សេចក្តីអត់ធ្មត់

នៅពេលដែលមាននរណាគេម្នាក់មកចាប់កំហុសយើង ដោយបំណងអាក្រក់ឬបំណងល្អ ពួកគេសុទ្ធតែមកជួយយើងឲ្យបានរីកចម្រើនទាំងអស់។ ដំបូងឡើយ យើងប្រហែលជាមានអារម្មណ៍មិនសូវល្អជាមួយពួកគេ ពីព្រោះធម្មជាតិជាមនុស្ស មិនសូវចង់ឲ្យគេមកថាឲ្យ ស្តីឲ្យ ឬ កែលម្អឡើយ តែដល់ពេលមួយ យើងនឹងដឹងថា ក៏ព្រោះតែពួកគេទើបអាចធ្វើឲ្យយើងរីកចម្រើនបាន។
ឧទាហរណ៍
ការសរសេរអក្សរខ្មែរ ជឿខ្ញុំចុះគ្មាននរណាចេះប្រកបគ្រប់អក្ខរាវិរុទ្ធត្រឹមត្រូវនោះឡើយ ជាពិសេសមានពាក្យជាច្រើនដែលគេតែងតែសរសេរខុស។ យ៉ាងណាមិញ នៅពេលដែលយើងសរសេរខុសអក្ខរាវិរុទ្ធ ហើយនៅពេលដែលមានមនុស្សមកជួយកែលម្អយើងដោយបំណងល្អ ឬ ពេលខ្លះដោយសារគាត់មិនសូវជាចេះយល់អារម្មណ៍អ្នកដទៃ គឺមកស្តីឲ្យតែម្តង ឬ អ្នកខ្លះជ្រុលនិយមស្រឡាញ់អក្សរសាស្រ្តជ្រុល តែគាត់មិនសូវមានសុជីវធម៌ក្នុងការរស់នៅក្នុងសង្គម បានពោលពាក្យមិនល្អ ដល់អ្នកដែលសរសេរខុស ដោយសម្តីរបស់គាត់ ទោះបីជាគេចង់កែ ក៏គេមិនចង់កែតាមគាត់ដែរ។
## ដើម្បីឲ្យយើងសរសេរត្រូវអក្ខរាវិរុទ្ធ
ទី១ ពេលគេប្រាប់គ្រប់ពេល យើងត្រូវចងចាំ ពេលខ្លះលុះត្រាតែគេប្រាប់យើងច្រើនដងទើបចាំ ព្រោះម្តងពីរដងមិនចាំទេដោយសារវាជាទម្លាប់។
ទី២ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការតែងនិពន្ធ គឺខ្ញុំបានទិញវចនានុក្រមសម្តេចព្រះសង្ឃរាជជួនណាត២ក្បាល មកពិនិត្យផ្ទៀងផ្ទាត់ នៅពេលដែលមាននរណាម្នាក់មកនិយាយថាពាក្យនេះខុស ធ្វើដូចនេះយើងនឹងកាន់តែងាយចាំកំហុសផ្សេងៗ។
ទី៣ សម័យឥឡូវទំនើបណាស់ វចនានុក្រមត្រូវបានយកបញ្ចូលទៅក្នុងកម្មវិធីទូរស័ព្ទ ឬ គេហទំព័រនៅលើអ៊ីនធឺណែតដែលអាចឲ្យយើងធ្វើការ ផ្ទៀងផ្ទាត់បានដោយងាយស្រួល។
## ការតែងកំណាព្យ
ក្រៅអំពីអក្ខរាវិរុទ្ធខ្មែរទៅ ចំពោះការតែងកំណាព្យវិញ កាលពីដំបូងខ្ញុំចេះតែប៉ុន្មានបទទេ ដូចជាបទកាកគតិ បទពាក្យ៧ បទពំនោល និង បទព្រហ្មគតិជាដើម។ តែថ្ងៃមួយ ខ្ញុំចង់តែងកំណាព្យនិយាយពីវប្បធម៌ប្រវត្តសាស្រ្តខ្មែរ ហើយខ្ញុំក៏បានជ្រើសរើសយកបទកាកគតិមកតែង បានជាសៀវភៅកំណាព្យមួយក្បាល ដែលមានចំណងជើងថា សុវណ្ណភូមិ អាណាចក្រខ្មែរ សៀវភៅនេះបានដំកល់៥ក្បាលនៅបណ្ណាល័យជាតិ នៅពុទ្ធសាសនបណ្ឌិត និង នៅតាមសាលាក្រីក្រតាមទីជនបទនានា ដើម្បីឲ្យក្មេងៗបានអានលេង និង យល់ដឹងពីវប្បធម៌ខ្មែរ។
