៧ចំណុច បុរស និងនារី គួរស្វែងយល់មុននឹងរៀបការ

ការមានចិត្តស្រឡាញ់គ្នាគឺជារឿងសំខាន់ ប៉ុន្តែដែលរឹតតែសំខាន់នោះ គឺការចេះរក្សាក្តីស្រលាញ់នោះឲ្យបានគង់វង្ស និងប្រកបដោយសុភមង្គល។ វាជាការប្រសើរណាស់ ដែលមនុស្សប្រុសស្រីពីរនាក់ស្រឡាញ់គ្នា ហើយអាចឈានដល់អាពាហ៍ពិពាហ៍ តែប្រការដែលចាំបាច់គឺពួកគេទាំងពីរមិនគួរប្រថុយប្រថានរៀបការដោយការស្រឡាញ់តែម្យ៉ាងនោះទេ ពោលគឺគេត្រូវគិតគូរ និងមានការពិភាក្សាគ្នាឲ្យបានស៊ីជម្រៅជាមួយគ្នាជាមុនសិន។ តើគេគួរគិតអំពីបញ្ហាអ្វីខ្លះមុនរៀបការ? ខាងក្រោមនេះ គឺជាបញ្ហាដែលគួរពិភាក្សាគ្នាមុនពេលរៀបការ៖
១. លុយ៖ លុយកាក់គឺជារឿងដ៏សំខាន់ក្នុងការកសាងសុភមង្គល អ្នកមិនអាចកសាងសុភមង្គលគ្រួសារមួយបានទេ បើគ្មានលុយនោះ។ ត្រង់ចំណុចនេះ លោកអ្នកគួរតែពិភាក្សាគ្នាឲ្យបានច្បាស់លាស់មុនពេលរៀបការថាគួរចាត់ចែង និងមានគម្រោងរកលុយកាក់យ៉ាងម៉េចពេលរស់នៅជាមួយគ្នា និងជាពិសេសសូម្បីមុនពេលរៀបការថាតើពួកគេមានលុយប៉ុន្មានដើម្បីត្រៀម។
២. កូន៖ លោកអ្នកគួរនិយាយគ្នាឲ្យបានច្បាស់លាស់ជាមុនអំពីបញ្ហាកូន ព្រោះពេលខ្លះបញ្ហាកូនអាចជាឧបសគ្គក្នុងការសាងសុភមង្គលគ្រួសារ។ លោកអ្នកគួរពិភាក្សាថាត្រូវយកកូនប៉ុន្មាននាក់ ប្រុសឬស្រីជាដើម ហើយត្រូវអប់រំ និងទំនុកបម្រុងឲ្យកូនរៀនសូត្រយ៉ាងម៉េច។
៣. អាជីព/ការងារ៖ មុននឹងសម្រេចចិត្តរៀបការ លោកអ្នកត្រូវមានការងារ ឬអាជីពអ្វីមួយច្បាស់លាស់សមរម្យសិន ឬយ៉ាងហោចណាស់គួរមានដើមទុន និងផែនការប្រកបអាជីវកម្មឲ្យបានច្បាស់លាស់ដើម្បីរកចំណូលទ្រទ្រង់ជីវភាពគ្រួសារ។
៤. ពេលទំនេរ៖ ត្រូវនិយាយគ្នាឲ្យបានច្បាស់អំពីការប្រើប្រាស់ពេលវេលាទំនេរពីកិច្ចការងារ (ពេលវេលាផ្ទាល់ខ្លួន និងពេលវេលារួម)ក្នុងពេលរស់នៅជាមួយគ្នាជាប្តីប្រពន្ធ។ បញ្ហានេះវាតូចតាច តែបើអ្នកមិនព្រមជជែកគ្នាជាមុនរកគន្លឹះ ដើម្បីឲ្យទំនាក់ទំនងគ្រួសារបានចុះគ្នាទេ នោះវានឹងក្លាយទៅជារឿងធំមិនខាន។
៥. សិច និងភាពល្អូកល្អឺន៖ ចំណង់ចំណូលចិត្តក្នុងជីវភាពផ្លូវភេទ និងភាពស្និទ្ធស្នាលជាមួយគ្នាជាប្តីប្រពន្ធក៏គួរពិភាក្សាគ្នាឲ្យបានច្បាស់លាស់ថាគួរធ្វើបែបណាទើបល្អ។ លោកអ្នកមិនអាចធ្វើអ្វីតាមតែចិត្តខ្លួនឯងចង់នោះទេ ត្រូវចាំថាអ្នកជាមនុស្សពីរនាក់ តែរស់នៅក្នុងចិត្តតែមួយរួមគ្នា។
៦. ចំណងគ្រួសារ៖ បន្ទាប់ពីរៀបការ លោកអ្នកនឹងត្រូវមានសមាជិក និងចំណងញាតិច្រើន ក្នុងនោះមានបងប្អូននៃគ្រួសារទាំងសងខាង ឪពុកម្តាយទាំងសងខាង យាយតាទាំងសងខាង កូនក្មួយទាំងសងខាង ព្រមទាំងញាតិមិត្តផ្សេងៗ។ ដូច្នេះ លោកអ្នកគួរពិភាក្សាជាមួយគ្នាថាគួរធ្វើយ៉ាងម៉េចក្រោយពេលរៀបការរួច ពោលគឺត្រូវចេះរក្សាទំនាក់ទំនង និងជួយគ្រួសារ និងញាតិមិត្ត។
៧. កត្តាផ្សេងៗ៖ ក្រៅពីបញ្ហាទាំង៦ខាងលើ លោកអ្នកក៏គួរគិតពិភាក្សាគ្នាជាមួយគ្នាជាមុនអំពីបញ្ហាផ្សេងៗទៀត ដូចជា ការប្រើប្រាស់របស់របរ ការនិយាយស្តីជាមួយគ្នា ការប្រឹក្សាយោបល់ និងលើកទឹកចិត្តគ្នា ព្រមទាំងការប្រើអំពើហិង្សាជាដើម៕ (ប្រភព៖ yourtango.com)
ដោយ៖ សុមឿន

