល់ឱកាសឲ្យកត្តាខាងក្រៅ ជាអ្នកកំណត់ជោគវាសនានៃការរីករាយនៅក្នុងជីវិតយើង នោះវាជារឿងពិបាកមួយ ពីព្រោះកត្តាខាងក្រៅ ជារឿងដែលយើងពុំមានការគ្រប់គ្រង១០០% ទៅលើលទ្ធផលរបស់វាឡើយ ដែលជាហេតុធ្វើឲ្យយើងនឹងជួបការសោកស្តាយមិនសប្បាយចិត្តជៀសមិនរួច។
ពេលខ្លះការងារបរាជ័យ ឬ មិនទាន់បានផល យើងក៏មិនមានលុយច្រើន ហើយវាក៏នឹងធ្វើឲ្យយើងមិនសប្បាយចិត្ត។ យើងមិនអាចបញ្ជានរណាម្នាក់ឲ្យស្តាប់តាមយើង ធ្វើតាមយើងនោះទេ សូម្បីតែបងប្អូនបង្កើត ប្តីប្រពន្ធ ឬ ឪពុកម្តាយក៏ដោយ ពីព្រោះមនុស្សម្នាក់ៗ មានសេរីភាពនិងការសម្រេចរបស់គេរៀងៗខ្លួន។
## ការរីករាយដោយពឹងផ្អែកលើកត្តាខាងក្នុង
ក៏ប៉ុន្តែ ប្រសិនបើយើងបង្វែទិសដៅនៃការរីករាយរបស់យើងចូលមកខាងក្នុងវិញ ដោយពឹងផ្អែកទៅលើខ្លួនឯងជាអ្នកសម្រេច នោះយើងនឹងមានការគ្រប់គ្រងទៅលើលទ្ធផលរបស់វា១០០% ពីព្រោះមានតែខ្លួនយើងម្នាក់ឯងគត់ ដែលអាចធ្វើឲ្យយើងសើចឬយំបាន។
ចូរសួរទៅខ្លួនឯងថា
ហេតុអ្វីខ្ញុំត្រូវកើតទុក្ខ?
ហេតុអ្វីខ្ញុំធ្វើឲ្យខ្លួនឯងវេទនាបែបនេះ?
ហេតុអ្វីខ្ញុំបណ្តោយឲ្យខ្លួនឯងទន់ជ្រាយបែបនេះ?
ហេតុអ្វីខ្ញុំធ្វើបាបខ្លួនឯងបែបនេះ ដើម្បីនរណា ហើយបានប្រយោជន៍អ្វី?
នៅពេលដែលយើងចាប់ផ្តើម ផ្តល់ឱកាសឲ្យខ្លួនឯងបានរីករាយ បានសប្បាយ មានសុខភាពផ្លូវចិត្តល្អ ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន នោះយើងនឹងអរគុណខ្លួនយើងថា។ សូមអរគុណ អ្នកជាមនុស្សដែលម្នាក់គត់ ដែលអាចផ្តល់ស្នាមញញឹមមកដល់ខ្ញុំបាន អ្នកជាមនុស្សតែម្នាក់គត់ដែលខ្ញុំជឿទុកចិត្ត១០០% ថាអ្នកស្មោះត្រង់ចំពោះខ្ញុំ មិនលាក់បាំង ដែលអាចឲ្យខ្ញុំយកការរីករាយរបស់ខ្ញុំផ្តល់ឲ្យអ្នកគ្រប់គ្រងចាប់ពីពេលនេះតទៅ។
@Cryptopreneur