តាមពិតទៅគឺខ្ញុំចេះតែប៉ុន្មានបទដែលបានរៀបរាប់ខាងលើ នៅពេលដែលខ្ញុំផ្សព្វផ្សាយកំណាព្យខ្ញុំចេញទៅ បទកាកគតិតែមួយ តែមានអ្នកថាខ្ញុំតែងខុសចុងចួនហើយ ទើបខ្ញុំមិនអស់ចិត្ត ទៅទិញសៀវភៅរៀនតែងកំណាព្យនៅតូបលក់សៀវភៅក្បែរពុទ្ធសាសនបណ្ឌិត ពេលនោះហើយដែលខ្ញុំដឹងថា បទកាកគតិតែមួយបទ ក៏មានចំណាប់ចុងចួនច្រើនបែបដែរ មានចួនធម្មតា និង ចួនខ្លាំង រហូតដល់ខ្ញុំបានរកឃើញបទល្អៗ និង ពិបាកតែង ពិបាកលេងពាក្យជាច្រើនទៀត ដូចជាបទកង្កែបលោតស្លាក់ពេជ្រ សឹង្ហតោលេងកន្ទុយ ផ្កាឈូកបីជាន់ ជាដើម។ ហើយខ្ញុំក៏បន្តរៀនតែងគ្រប់បទកំណាព្យទាំងអស់។
## ដើម្បីពូកែតែងកំណាព្យ
ទី១សរសេរអក្សរកុំឲ្យខុសច្រើន
ទី២ ឧស្សាហ៍ស្តាប់ចំរៀង ពីព្រោះចំរៀងសំបូរពាក្យចួន
ទី៣ សិក្សាពីបទកំណាព្យ និង ចំណាប់ចុងចួនឲ្យបានច្បាស់ ថាព្យាង្គទីប៉ុន្មានឃ្លាណា ត្រូវចួននឹងព្យាង្គមួយណា
ទី៤ អ្នកស្រីច័ន្ទបូរណ៍កែវ បាននិពន្ធសៀវភៅមួយក្បាល និយាយអំពីវិញ្ញាសាវិញ្ញាណ១០ មានន័យថា យើងត្រូវបង្កប់វិញ្ញាណចូលទៅក្នុងអត្ថបទរបស់យើង ពេលខ្លះនៅពេលដែលយើងស្តាប់បទចម្រៀង ឬ អានកំណាព្យ យើងហាក់ដូចជាបានឃើញទិដ្ឋភាពពិតៗ សម្លេងពិតៗ រសជាតិពិតៗ អារម្មណ៍ពិតៗ បើទោះបីជាយើងមិនបានទៅដល់ទីនោះក៏ដោយ នោះហើយដែលជាវិធីសាស្រ្តក្នុងការដាក់វិញ្ញាណឲ្យអត្ថបទរបស់យើង។
ទី៥ កាន់តែពិសេសជាងនោះទៅទៀត គឺការបង្កប់ប្រស្នាចូលក្នុងអត្ថបទ ដែលខ្ញុំហៅថា កំណាព្យប្រស្នា គឺអានម្តងមានអត្ថន័យមួយ អានម្តងទៀតឃើញអត្ថន័យមួយទៀត ហើយពេលខ្លះគឺខ្ញុំបានបង្កប់អត្ថន័យ ប្រស្នា និង អាថ៌កំបាំងជាច្រើននៅក្នុងកំណាព្យនោះ ដែលពិបាកក្នុងការឲ្យមនុស្សធម្មតាយល់ពីជម្រៅនៃអត្ថន័យបានគ្រប់ទាំងអស់ លុះត្រាតែមនុស្សដែលចូលចិត្តវិភាគ ទើបចូលចិត្តអានកំណាព្យបែបនេះ ប្រៀបដូចជាកំណាព្យពុទ្ធទំនាយ ពៀរសុក្រ ពៀរសៅរ៍ សុទ្ធតែជាកំណាព្យបង្កប់ប្រស្នា ដែលរៀបរាប់ពីធម្មជាតិ តែបង្កប់រឿងនយោបាយរបស់កម្ពុជាជាដើម។
ព្យាយាមគង់បានសម្រេច ខ្ញុំមានថ្ងៃនេះ ដោយសារមនុស្សជាច្រើននាក់ ហើយពេលដែលខ្ញុំចេះតែងនិពន្ធ ចេះនិពន្ធកំណាព្យ អត្ថបទ មេរៀន ការស្រាវជ្រាវ ខ្ញុំក៏និពន្ធវាចែកជាប្រយោជន៍ទៅដល់សង្គមវិញ។
រួមគ្នាបង្កើតវប្បធម៌ចែករំលែក
@Cryptopreneur

